រដ្ឋមន្ត្រី​អប់រំ​៖ កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលា​នឹងចូលរួម​កាន់តែ​សកម្ម​ក្នុង​វិស័យ​អប់រំ​

04-02-2019 11:54 am 1660
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើង​ថា កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន ដែល​បាន​បើក​បវេសនកាល​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ នឹងចូលរួម​កាន់តែ​សកម្ម ក្នុង​ការពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ពិធី​បើក​បវេសនកាល​កម្មវិធី​នេះ កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ...

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែមថា កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន បាន​បង្កើតឡើង​ដើម្បី​ជា​ការពង្រឹង​សមត្ថភាព​ខ្លួនឯង និង​សម្រាប់​ជា​ការពង្រឹង​ដល់​ការដឹកនាំ និង​បង្រៀន​នៅ​ក្នុង​សាលារៀន ។​

​លោក ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លើកឡើងថា កម្មវិធី​នេះ មាន​គោលបំណង​បង្កើត​អ្នកដឹកនាំ​សាលារៀន​បែប​សតវត្ស​ទី​២១ ដែល​អាច​នាំ​យក​ចំណេះដឹង​សកល​ទៅកាន់​សាលារៀន និង​អនុវត្ត​ពិតៗ និង​បង្កើត​ភាពជា​ម្ចាស់​សមាគម ក្នុង​ការអភិវឌ្ឍ​សាលារៀន និង​កសាង​ទំនុកចិត្ត រៀបចំ​យុវជន​ឱ្យ​ក្លាយជា​ធនធាន​នៅក្នុង​ពិភព​ចំណេះដឹង សេដ្ឋកិច្ច និង​ជា​ពលរដ្ឋ​ជា​សកល ។​

​គូសបញ្ជាក់ថា «​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន​»  ផ្តោត​លើ​ការអនុវត្ត​ជាក់ស្តែង​៧៥% និង​ទ្រឹស្តី​២៥% ។ លក្ខខណ្ឌ​ចម្បង​សម្រាប់​បញ្ចប់​ការសិក្សា គឺ​អ្នកសិក្សា​ត្រូវ​បង្ហាញ​នូវ​ភាព​រីកចម្រើន នៃ​សាលា​របស់​ខ្លួន ។ ចំពោះ​សាស្ត្រាចារ្យ​សម្រាប់​បង្រៀន​ផ្នែក​ទ្រឹស្តី ជួយ​បង្វឹក ណែនាំ អនុវត្ត ដែល​មាន​បទពិសោធន៍​អនុវត្ត​គម្រោង​សរុប​ចំនួន​៤៥​នាក់ ក្នុងនោះ បណ្ឌិត​៣០% និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៧០% ។​

​ទន្ទឹមនឹងនេះ កម្មវិធី​នេះ មាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ នាយក​សាលា​គំរូ និង​អ្នកជំនាញ ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សិក្ខាសាលា​បំប៉ន ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​សាលារៀន ដល់​អ្នក​សិក្សា ។ កម្មវិធី​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​ពិភពលោក ប្រគល់​ឱ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​អ្នក​ទទួល​បណ្តុះបណ្តាល ៕

ព័ត៌មានផ្សេងទៀត