ACU៖ ការស៊ើបអង្កេត​លើ​អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី មិនមែន​ធ្វើ​តាម​បណ្តឹង​NGO​ទេ​

11-02-2019 10:25 am 1262
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បើក​ការស៊ើបអង្កេត​លើ​អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី លោក គឹម រស្មី បន្ទាប់​ពី​បែកធ្លាយ​វីដេអូ​ចែក​លុយ​ឲ្យ​កូនៗ​ចំនួន​៥០​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ខួបកំណើត​ខ្លួន​។ យ៉ាងណាមិញ ការបើក​ការស៊ើបអង្កេត​នេះ ត្រូវបាន​ប្រធាន​ACU បាន​អះអាង​ថា មិនមែន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង របស់​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ឡើយ គឺ​អង្គភាព បាន​បើក​ការស៊ើបអង្កេត តាំងពី​មាន​តម្រុយ​មុននេះ​ម្ល៉េះ​។​

​នេះ​បើ​តាម​ប្រសាសន៍ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​ប្រាប់​សារព័ត៌មាន​Fresh News នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ​។​

​ការបញ្ជាក់​របស់​ប្រធាន​ប្រឆាំង​អំពើពុករលួយ​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​លោក រស់ សារ៉ុម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ កុម្ភៈ បាន​ដាក់ពាក្យ​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​លើ លោក គឹម រស្មី អតីត​មេបញ្ជាកា​រ​អាវុ​ហត្ថ ខេត្ត​រតនគិរី ដែល​បាន​ចែក​លុយ​ឲ្យ​កូនៗ​៥០​ម៉ឺន​ដុល្លារ ដែល​លោក​សង្ស័យថា ជា​លុយ​ពុករលួយ​។​

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី នៅក្នុង​ពិធី​ខួបកំណើត​របស់ខ្លួន បាន​ប្រកាស​នៅ​លើ​វេទិកា ចែក​លុយ​ដល់​កូនៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។ ក្រោយ​បែកធ្លាយ​វីដេអូ នៃ​ការចែក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន​ផ្ទុះ​ប្រតិកម្ម ហើយ​នៅ​ថ្ងៃទី​០៩ កុម្ភៈ ព្រះមហាក្សត្រ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លុបឈ្មោះ​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​៕

 

 ពាក្យគន្លឹះ  ACUលោកគឹមរស្មី

ព័ត៌មានផ្សេងទៀត