ម្ចាស់​បង​​ស្ដេច​ថៃ​​ប្រកាស​​ចូលរួម​​ការបោះឆ្នោត​​ប្រជែង​យក​តំណែង​​នាយករដ្ឋមន្ដ្រី​

08-02-2019 12:24 pm 2517
  ស្តាប់
រូបភាពព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រា​ចា​កាន់​យ៉ា
ស្តាប់ជាសំឡេង

​ម្ចាស់​បង​របស់​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​ជា​ស្ដេច​ថៃ​បច្ចុប្បន្ន បានប្រកាស​ចូលរួម​កា​រ​បោះឆ្នោត​សកល​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ ដើម្បី​ប្រជែង​ជាមួយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​និង​បេក្ខជន​ដទៃទៀត ដណ្ដើមយក​តំណែង​នាយករដ្ឋមន្ដ្រី​។ នេះ​ជា​រឿង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថៃ ដែលមាន​សែ​រាជ្យ​វង្ស​ចូល​ប្រជែង​ការបោះឆ្នោត​។ ការប្រកាស​ត្រូវបានធ្វើ​ឡើង​ដោយ​គណបក្ស​ថៃ​រក្សា​ជាតិ​(Thai Raksa Chart) ជា​គណបក្ស​កើតចេញពី​គណបក្ស​ភឿ​ថៃ​របស់​គ្រួសារ​ស៊ីណាវ៉ាត្រា​។ ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រា​ចា​កាន់​យ៉ា ក៏​ត្រូវបាន​គណបក្ស​ប្រកាស​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​រួចហើយ​ដែរ ដោយមាន​ការទទួលស្គាល់​ពី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នាយករដ្ឋមន្ដ្រី​បច្ចុប្បនុ្ន​ថែមទៀត​។ 

​តាម​ការបញ្ជាក់​ពី​មេដឹកនាំ​គណបក្ស​ថៃ​រក្សា​ជាតិ​បានឲ្យដឹងថា គណបក្ស​ជឿជាក់​លើ​ព្រះ​នាង​ព្រោះ​ព្រះ​នាង​ជា​មនុស្ស​មាន​សមត្ថភាព និង​ជា​បេក្ខភាព​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​តំណែង​នាយករដ្ឋមន្ដ្រី​។ គណបក្ស​សង្ឃឹម​នឹង​គ្មាន​បញ្ហា​ផ្នែក​ច្បាប់​កើតឡើង​ទេ ប៉ុន្ដែ​យ៉ាងណាមិញ​ត្រូវ​រង់ចាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​ព្រះ​នាង​សិន​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ តម្រូវឲ្យ​តែងតាំង​បេក្ខជ​ន​នាយករដ្ឋមន្ដ្រី​ទាំងអស់​នៅ​ថ្ងៃទី​១៥​កុម្ភៈ​។​

​ចំណែក​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​ប្រកាស​ផងដែ​រថា លោក​នឹងចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ពេលខាងមុខ​ដូចគ្នា​។ ដូច្នេះ​លោក​នឹងត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​ដទៃទៀត រួមជាមួយ​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រា​ចា​កាន់​យ៉ា ដែលជា​គូប្រជែង​ដ៏​ខ្លាំង​មួយរូប​ផងដែរ​។ ចំពោះ​លោក​ប្រា​យុទ្ធ​ហាក់​ប្រឈម​បញ្ហា​បន្ដិច ដោយសារតែ​ពេលនេះ​លោក​កំពុង​រង​ការរិះគន់ ក្រោយពេល​មាន​ផ្សែង​ពុល​វាយប្រហារ​ក្នុង​ទីក្រុង​បាងកក ដែល​រដ្ឋាភិបាល​រក​ដំណោះស្រាយ​មិនទាន់​ឃើញ​។ វា​អាចជា​កត្ដា​តូច​មួយ​ធ្វើឲ្យ​លោកប្រា​យុទ្ធ ធ្លាក់​ប្រជាប្រិយភាព​មុនពេល​បោះឆ្នោត​។​

​គួរ​បញ្ជាក់ថា ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រា​ចា​កាន់​យ៉ា ព្រះជន្ម​៦៧​វស្សា ជា​បុត្រី​ច្បង​របស់​អតីត​មហាក្សត្រ​ថៃ​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត និង​ម្ចាស់​ក្សត្រី​សិរី​គីត​។ ប៉ុន្ដែ​ព្រះ​នាង​បាន​បោះបង់​តំណែង​ក្នុង​រាជ្យ​វង្ស​ចោល​ក្នុង​ឆ្នាំ​១៩៧២ ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​Peter Ladd Jensen​។ ព្រះ​នាង​និង​ស្វាមី​រស់នៅ​ជាមួយ​កូន​ពីរ​នាក់​ក្នុង​ទឹកដី​អាមេរិក​រហូតដល់​ឆ្នាំ​១៩៩៨​។ ក្រោយពី​លែងលះ​ជាមួយ​ស្វាមី ព្រះ​នាង​ក៏បាន​វិល​មក​រស់នៅ​ក្នុងប្រទេស​ថៃ​វិញ​ក្នុង​ឆ្នាំ​២០០១​។​

​ទាក់ទង​នឹង​ការសិក្សា ព្រះ​នាង​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត​សហរដ្ឋអាមេរិក ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ដ្រ​គណិតវិទ្យា​។ ក្រោយមក​ព្រះ​នាង​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សុខភាព​សាធារណៈ នៅ​សាកលវិទ្យាល័យ​កាលីហ្វ័​ញ៉ា​ក្នុង​ទីក្រុង​ឡូ​ស​អេន​ជឺ​លេស​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត