ទីតាំង​​ច្បាស់​ការ​ដែល​លោក​ត្រាំ​​និង​លោក​គីម​​ត្រូវ​ជួប​គ្នា​​នៅ​វៀតណាម​​គឺ​ទីក្រុង​ហាណូយ​

09-02-2019 11:44 am 1036
លោកត្រាំនិងលោកគីម​ក្នុងកិច្ចជំនួបលើកទីមួយ

​កិច្ច​ជំនួប​ដែល​អន្ដរជាតិ​កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ គឺ​ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​និង​២៨​ខែ​កុម្ភៈ​នេះ​ហើយ​។ កន្លងមក​លោក​ដូណាល់ ត្រាំ​បានប្រកាស​ពី​ប្រទេស ដែល​ជ្រើស​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ជំនួប គឺ​ប្រទេស​វៀតណាម​។ ប៉ុន្ដែ​មិន​បាន​បញ្ជាក់ថា​នៅ​ទីកន្លែង​ណាមួយ​នៃ​ប្រទេស​វៀតណាម​ទេ​។ 

​ទើប​តែ​កាលពី​ថ្ងៃ​សុក្រ​លោក​ដូណាល់ ត្រាំ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​របស់​លោក​ថា ទីក្រុង​ហាណូយ​គឺជា​កន្លែង​ដែល​លោក​ត្រូវ​ជួប​លោក​គីម​។ លោក​បន្ថែមថា ពិតជា​ទន្ទឹង​រង់ចាំ​កិច្ច​ជំនួប​លើក​ទី​ពីរ​នេះ ដើម្បី​ជា​ផលប្រយោជន៍​នៃ​បុព្វហេតុ​សន្ដិភាព​។ លោក​សង្កត់ធ្ងន់​ថា មន្ដ្រី​របស់​លោក​បាន​ជួប​ជាមួយ​មន្ដ្រី​កូរ៉េខាងជើង ដែល​ការពិភាក្សាគ្នា​សម្រេចបាន​លទ្ធផល​ជា​ច្រើន ក្នុងនោះ​មាន​ការកំណត់​កាលបរិច្ឆេទ​សម្រាប់​រៀប​ចំ​កិច្ច​ជំនួប​របស់លោក​និង​លោក​គីម​ផងដែរ​៕

ព័ត៌មានផ្សេងទៀត