កីឡាករ​​​Sala​​ពិតជា​ស្លាប់​​ក្នុង​គ្រោះថ្នាក់​​ធ្លាក់​យន្ដហោះ​មែន​ សាកសព​ទើប​រកឃើញ

08-02-2019 8:56 am 1198
រូបថតកីឡាករ​Emiliano Sala​ដាក់ឲ្យ​អ្នកគាំទ្រ​គោរពវិញ្ញាណក្ខន្ធ

​តាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឲ្យដឹងថា សាកសព​ដែល​ក្រុម​ស្វែងរក​យក​ចេញពី​ក្នុង​បំណែក​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ គឺជា​សាកសព​របស់​កីឡាករ​បាល់ទាត់​Emiliano Sala​។ សាកសព ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​រកឃើញ​កាលពី​ថ្ងៃ​ពុធ នៅក្បែរ​កន្លែង​ដែល​យន្ដហោះ​ធ្លាក់ ជិត​កោះ​Guernsey​របស់​អង់គ្លេស ហើយ​បញ្ជូនទៅ​កំពង់ផែ​Portland​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​។ ទីបំផុត​ក្រុម​ជំនាញ​បញ្ជាក់ថា សាកសព​នេះ​ពិតជា​លោក​Emiliano Sala​មែន​។​

​សូម​រម្លឹកថា កីឡាករ​បាល់ទាត់​សញ្ជាតិ​អា​ហ្សង់​ទីន​Sala បាន​បាត់​ខ្លួន​ជាមួយ​អ្នកបើកបរ​David Ibbotsonកាលពីថ្ងៃទី​២១មករា​។ Sala​មាន​អាយុ​២៨​ឆ្នាំ ត្រូវបាន​ក្លឹប​Cardiff​ទិញ​ពី​Nantes ក្នុងតម្លៃ​១៥​លាន​ផោន ហើយ​គ្រោង​នឹង​ចូល​ហ្វឹកហាត់​កាលពី​ខែ​មុន​។ ថ្ងៃ​ដែល​លោក​ធ្វើដំណើរ​ចេញពី​ក្លឹប​Nantes​ឆ្ពោះទៅ​Cardiff យន្ដហោះ​ដែល​លោក​ជិះ​ក៏​បាត់​ការទាក់ទង​តែម្ដង​។ ចំពោះ​មូលហេតុ​ដែល​បណ្ដាលឲ្យ​យន្ដហោះ​ធ្លាក់ នៅ​មិនទាន់មាន​ការបញ្ជាក់​ទេ​៕​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត