ដើម្បីកែលម្អប្រព័ន្ធរំដោះទឹក និងប្រព័ន្ធប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀងដែលតែងតែបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តគម្រោងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូដើម្បីពង្វាងទឹកកខ្វក់ចេញពីទន្លេបាសាក់ តូច ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ការអនុវត្តគម្រោងខាងលើនេះគឺចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះរួមមាន៖
១.ជីកដាក់បណ្តាញលូមេពង្វាងទឹកកខ្វក់ចេញពីទន្លេបាសាក់តូចដែលមានទំហំមុខកាត់១,២ម៉ែត្រ និង១,៥ម៉ែត្រ ប្រវែង២,៦៦០ម៉ែត្រ តាមបណ្តោយមហាវិថីសម្តេចសុធារស និងកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់បឹងកេងកង១ខណ្ឌចំការមន
២.សាងសង់អាងស្តុកទឹកក្រោមដីដែលមានចំណុះ៣,០០០ម៉ែត្រគូប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមទឹក៤.៥ម៉ែត្រគូប/វិនាទី នៅសួនច្បារស្ពាននាគភ្លោះក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
៣.សាងសង់អាងស្តុកទឹកក្រោមដីចំណុះ១០០ម៉ែត្រគូប និងបំពាក់ម៉ូទ័រស្វ័យប្រវត្តិ ដែលមានសមត្ថភាពបូមទឹក ៥០០ម៉ែត្រគូប/ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕