មេបក្ស​ប្រឆាំង​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​៖​​បិទ​ជំនួយ​​អន្ដរជាតិ​​ជា​អំពើ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្សជាតិ​

11-02-2019 1:39 pm 1839
  ស្តាប់
​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូពេលផ្ដល់បទសម្ភាសន៍
ស្តាប់ជាសំឡេង

​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ ដែលមាន​ការទទួលស្គាល់​ប្រមាណ​៥០​ប្រទេស ឲ្យ​លោក​ធ្វើជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​វេ​ណេ​ហ្ស៊ូ​អេ​ឡា បានចេញ​ការព្រមាន​ដល់​យោធា​កាលពី​ថ្ងៃទី​១០​កុម្ភៈ​ថា ការទប់ស្កាត់​មិនឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ក្នុងប្រទេស ប្រៀបដូចជា​ការប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ​ដូច្នេះ​ដែរ​។ ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ជំនួយ​អន្ដរជាតិ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ ជំនួយ​មនុស្សធម៌​ក៏​កំពុងមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើតេស្ដ​ឆន្ទៈ​របស់លោក​ហ្គៃ​ដូ​និង​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ផងដែរ​។​

​ថ្នាំពេទ្យ​និង​អាហារ​ដែល​អាមេរិក​បាន​បញ្ជូនទៅវេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ជាប់គាំង​ត្រឹម​ប្រទេស​កូឡុំប៊ី​បី​ថ្ងៃ​មកហើយ ដោយសារតែ​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បិទ​ស្ពាន​ឆ្លងកាត់​ព្រំដែន​មិនឲ្យ​ចរាច​រកើត​។ នៅ​ខាង​ភាគី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មាន​ក្រុមគ្រូពេទ្យ​ជាច្រើនរូប បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​ការរារាំង​ជំនួយ​មនុស្សធម៌​នេះ ហើយ​ទទូចថា​ត្រូវតែ​បើកផ្លូវ​ឲ្យ​រថយន្ដដឹក​ជំនួយ​ចូលមក​ជាបន្ទាន់ ព្រោះ​ប្រជាជន​ជាច្រើន​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។ វា​ជា​ការទទួលខុសត្រូវ​ខ្ពស់​ណាស់ ហេតុនេះ​គួរ​បង្ហាញ​ឲ្យ​សាធារណជន​បានឃើញ​។

​លោក​ហ្គៃ​ដូ​ចាត់ទុក​ទង្វើ​របស់​កង​ទ័ព គឺជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​យ៉ាងច្បាស់​។ លោក​សង្កត់ធ្ងន់ថា យោធា​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ក្រុមបាតុករ និង​បញ្ជាក់​ពី​ក្បួនព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​១២​កុម្ភៈ ដែល​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​។ ក្បួន​នេះ​ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​និង​រម្លឹក​ពី​ការចងចាំ ដល់​អ្នកស្លាប់​ចំនួន​៤០​នាក់ ក្នុង​ការតវ៉ា​ចាប់​ផ្ដើមឡើង​តាំងពី​ថ្ងៃទី​២១​មករា​។​

​លោក​ហ្គៃ​ដូក៏​បានប្រកាសនឹង​ផ្ដល់​ការលើកលែងទោ​សដល់​សមាជិក​យោធា ឲ្យតែ​ពួកគេ​ដើរ​ចេញពី​លោក​ម៉ា​ឌូ​រ៉ូ ប៉ុន្ដែ​យោធា​នៅតែ​ប្រកាន់​ជំហរ​គាំទ្រ​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​ដដែល​។ កាលពី​ថ្ងៃទី​១០​កុម្ភៈ យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថែមទាំង​ប្រកាស​ធ្វើ​សមយុទ្ធ​ទូទាំងប្រទេស ចាប់ផ្ដើម​ពី​ថ្ងៃទី​១៥​កុម្ភៈ​ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​។ ការ​បញ្ចុះបញ្ចូល​របស់​បក្សប្រឆាំង គ្មាន​ឥទ្ធិពល​ឲ្យ​យោធា​ផ្លាស់ប្ដូរ​គោលជំហរ​ឈប់​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​បានឡើយ​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្នវេណេ​ហ្ស៊ូ​អេ​ឡា​កំពុងប្រឈ​មនឹង​វិបត្ដិនយោបាយ ក៏ដូចជា​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ទាក់ទង​នឹង​វិបត្ដិនយោបាយ កំពុង​មានការ​ប្រទាញប្រទង់​ទាមទារ​ទម្លាក់​ប្រធានាធិបតី​បច្ចុប្បន្ន​ចេញពី​តំណែង ក្រោម​ហេតុផល​ដឹកនាំ​ប្រទេស​មិន​បានល្អ​។ មេបក្ស​ប្រឆាំង​បានប្រកាស​តែងតាំង​ខ្លួនឯង​ជា​មេដឹកនាំ​បណ្ដោះអាសន្ន ស្ថិតក្រោម​ការគាំទ្រ​ពី​អន្ដរជាតិ ខណៈដែល​ខាង​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡាក៏មាន​ការគាំទ្រ​ពី​អន្ដរជាតិ​ដូចគ្នា​។ ប្រទេស​ដែល​គាំទ្រ​ភាគី​ម្ខាងៗ​បាន​ប្រឆាំង​គ្នា​ទៅវិញទៅមក បង្ក​ជា​ភាពចម្រូងចម្រាស​កាន់តែ​ស្មុគស្មាញ​។​

​រីឯ​វិបត្ដិ​សេដ្ឋកិច្ច​វិញ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ម៉ា​ឌូ​រ៉ូ សេដ្ឋកិច្ច​របស់​ប្រទេស​សំបូរ​ប្រេង​មួយ​នេះ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​។ ក្រៅពី​ជួប​ភាពក្រីក្រ​ប្រជាជន​ជាច្រើន​លាន​នាក់ បាន​ចាកចេញ​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា ឆ្ពោះទៅកាន់​ប្រទេស​ក្បែរ​ខាង​ដើម្បី​ស្វែងរក​ជីវភាព​ប្រសើរ​ជាង​មុន​។ នេះហើយ​ជា​ដើមចម​ដែល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវការ​ជំនួយ​ពី​អន្ដរជាតិ​ជា​ចាំបាច់ ប៉ុន្ដែ​ក្រោយ​ប្រទាំង​ប្រទើស​គ្នា​កាន់តែខ្លាំង កងទ័ព​ក៏​សម្រេច​បិទ​ច្រកព្រំដែន​លែងឲ្យ​ដឹក​ជំនួយ​ចូល​។ រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ខឹង​បំផុត គឺ​អាមេរិក​ដែល​លូកដៃ​ឈឺឆ្អាល​រឿង​ផ្ទៃក្នុង​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត