ចិន​ជំរុញ​អាមេរិកកុំឲ្យ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ស្តីពីអាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​

03-02-2019 1:57 pm 1458
  ស្តាប់
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកនៅខាងស្តាំលោកវ៉ាល្លា ឌីមៀពូទីនប្រធានាធិបតីរុស្ស៊ី
ស្តាប់ជាសំឡេង

​មន្ត្រី​ចិន​និយាយថា សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​(INF) រវាង​អាមេរិក​និង​រុស្ស៊ី គឺមាន​សារសំខាន់​ណាស់ នៅក្នុង​ការគ្រប់គ្រង​អាវុធ​និង​រំសាយ​អាវុធ​។ សន្ធិសញ្ញា​មួយ​នេះ មាន​សារសំខាន់​ដ៏​ធំធេង ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង រវាង​មហាអំណាច នៅក្នុង​ការពង្រឹង​សន្តិភាព​អន្តរជាតិ និង​តំបន់ និង​ការរក្សា​តុល្យភាព​យុទ្ធសាស្ត្រ​សកល​និង​ស្ថេរភាព​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​សេចក្តីថ្លែងការណ៍​ដដែល ឲ្យដឹងទៀតថា ប្រទេស​ចិន​ជំទាស់​ទៅនឹង​សកម្មភាព​ដកខ្លួន​ចេញពី សន្ធិសញ្ញា INF​របស់​សហរដ្ឋអាមេរិក ហើយ​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី ដោះស្រាយ​ភាពខុសគ្នា​របស់​ពួកគេ ឲ្យបាន​ត្រឹមត្រូវ តាមរយៈ​ការសន្ទនា ដែលមាន​លក្ខណៈ​ស្ថាបនា​។ បន្ថែម​លើ​នេះ​ចិន​បាន​ព្រមាន​ថា ការដកខ្លួន​ចេញ​ដោយ​ឯកតោភាគី អាច​បង្កឲ្យមាន​ផលវិបាក​អវិជ្ជមាន​។ ចិន​បាន​និយាយ​ផងដែ​រថា ខ្លួន​មិន​គាំទ្រ​ការបង្កើត​កិច្ចព្រមព្រៀង​ត្រួតត្រា​អាវុធ​ពហុភាគី ដើម្បី​ជំនួស​សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម​ឡើយ​។ ក្រសួងការបរទេស ថា​បញ្ហា​ទាំងនោះ មាន​ភាពស្មុគស្មាញ​ពេក ហើយ​ថា​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ គួរតែ​ត្រូវបាន​រក្សាទុក​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​។​

​សេចក្តីថ្លែងការណ៍​ជំទាស់​របស់​ចិន ធ្វើឡើង​ក្រោយ​អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម កាលពី​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៩ ដោយសារតែ​រុស្ស៊ី​រំលោភ​លើ​សន្ធិសញ្ញា​នេះ តាមរយៈ​ការ​ដាក់ពង្រាយ​សម្ភារៈ​មី​ស៊ី​ល​។ អាមេរិក ត្រូវ​ប្រើពេល​៦​ខែ ដើម្បី​ដំណើរការ​នីតិវិធី​ដកខ្លួន​ជា​ស្ថាពរ​។ យ៉ាងណា អំឡុង​ពេលនេះ ប្រសិនបើ​រុស្ស៊ី​វិលត្រឡប់​ទៅ អនុវត្ត​ឲ្យបាន​ពេញលេ​ញ​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង អាមេរិក​នឹង​ពិចារណា​ការដកខ្លួន​ឡើងវិញ​។ ប៉ុន្តែ​រុស្ស៊ី​បាន​ប ដិ​សេធ បំពាន​លើ​កិច្ចព្រមព្រៀង និង​ចោទ​អាមេរិក​ថា បង្កើត​លេស បញ្ចប់​កិច្ចព្រមព្រៀង ដើម្បី​មាន​សេរីភាព​ពេញលេញ នៅក្នុង​ការអភិវឌ្ឍ​សព្វាវុធ​ថ្មីៗ​។​

​សូមបញ្ជាក់ថា សន្ធិសញ្ញា​ស្តីពី អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម ត្រូវបាន​ចុះ​ហេត្ថលេខា ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan និង​មេដឹកនាំ​សហភាពសូវៀត លោក​Mikhaïl Gorbatchev​នៅ​ឆ្នាំ​១៩៨៧​។ ការបង្កើតឲ្យមានស​ន្ធិ​សញ្ញា​នេះឡើង ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា ក្នុងសម័យ​សង្គ្រាមត្រជាក់​។ សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម ចងក្រង​ដោយ​បង្កប់​ខ្លឹមសារ ហាម​មិន​ឲ្យប្រើ​មី​ស៊ីល​គ្រប់​ប្រភេទ រួមមាន​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​សម្រាប់​សង្គ្រាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ ៥០០​ទៅ ៥០០០​គីឡូម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត