មន្ត្រី​រកឃើញ​កុលាលភាជន៍​សម័យអង្គ​រ​មួយ ក្នុង​តំបន់​អប្សរា​

11-02-2019 4:18 pm 819
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហៃ ហ៊​ត និង​កញ្ញា ឆេង វុច​នា បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញ​កុលាលភាជន៍​បុរាណ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ ក្នុងភូមិ​រហាល ឃុំ​នគរធំ ក្រុង​-​ខេត្តសៀមរាប និង​បាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្អាត ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​រក្សាទុក ។ នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ...

​លោក ហៃ ហ៊​ត បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា កុលាលភាជន៍​នេះ​ប្រទះឃើញ​នៅ​បរិវេណ​ស្ថានីយ៍​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ពេល​ក្រុម​ការងារ​ជីកដី​ក្នុង​ជម្រៅ​២​តឹក ដើម្បី​យក​អាចមន៍​ដី​ទៅ​បណ្តុះ​កូនឈើ កាលពី​ខែ​ធ្នូ ឆ្នាំទៅ ។ កុលាលភាជន៍​នេះ នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែង​តែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី ។​

​លោក​បន្តថា ដោយសារ​លោក​ជា​បុគ្គលិក​បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា បានដឹង​ព័ត៌មាន​ខ្លះៗ​នៃ​ការគ្រប់គ្រង​បុរាណ​វត្ថុ លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុមការងារ​និង​បាន​ឯកភាព​ប្រគល់​កុលាលភាជន៍​នេះ ជូន​អាជ្ញាធរ​ជាតិ​អប្សរា ។​

​អ្នកស្រី សឹង ស្រី​ទូច បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គ​រ ជំនាញ​ផ្នែក​កុលាលភាជន៍ បានបញ្ជាក់​ថា កុលាលភាជន៍​នេះ ជា​កុលាលភាជន៍​ខ្មែរ កម្ពស់​១៥​សង់ទីម៉ែត្រ ទំហំ​១៦​សង់ទីម៉ែត្រ លម្អ​ដោយ​ក្បាច់​ឆ្នូត​គូៗ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត មក​ពី​ឡ​ទ័ព​ជ័យ ផលិត​នៅ​ចន្លោះ​ស​.​វ​ទី​១១ ដល់​ទី​១៣ ក្នុង​សម័យ​អង្គរ ។ 

​អ្នកស្រី​បន្ត​ថា ក្រោយពី​ទទួល​កុលាលភាជន៍ អ្នកជំនាញ​នឹង​យក​ទៅ​លាង​សម្អាត ដក​ជាតិ​អំបិល និង​ជួសជុល​វា​ឱ្យបាន​ល្អ មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​តាំងពិព័រណ៍ ។​

​អ្នកស្រី​ស្រី​ទូច​បន្តថា មួយ​​រយៈ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​តម្លៃ​នៃ​កេរ​មរតក​ដូនតា ដែល​គាត់​រកឃើញ​ដោយ​ចៃដន្យ ហើយ​តែង​យក​វត្ថុ​បុរាណ​ទាំងនោះ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​អភិរក្ស និង​រក្សា​ទុក ៕

ព័ត៌មានផ្សេងទៀត