អ្នកជំនាញ​UN៖​​ករណី​សម្លាប់​​អ្នកកាសែត​​អា​រ៉ាប៊ីសាអូឌីត​​ជា​ផែន​ការរៀបចំ​ទុ​ក​ដោយ​មន្ដ្រី​ធំ​

08-02-2019 10:37 am 889
  ស្តាប់
រូបថតលោកJamal Khashoggi
ស្តាប់ជាសំឡេង

​ករណី​សម្លាប់​អ្នកកាសែត​ជនជាតិ​អា​រ៉ាប៊ីសាអូឌីត ដែល​បង្ក​ការភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​នោះ មិនទាន់មាន​ព័ត៌មាន​លម្អិត​បញ្ជាក់ថា​នរណា​នៅ​ពីក្រោយ​ឡើយ​។ ប៉ុន្ដែ​បើតាម​ការអះអាង​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស៊ើបអង្កេត​លើ​ករណីនេះ​បានឲ្យដឹងថា ការសម្លាប់​លោក Jamal Khashoggi គឺជា​ផែនការ​រៀបចំ​ទុកជាមុន​របស់​មន្ដ្រី​អា​រ៉ាប៊ីសាអូឌីត​។ 

​លោក​Khashoggi ជា​អ្នកសារព័ត៌មាន​កាសែត​Washington Post និង​ជា​អ្នក​ធ្លាប់​រិះគន់​ដល់​របប​ដឹកនាំ​អា​រ៉ាប៊ីសាអូឌីតផង​នោះ ត្រូវបាន​គេ​ធ្វើឃាត​នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំប្រទេស​តួក​គី កាលពី​ថ្ងៃទី​០២​តុលា​ឆ្នាំមុន​។ តួ​ក​គី​អះអាងថា​អ្នក​ធ្វើឃាត​រូបលោក បញ្ជូន​មកពី​អា​រ៉ាប៊ីសាអូឌីត​។ កន្លងមក​មាន​ការចោទប្រកាន់​ថា ព្រះអង្គម្ចាស់​Mohammed bin Salman​ជា​អ្នក​នៅ​ពីក្រោយ តែ​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​បដិសេធ​ដាច់ខាត​។​

​ដោយឡែក​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ លោកស្រី​Agnes Callamard​និយាយថា ភស្ដុតាង​ដែល​ប្រមូលបាន​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​ទៅ​តួ​ក​គី បង្ហាញថា​Khashoggi​គឺជា​ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​យ៉ាង​សាហាវឃោឃៅ​បំផុត​។ វា​ជា​ការរៀបចំ​ផែនការ​ទុកជាមុន​ដោយ​មន្ដ្រី​អា​រ៉ាប៊ីសាអូឌីត ហើយ​ករណី​ឃាតកម្ម​របស់លោក​ក៏​ត្រូវគេ​ធ្វើ​ព្រងើយកន្ដើយ គ្មាន​ការស៊ើបអង្កេត​ហ្មត់ចត់​ទេ​។​

​ប្រទេស​តួ​ក​គី​ធ្លាប់បាន​បញ្ជាក់ថា លោក​Khashogg​ត្រូវបាន​មនុស្ស​មួយក្រុម​មាន​គ្នា​១៥​នាក់​សម្លាប់ ពេល​លោក​ចូល​ទៅដល់​ស្ថាន​កុងស៊ុល​។ សាកសព​របស់លោក​ត្រូវបាន​កាត់​ជា​បំណែក ហើយ​កម្ទេចចោល​ដោយ​ប្រើ​ទឹក​អាស៊ី​ត ដែល​រហូត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៤​ខែ​ហើយ​នៅតែ​រក​សាកសព​មិនឃើញ​។ ក្រោយ​កើតហេតុ​អា​រ៉ាប៊ីសាអូឌីតក៏​ចាប់ខ្លួ​ន​មន្ដ្រីជាន់ខ្ពស់​ជាច្រើន​នាក់  ប៉ុន្ដែ​អា​រ៉ាប៊ីសាអូឌីតនៅ​តែរង​ការរិះគន់​យ៉ាងខ្លាំង ហើយក៏​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន ពិសេស​គឺ​ប្រទេស​លោកខាងលិច​និង​អាមេរិក​៕

ព័ត៌មានផ្សេងទៀត