លោក​ផៃ​ស៊ីផា​ន​៖ កម្ពុជា​មិន​ឱ្យ​តម្លៃ​លើ​របាយការណ៍​របស់​អង្គការ​Freedom House​ទេ​

09-02-2019 3:37 pm 2215
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House បាន​ចេញ​របាយការណ៍​អំពី​លម្ហ​សេរីភាព​នៅ​កម្ពុជា​ថា «​មិន​សេរី​» ដោយ​ដាក់​ពិន្ទុ​ដល់​កម្ពុជា​ចំនួន ២៦ លើ ១០០ ដែល​លេខ​០ គឺ​មិន​សេរី​សោះ ចំណែកឯ​១០០ គឺ​សេរី​ខ្លាំង ។ មន្ត្រី​រាជរដ្ឋាភិបាល បាន​ថ្លែង​បដិសេធ​ច្រានចោល​នូវ​របាយការណ៍​នេះ និង​ថា កម្ពុជា​មិន​ឱ្យ​តម្លៃ​ទៅលើ​របាយការណ៍​នេះ​ទេ ព្រោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា ។ លោក មាស នី អ្នកវិភាគ និង​តាមដាន​សង្គម​បាន​មានប្រសាសន៍ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិបាក​ក្នុង​ការលាក់លៀម​ពី​អង្គការ​អន្តរជាតិ តែ​យ៉ាងណាក៏ដោយ អ្វី​ដែល​សំខាន់​នោះ រាជរដ្ឋាភិបាល​គួរតែ​ពិនិត្យ​ខ្លួនឯង​ឡើងវិញ និង​ធ្វើ​យ៉ាងណា ត្រូវ​ទាញ​ស្ថានការណ៍​ឱ្យ​ប្រក្រតី​វិញ ដើម្បី​លើក​កិត្តិយស​រាជ​រដ្ឋភិបាល​ឡើង​បាន ...

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​វិទ្យុ​វាយោ​ថា កម្ពុជា​មិន​ឱ្យ​តម្លៃ​ទៅលើ​របាយការណ៍​ដែល​ដាក់ពិន្ទុ​ថា សេរីភាព​នៅ​កម្ពុជា «​មិន​សេរី​» របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ទេ ព្រោះ​ជា​របាយការណ៍​ដែល​លើកឡើង​តាម​អារម្មណ៍ ពុំ​មាន​ការថ្លឹងថ្លែង​ការពិត​នៅ​កម្ពុជា​ទេ ។ 

​លោក​បញ្ជាក់ថា កម្ពុជា​មិន​ស្ថិត​នៅក្នុង​បញ្ជី​អាក្រក់​របស់​អង្គការ​សហប្រជាជាតិ​ទេ ខណៈ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​កសាង​ប្រទេស​ចាកចេញ​ពី​ការជិះជាន់ ជ្រៀតជ្រែក​ពី​បរទេស​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ត្រូវបាន​ស្រង់​សម្តី​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​នេះ មិន​ឆ្លុះបញ្ចាំង​លើ​ទិដ្ឋភាព​រួម​នៃ​សេរីភាព​របស់​ពលរដ្ឋ​ទេ គឺ​ផ្តោត​ទៅលើ​តែ​មួយ​ផ្នែក គឺ​សិទ្ធិ​នយោបាយ​ប៉ុណ្ណោះ តែ សេរីភាព​ជា​ទូទៅ សម្រាប់​ពលរដ្ឋ​កម្ពុជា​មាន​ភាពល្អប្រសើរ ។​

​លោក​ថា បើ​មើល​ជា​រួម​នៃ​ទិដ្ឋភាព​បច្ចេកទេស​នៃ​សិទ្ធិ​សេរីភាព​លើ​គ្រប់​វិស័យ មាន​ការរីកចម្រើន​គួរ​ឱ្យ​សម្គាល់ តាមរយៈ​សុខសន្តិភាព កម្រិត​នៃ​ការអភិវឌ្ឍ ការកាត់បន្ថយ​ភាពក្រីក្រ កំណើន​សេដ្ឋកិច្ច​ជា​ដើម ។ 

​លោក​បន្តថា «​របាយការណ៍​នេះ មាន​ចរិត​ជា​នយោបាយ​ច្រើន​ជាង ដោយ​ផ្តោត​ទៅលើ​តែ​ទិដ្ឋភាព​នយោបាយ គឺ​មាន​ការអនុវត្ត​ច្បាប់​ទៅលើ​ក្រុម​សង្គម​ស៊ីវិល អនុវត្ត​ច្បាប់​ទៅលើ​បណ្តាញសារព័ត៌មាន ការអនុវត្ត​ច្បាប់​ទៅលើ​គណបក្ស​នយោបាយ​ដែល​បំពាន​ច្បាប់ ។ អ៊ីចឹង​ពេល​យើង​អនុវត្ត​ច្បាប់​លើ​ក្រុម​ទាំងអស់​នេះ គាត់​វាយតម្លៃថា សេរីភាព​មាន​ការធ្លាក់ចុះ » ។​

​អង្គការ​ឃ្លាំមើល​សេរីភាព​នៅ​ពិភពលោក (Freedom House) កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញផ្សាយ​របាយការណ៍​អំពី​កម្រិត​សេរីភាព​នៅលើ​ពិភពលោក ហើយ​រកឃើញថា កម្ពុជា «​មិន​សេរី​» ។ វិធីសាស្ត្រ​កំណត់​សេរីភាព​បាន​កំណត់​ថា ប្រទេស​ដែល​បាន​ពិន្ទុ​០ មានន័យ​ថា «​មិន​សេរី​ខ្លាំង​» ហើយ​ពិន្ទុ​១០០ ជា​ប្រទេស​ដែល «​មាន​សេរីភាព​ខ្លាំង​» ។​

​របាយការណ៍​នេះ គឺជា​ការឃ្លាំមើល​សិទ្ធិសេរីភាព​ក្នុង​ឆ្នាំ​២០១៨ ដោយ​បាន​ដាក់​ពិន្ទុ​ឱ្យ​កម្ពុជា ២៦ លើ ១០០ ខណៈ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ត្រូវបាន​ដាក់​ពិន្ទុ​ឱ្យ​ថា «​មិន​សេរី​» ដូចគ្នា​ដែរ ដោយ​ពិន្ទុ ៣០ លើ ១០០ ។​

​ការធ្លាក់ចុះ​៤​ពិន្ទុ ពី​៣០ មក​២៦ នេះ គឺ​នៅក្នុង​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ស៊ីវិល ។ ក្នុង​របាយការណ៍​បាន​លើកឡើង​ដោយ​យោង​លើ​ការបោះឆ្នោត​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ថា មិន​បាន​ផ្តល់​ជម្រើស​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នកបោះឆ្នោត បង្កើត​ឱ្យមាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឯក​បក្ស គណៈកម្មាធិការ​បោះឆ្នោត​មាន​ទំនាក់ទំនង​នឹង​បក្ស និង​ការមិន​អនុញ្ញាត​ឱ្យ​វត្តមាន​បក្សប្រឆាំង​ធំជាងគេ​ចូលរួម​បោះឆ្នោត ។​

​របាយការណ៍​ដដែល​បង្ហាញថា ប្រទេស​ជិតខាង​របស់​កម្ពុជា ក៏ «​មិន​សេរី​» ដែរ ដោយ​ក្នុង​នោះ ប្រទេស​ឡាវ​ទទួលបាន​ពិន្ទុ ១៤ លើ ១០០, វៀតណាម ២០ លើ ១០០ និង​ថៃ ៣០ លើ ១០០ ។ កម្ពុជា​ត្រូវបាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០ ដែល​មាន​ការវិវឌ្ឍ​គួរឱ្យ​ចាប់អារម្មណ៍ ក្នុង​អំឡុង​នៃ​ការឃ្លាំមើល​នេះ ដែល​ការវិវឌ្ឍ​នេះ ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ ហើយ​គួរតែ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ឆ្នាំ​២០១៩ ។​

​របាយការណ៍​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការពារ​ការ​កាន់អំណាច​ស្ទើរតែ​ទាំងស្រុង​របស់​លោក នៅក្នុង​ការបោះឆ្នោត​ផ្អៀង​ទៅ​ម្ខាង ដែល​ធ្វើឡើង​ក្រោយពេល​គណបក្សប្រឆាំង​សំខាន់​ជាងគេ ត្រូវបាន​រំលាយ ហើយ​សារព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​បិទ ។​

​លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ត្រូវបាន​ស្រង់​សម្តី​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិច​ថា ការទទួល​បាន​ពិន្ទុ​ទាប​ខ្លាំង​នេះ បង្ហាញ​ពី​ការធ្លាក់​ចុះ​សេរីភាព​មូលដ្ឋាន សេរីភាព​ផ្នែក​ស៊ីវិល​នៅ​កម្ពុជា ដែល​កាន់តែ​អាក្រក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ។​

​លោក​ស្រី​ថា ការដាក់​ចំណាត់​ថ្នាក់​ថា «​មិន​សេរី​» បានបញ្ជាក់​ថា មាន​ការធ្វើ​ឱ្យ​ខូច​ដល់​សេរីភាព ក្នុង​ប្រទេស​នេះ ក្រោយពេល​បិទ​លម្ហ​សម្រាប់​សង្គម​ស៊ីវិល​, ការអនុម័ត​ច្បាប់ និង​បញ្ញត្តិ ដែល​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​, ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បក្សប្រឆាំង​, ការ​បៀតបៀន​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​ប្រព័ន្ធ​តុលាការ និង​ការកើនឡើង​នៃ​ការឃ្លាំមើល​លើ​ប្រព័ន្ធ​ឌីជីថល ។ កត្តា​ទាំង​នេះ ធ្វើឱ្យ​ខូច​ដល់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។​

​លោកស្រី​បន្ត​ថា ដើម្បី​ឱ្យ​មាន​សេរីភាព​ពិតប្រាកដ​នៅ​កម្ពុជា យើង​ត្រូវតែ​ហ៊ាន​និយាយ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌​ដោយ​គ្មាន​ការភ័យខ្លាច ។​

​លោក មាស នី អ្នកវិភាគ និង​តាមដាន​សង្គម បាន​ប្រាប់​វិទ្យុ​វាយោ​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិបាក​ក្នុង​ការលាក់លៀម​ពី​អង្គការ​អន្តរជាតិ ។ យ៉ាងណាក៏ដោយ អ្វី​ដែល​សំខាន់​បំផុត រាជរដ្ឋាភិបាល​គួរតែ​ពិនិត្យ​ខ្លួនឯង​ឡើងវិញ និង​ធ្វើ​យ៉ាងណា​ត្រូវ​ទាញ​ស្ថានការណ៍​ឱ្យមក​ប្រក្រតី​ឡើងវិញ ដើម្បី​លើក​កិត្តិយស​រដ្ឋាភិបាល​ឡើង​បាន​…
​សំឡេង​លោក មាស នី ៖

ព័ត៌មានផ្សេងទៀត