ជំនួប​លើក​ទី​ពីរ​​លោក​ត្រាំ​​និង​លោក​គីម នឹង​ធ្វើឡើង​​នៅ​វៀតណាម​​ថ្ងៃទី​២៧-២៨​កុម្ភៈ​

06-02-2019 12:29 pm 1695
ប្រធានាធិបតីអាមេរក(ស្ដាំ)និងមេដឹកនាំកូរ៉េខាងជើង​ពេលជួបគ្នាកន្លងមក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹង​ប្រព្រឹត្ដទៅ​ក្នុង​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​២៧-២៨​កុម្ភៈ​នេះ​ហើយ​។ 

​លោក​ថ្លែង​ប្រាប់​សមាជិកសភា​ថា “​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក បាន​ត្រឡប់មក​ផ្ទះ​វិញ ការសាកល្បង​នុយក្លេអ៊ែរ​បាន​បញ្ឈប់ ហើយ​គ្មាន​ការបាញ់​មី​ស៊ី​ល​ទេ​ក្នុង​រយៈពេល​១៥​ខែ​កន្លងមកនេះ​។ ប្រសិនបើ​ខ្ញុំ​មិន​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី តាម​ទស្សនៈ​ខ្ញុំ​ពេលនេះ ប្រហែលជា​យើង​កំពុង​ធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូរ៉េ​ខាងជើង​ទៅហើយ​។ ទោះបីជា​មាន​កិច្ចការ​ជាច្រើន​ត្រូវ​បន្ដ​អនុវត្ដ​ទៅមុខ ប៉ុន្ដែ​ទំនាក់ទំនង​រវាង​ខ្ញុំ​ជាមួយ​លោក​គីម ជុង​អ៊ុន គឺជា​រឿង​ល្អ​មួយ​។​” 

​យ៉ាងណាមិញ​របៀបវារៈ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ លោក​ត្រាំ​មិនទាន់​បង្ហើប​ឲ្យដឹង​ទេ ។ តែ​តាម​អ្វី​ដែល​គេ​ប៉ាន់ស្មាន​ទុក កិច្ច​ជំនួប​លើក​នេះ ក៏​មាន​ការជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ដែរ​។​
​សូម​រម្លឹកថា កិច្ច​ជំនួប​លើក​ទី​មួយ​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​មុន នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ កាល​នោះ​សម្រេចបាន​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន​៕

ព័ត៌មានផ្សេងទៀត