កម្ពុជា​ប្រកាស​ស្វាគមន៍​ចារកម្ម​អាមេរិក​ដែល​មាន​បំណង​ស្វែងរក​ការពិត​នៃ​មូលដ្ឋានទ័ព​បរទេស​

02-02-2019 1:36 pm 3994
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការពារជាតិ​បានប្រកាស​ស្វាគមន៍​ចារកម្ម​អាមេរិក ដែល​មាន​បំណង​ចង់​ស្វែងរក​ការពិត​នៃ​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា ។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក ចេញ​របាយការណ៍​ស្តីពី​ការវាយតម្លៃ​លើ​ការគំរាមកំហែង ទូទាំង​ពិភពលោក​របស់​លោក កាលពី​ចុង​ខែ​មករា ឆ្នាំនេះ​...

​ក្រសួងការពារជាតិ​កម្ពុជា បានប្រកាស​ស្វាគមន៍​ជានិច្ច ចំពោះ​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក ដែល​មាន​បំណង ចង់​ស្វែងរក​ការពិត លើ​ការសង្ស័យ​ណាមួយ​ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា និង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អំពី​បញ្ហា​នេះ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ។​

​ក្រសួង​ការពារជាតិ​ក៏​បាន​បញ្ជាក់ថា បើ​ក្នុង​ករណី​ដែល​រក​មិនឃើញ​ភស្តុតាង ឬ​ទឡ្ហីករណ៍​ច្បាស់លាស់​ទេ សូម​ឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ប្រឌិត ញុះញង់ លាប​ពណ៌ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​តទៅ​ទៀត ។ 

​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក ចេញ​របាយការណ៍​ស្តីពី​ការវាយតម្លៃ​លើ​ការគំរាមកំហែង​ទូទាំង​ពិភពលោក កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ។ 

​ក្រសួង​ការពារជាតិ បានចាត់ទុក​របាយការណ៍​នេះ ជា​របាយការណ៍​ញុះញង់ គ្មាន​មូលដ្ឋាន បែប​វិទ្ធង្សនា​របស់​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក បង្ក​ឱ្យ​មាន​ការភាន់ច្រឡំ ដល់​សាធារណ​ជាតិ និង​អន្តរជាតិ មកលើ​ឯករាជ្យភាព​របស់​កម្ពុ​ជា ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​របស់​ក្រសួង​ការពារជាតិ បានសរសេរថា «​របាយការណ៍​ស្តីពី​ការវាយតម្លៃ​លើ​ការគំរាមកំហែង​ទូទាំង​ពិភពលោក​របស់​សហរដ្ឋអាមេរិក បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​នូវ​ចេតនា​អាក្រក់​មួយ ក្នុង​ការជ្រៀតជ្រែក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ និង​ជា​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​លាប​ពណ៌​មកលើ​ឯករាជ្យ អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា ទោះបីជា​មាន​ការបំភ្លឺ​ផ្លូវច្បាប់ និង​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់ ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​វត្តមាន​កងទ័ព​បរទេស​ក៏​ដោយ » ។​

​ក្រសួង​ការពារជាតិ​ក៏​បាន​រំឭកថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​រុំ​ា​រ៉ៃ ដែល​ផ្តើមចេញ​ពី​រដ្ឋប្រហារ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ឆ្នាំ​១៩៧០ និង​ធ្លាប់​រងគ្រោះ​ដោយ​វត្ត​មាន​កងទ័ព​បរទេស​នៅលើ​ទឹកដី ដូច្នេះហើយ កម្ពុជា​ក៏​មិន​ចាំបាច់​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ទទួល​វត្ត​មាន​កងទ័ព​បរទេស​នោះ​ដែរ ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ថា ទោះបី​កម្ពុជា​ពេលនេះ​មាន​លទ្ធភាព​កែប្រែ​រដ្ឋធម្មនុញ្ញ​ក៏​ដោយ ក៏​លោក​ប្រកាស​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះឡើយ ៕

ព័ត៌មានផ្សេងទៀត