ក្រសួងការបរទេស​​ថ្កោលទោស​​លោក​សម រង្ស៊ី​ ដែល​ឲ្យ​កងទ័ព​​បះបោរ​ប្រឆាំង​​រដ្ឋាភិបាល​

10-02-2019 10:32 am 1368
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​លោក​សម រង្ស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។​

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេ​ស​ចេញ​ថ្ងៃទី​៩ កុម្ភៈ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី បានធ្វើ​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី​ក្រៅប្រទេស ទាមទារ​ដល់​សហគម​ន៍​អន្តរជាតិ ឲ្យ​ចោទសួរ​ពី​ធម្មានុរូប​ភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ​ឲ្យ​កង​យោធពលខេមរភូមិន្ទ និង​ប្រជាជន ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​របស់លោក​ហ៊ុន សែន​។​

​លោក​សម រង្ស៊ី ដែល​ហៅ​ការបោះឆ្នោត​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ថា​មិនមាន​ធម្មានុរូប​ភាព  ត្រូវ​ក្រសួងការបរទេស​កម្ពុ​ជា ថា​គ្មាន​មូលដ្ឋាន និង​គ្រាន់តែ​ជា​វោហា​សាស្ត្រ​នយោបាយ​ដដែលៗ ចំពោះ​រាល់​ការបោះឆ្នោត​ថ្នាក់ជាតិ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ដែល​លោក​សម រង្ស៊ី​ទទួល​បរាជ័យ​រហូតមក ប៉ុណ្ណោះ​។​

​ក្រសួងការបរទេស​កម្ពុជា ចាត់ទុក​លោក​សម រង្ស៊ី ជា​ជន​ប្រជាភិថុតិ ជន​ប្រជា​កល​និយម​ប្រកបដោយ​គ្រោះថ្នាក់ ជាតិនិយម​ហួសហេតុ និង​ប្រកាន់ពូជសាសន៍ ហើយ​តែង​ឃោសនា​ឲ្យមាន​ការបែកបាក់​ក្នុងសង្គ​ម និង​ការផ្លាស់ប្តូរ​របប​ដោយ​មធ្យោបាយ​ហិង្សា​។ ដូច្នេះ ការអំពាវនាវ​ទាំងនេះ គឺ​គ្រាន់តែ​ជាការ​អុចអាល និង​ញុះញង់ ដើម្បី​តែ​មហិច្ឆតា​ចង់បាន​អំណាច​របស់លោក​សម រង្ស៊ី តែប៉ុណ្ណោះ​។ 

​ក្រសួងការបរទេស ក៏​បានបញ្ជាក់​ជាថ្មី​ចំពោះ​ជំហរ​រដ្ឋាភិបាល​កម្ពុជា ដែល​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​សហគមន៍​អន្តរជាតិ មិន​ឲ្យមាន​ការជ្រៀតជ្រែ​ក​កិច្ចការ​ផ្ទៃក្នុង និង​ត្រូវគោរព​អធិបតេយ្យភាព​របស់​កម្ពុជា ដើម្បីឲ្យ​កម្ពុជា​អាច​បន្តដំណើរ​លើ​មាគ៌ា​របស់ខ្លួន ឆ្ពោះទៅរក​សាមគ្គីភាព​ជាតិ ការពង្រឹង​ថែមទៀត​នូវ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការលើកកម្ពស់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ីកងទ័ព

ព័ត៌មានផ្សេងទៀត