ក្រសួង​អប់រំ​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ថ្ងៃបុណ្យ​១៤​កុម្ភៈ​

08-02-2019 9:35 am 936
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ថ្មី ដោយ​ដាក់​ចេញ​នូវ​វិធានការ​៤​ចំណុច ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ ១៤ កុម្ភៈ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។

​វិធានកា​រទាំង​៤​ចំណុច​នោះ​រួមមាន​៖

១៖ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំឱ្យ​មាន​ការយល់​ខុស អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​។​

២៖ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

៣៖ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។​

៤៖ ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ​កែ​ល​ម្ផ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​។

​សូមបញ្ជាក់​ថា ការដាក់ចេញ​សេចក្តីណែនាំ​នេះ​ធ្វើឡើង បន្ទាប់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine's Day) ជា​ឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​។​

​ក្រសួង​បញ្ជាក់ថា ទិវា​នេះ​ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណ៌​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ ភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណ៌ជាតិដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង​៕

ព័ត៌មានផ្សេងទៀត