អឺរ៉ុប​ចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​បណ្តោះអាសន្ន​

12-02-2019 9:02 am 9066
  ស្តាប់
ស្តាប់ជាសំឡេង

​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​បានឲ្យដឹងថា សហភាព​អឺរ៉ុប បាន​ចាប់ផ្តើមនីតិវិធីផ្អាក ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ជា​បណ្តោះអាសន្ន សម្រាប់​ការនាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ ប្រព័ន្ធ EBA​នេះ អាច​នឹង​លុបចោល​ប្រសិនបើ​ប្រទេស​ទទួលផល មិន​គោរព​សិទិ្ធមនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។​

​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បានបញ្ជាក់​ថា ការសម្រេច​ចាត់វិធានការ​បែបនេះ បន្ទាប់​ពី​មើល​ឃើញ​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​និតិរដ្ឋ​នៅ​កម្ពុជា​នៅក្នុង​រយៈពេល ១៨​ខែ​ចុងក្រោយ​នេះ​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​ចាត់ទុកការសម្រេច​នេះ ជា​ភាពអយុត្តិធម៌​បំផុត ព្រោះ​នេះ​បង្ហាញឲ្យឃើញថា សហភាព​អឺរ៉ុប បាន​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរឲ្យកត់សម្គាល់ ដែល​ប្រទេស​កម្ពុជា​បានសម្រេច ទោះបី​រងគ្រោះ ដោយ​សោកនាដកម្ម កន្លងមក​ថ្មីៗ​នេះ យ៉ាងណាក៏ដោយ ក្នុង​ការអនុវត្ត​អនុសញ្ញា​ត​អន្តរជាតិ​ជាច្រើន ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​កម្មវិធី​នេះ ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​។​

​រដ្ឋាភិបាល ក៏​បាន​បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍ បេសកម្ម​របស់​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា​កន្លងទៅ និង​ខកចិត្ត ចំពោះ​កង្វះ​តម្លាភាព របស់​សហភាព​អឺរ៉ុប ដែល​មិន​បាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ដែល​សហភាព​អឺរ៉ុប បាន​យក​ធ្វើជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេច​ចិត្ត​លំអៀង​របស់ខ្លួន​។​

​សូមបញ្ជាក់​ថា ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន សហភាព​អឺរ៉ុប​បានឲ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៩​ពាន់​លាន​ដុល្លារ​ចូលទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៨​កន្លងមក​។ ផលិតផល​កាត់ដេរ បន្លែ និង​ម្ហូបអាហារ និង​ចក្រយាន មាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​មួយ​នេះ ហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារ​អាមេរិក សុទ្ធតែ​ស្ថិត​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

 ពាក្យគន្លឹះ  សហភាពអឺរ៉ុប​ EBA

ព័ត៌មានផ្សេងទៀត