សិល្បៈល្ខោនតុក្កតារបស់ខ្មែរ ត្រូវបានរកឃើញថា បានកើតឡើងតាំងពីសម័យមុនកសាងអង្គរវត្តមកម្ល៉េះ នេះដោយយោងតាមសិលាចារឹកលេខ K១៥៥ ជាសិលាចារឹកនៅប្រាសាទលលៃ ។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ មិនអាចរកតឹកតាងបញ្ជាក់បានថា តើតុក្កតានេះធ្វើពីអ្វី មានរូបភាពបែបណាទេ ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ក្នុងសង្គមកម្ពុជាទាំងមូល មាននៅសេសសល់ទម្រង់ល្ខោនតុក្កតានេះយ៉ាងតិចតួចបំផុត ឬអាចនិយាយបានថា គ្មានល្ខោនតុក្កតាសោះក៏ថាបាន ។ វាជាប្រការមួយគួរឱ្យខ្មាសអៀន ដែលកម្ពុជាមានប្រវត្តិជាក់លាក់ ធ្លាប់មានសិល្បៈតុក្កតារាប់ពាន់ឆ្នាំមកហើយ តែបែរជាគ្មានទម្រង់សិល្បៈតុក្កតានេះទៅវិញ ក្នុងពេលបច្ចុប្បន្ន...
មិនខុសគ្នាប៉ុន្មានពីប្រវត្តិសិល្បៈសៀក ដែលមានរូបចម្លាក់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រាសាទបាពួន ប្រាសាទបាយ័ន ព្រលានជល់ដំរី ជាដើម បង្ហាញយើងជាភស្តុតាងថា ខ្មែរមានសិល្បៈសៀក ។ ប៉ុន្តែ រូបភាពជាក់ស្តែងពិតប្រាកដនៅក្នុងសង្គម និងជាផ្លូវការស្ទើរតែគ្មានសោះ តាំងពីយូរលង់ណាស់មកហើយ គឺទើបតែត្រូវបានយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងបង្កើតសិល្បៈសៀកជាផ្លូវការ ក្នុងអំឡុងឆ្នាំ១៩៨០ ប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ។
ធ្ងន់ជាងសិល្បៈសៀកទៅទៀត សិល្បៈល្ខោនតុក្កតា បើយោងតាមឯកសារសិលាចារឹក ដែលដូនតាយើងបានសាងទុកឱ្យ ហើយដែលបានសិក្សាស្រាវជ្រាវ ដោយហ្មត់ចត់ ដោយអ្នកស្រី ពៅ សាវរស់ បញ្ជាក់ថា ខ្មែរមានសិល្បៈតុក្កតានេះ តាំងពីសម័យមុនកសាងប្រាសាទអង្គរវត្តមកម្ល៉េះ ។ នេះបើផ្អែកលើឯកសារសិលាចារឹកលេខ K១៥៥ ជាសិលាចារឹកនៅប្រាសាទលលៃ កាលបរិច្ឆេទចុងសតវត្សទី៩ (៨៩៣) រជ្ជកាលព្រះបាទយសោវរ្ម័ន ជំនឿព្រហ្មញ្ញសាសនា ដែលមានចែងពីសិល្បៈការិនី សម្តែងសិល្បៈតុក្កតា ឧទ្ទិសថ្វាយចំពោះអាទិទេពសូរៈស្វតិ «Svarasvati» អាទិទេពតំណាងវោហារពីរោះ និងសិល្បៈ «The goddess of Eloquence and Arts» នោះ ។ គ្រាន់តែយើងមិនបានដឹងប្រាកដថា តើតុក្កតានោះ ធ្វើអំពីអ្វី? មានរូបភាពយ៉ាងណា? ជាតុក្កតាដែលជើតដោយដងសន្ទូច ដូចស្បែកតូច ឬអាយ៉ង ឬក៏តុក្កតាដែលប្រើខ្សែព្យួរសម្រាប់ញាក់ ឬក៏មានលក្ខណៈផ្សេងប៉ុណ្ណោះ?
ក្នុងការសិក្សាស្រាវជ្រាវរកព័ត៌មានជាច្រើនឆ្នាំ ស្តីពីទស្សនិយភាពល្ខោនតុក្កតានេះ កាលពីច្រើនឆ្នាំមុនសង្ក្រាន្តឆ្នាំ១៩៧០ បានផ្ទុះឡើងនោះ យើងធ្លាប់ឮលោកសាស្ត្រាចារ្យ ប៉ុល សំអឿន សាស្ត្រាចារ្យសាលាល្ខោនជាតិ រួចក្រោយមក លោកបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ បានមានប្រសាសន៍ថា កាលពីនៅតូចៗ លោកធ្លាប់បានមើលល្ខោនតុក្កតាធ្វើអំពីដីដុត ដែលអ្នកស្រុកនិយមហៅថា ហ៊ីដុំដី នៅឯស្រុកកំណើតរបស់លោក ក្នុងខេត្តបាត់ដំបង ហើយក្រោយមក តុក្កតាហ៊ីដុំដីនេះ ក៏បានបាត់បង់ទៅដោយមិនដឹងមូលហេតុអ្វីឡើយ ។
មួយទៀត ក្រោយពីរបបប្រល័យពូជសាសន៍ដួលរលំទៅ យើងបានទទួលដំណឹងថា មានភូមិមួយឈ្មោះ ភូមិកំពង់ត្រយ៉ង ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តនោះ ធ្លាប់មានទំនៀមធ្វើរូបតុក្កតាអំពីឈើ តុក្កតាអំពីក្រណាត់ញាត់សំឡីគ ហើយធ្លាប់បានសម្តែងជូនអ្នកស្រុកមើលម្តងម្កាលដែរ ប៉ុន្តែ មិនញឹកញាប់ទេ ។
ក្រៅពីព័ត៌មានស្តីពីសិល្បៈតុក្កតា ដែលសម្តែងជាទស្សនិយភាព ដោយមានអ្នកជើត មានវង់តន្ត្រីប្រគុំជូន និងមានពាក្យចរចារបៀបល្ខោនបែបនេះ ក្រុមអ្នកកត់ត្រា ក៏ធ្លាប់បានមើលផងដែរ កាលនៅពីតូច ក្នុងពិធីបុណ្យបញ្ចុះសីមាវត្ត ដែលអ្នកធ្វើរូបតុក្កតាទាំងនោះ មកពីខេត្តកំពង់ឆ្នាំង ។ ពួកគេធ្វើរូបតុក្កតាដែលរួមជាទិដ្ឋភាពភូមិស្ថាន ស្រុកស្រែចម្ការ បង្ហាញពីទេសភាព និងសកម្មភាពក្នុងភូមិស្រុក ដែលមានវត្តមានអារាម មានវាលស្រែ មានដើមត្នោត គុម្ពឫស្សី បឹងត្រពាំង មានព្រះសង្ឃនិមន្តបិណ្ឌបាត មានដូនចាស់រាប់បាត្រព្រះសង្ឃ នារីៗជាជួរស្ទូងស្រូវ មានគោក្របីស៊ីស្មៅក្នុងវាលស្រែ មានមាន់បណ្តើរកូន និងកូនក្មេងតូចៗលេងល្បែងផ្សេងៗ ឬបក្សីទំលើចុងឈើជាដើម ដែលគេរៀបចំដាក់តាំងនៅលើតុ ឬគ្រែយ៉ាងធំ ហើយរូបភាពទាំងនោះ ចងភ្ជាប់ដោយខ្សែដែលអាចឱ្យធ្វើសកម្មភាពបាន ។ ប៉ុន្តែ ចលនាទាំងនោះ ជាចលនាច្រំដែលៗ ដូចជាព្រះសង្ឃបើកគម្របបាត្រ យាយចាស់រាប់បាត្រ រួចដកដៃមកវិញ ទើបព្រះសង្ឃគ្របបាត្រ ។ នារីៗឱនស្ទូងរួចងើប ឱនងើបៗ សត្វគោក្របីឱនស៊ីស្មៅ រួចងើបក្បាលមើលព្រះសង្ឃ សត្វស្លាបទំលើចុងឈើទទះស្លាបរួចដាក់ស្លាបមកវិញ សត្វមាន់ឱនចឹកចំណីជាដើម ។ល។ ហើយខ្សែចំណងរូបទាំងអស់នេះ ត្រូវចងភ្ជាប់ទៅនឹងខ្សែមេមួយ រួចចងភ្ជាប់ទៅនឹងច្រវាក់កង់ ដែលអាចរវៃបាន ។ កាលណាគេរវៃច្រវាក់កង់នោះទៅ រូបទាំងអស់ដូចរៀបរាប់ខាងលើ ធ្វើសកម្មភាពច្រំដែលបែបនេះជារៀងរហូត ។ គឺអាស្រ័យដោយសកម្មភាពច្រំដែលៗរបៀបជាម៉ាស៊ីន ដូច្នេះហើយទើបអ្នកមើលមួយចំនួនក្នុងសម័យនោះ និយមហៅតុក្កតានោះថា ជាល្ខោនយន្ត ។
មួយចំណែកទៀត នៅក្នុងចន្លោះឆ្នាំ១៩៨៥ - ១៩៩០ ក្រុមអ្នកកត់ត្រា ក៏បានជួបនឹងកសិករម្នាក់ មកពីខេត្តកំពង់ចាម ដែលចេះធ្វើរូបតុក្កតាអំពីឈើ ហើយបានសុំឱ្យលោកធ្វើរូបទាំងនោះ មួយចំនួន ដាក់តាំងនៅរានហាលកណ្តាលវាលមុខផ្ទះ ព្រោះរូបតុក្កតាទាំងនោះ ត្រូវការទីវាល ត្រូវការខ្យល់ ដើម្បីជំរុញឱ្យមានចលនាបាន ។ រូបទាំងនោះ មានរូបយក្ស និងស្វាកាន់ដំបងច្បាំងគ្នា រូបបុរសកិនស្រូវនឹងត្បាល់កិន រូបនារីបុកស្រូវ នារីអុំអង្ករជាដើម ដែលសុទ្ធតែធ្វើអំពីឈើ ហើយមានសំលៀកបំពាក់តាមតួអង្គយក្ស ស្វា ឬកសិករខ្មែរ ។ រូបទាំងនេះ ត្រូវវាយបញ្ឈរជាប់លើរនងឈើមួយយ៉ាងវែងមាំ ហើយដៃដែលមានសន្លាក់តភ្ជាប់គ្នាពីដើមដៃទៅកំភួនដៃ ឬអន្លើដទៃទៀត ដែលចង់ឱ្យធ្វើចលនាបាននោះ ត្រូវចងនឹងសរសៃអំបោះភ្ជាប់ទៅនឹងស្លឹកត្នោតមួយសន្លឹកធំ ស្ងួតល្អ ហើយខាងចុងនៃស្លឹកត្នោតម្ខាងទៀត ក៏ចងដោយអំបោះដូចគ្នា រួចទាញយកអំបោះនោះទៅចងព្យួរបញ្ឈរនឹងរនងឈើមួយទៀត ដែលដាក់ពីខាងលើ ក៏ចងដោយអំបោះដូចគ្នា រួចទាញយកអំបោះនោះ ទៅចងព្យួរបញ្ឈរនឹងរនងឈើមួយទៀត ដែលដាក់ពីខាងលើ ស្របគ្នានឹងរនងដែលវាយរូបតុក្កតាភ្ជាប់នោះ ដោយលៃខ្សែឱ្យធូរល្មម ដើម្បីឱ្យខ្យល់បក់មកប៉ះស្លឹកត្នោត ស្លឹកត្នោតកំរើក រួចទាញរូបតុក្កតាទាំងនោះ ឱ្យមានចលនាឡើង ។
សូមបញ្ជាក់ថា រូបនីមួយៗ ប្រើខ្សែនិងស្លឹកត្នោតមួយដាច់ៗពីគ្នា ។ បើខ្យល់បក់មកខ្សោយនោះ ចលនានៃរូបតុក្កតានោះ ក៏រង្វើលៗទៅតាមកម្លាំងខ្យល់ ។ ប៉ុន្តែ ពេលណាដែលមានខ្យល់បក់មកខ្លាំង ចលនានៃរូបទាំងនោះ កាន់តែញាប់រន្ថើនឡើងៗផងដែរ ។ ឯចលនានោះវិញ គឺជាចលនាច្រំដែលៗ ដូចជាយក្ស ស្វាវាយដំបង បុរសឈ្ងោកខំរុញត្បាល់កិន រួចងើបមកវិញ ។ល។
ក្រៅពីនេះ នៅទូទាំងប្រទេស យើងសង្កេតឃើញមានរូបតុក្កតាផ្សេងទៀតខ្លះដែរ ប៉ុន្តែ ជារូបដែលមិនសូវមានចលនារស់រវើកទេ ដូចជា រូបព្រះឥន្ទ្រ ឬទេវតាជិះដំរី ឬជិះសេះ រូមផ្សំនឹងការប្រើរំសេវឱ្យលាន់ឮសំឡេងផង ដែលគេច្រើនប្រើជាឆ្នួន ក្នុងពិធីបូជាសព ព្រះគ្រូចៅអធិការជាដើម ឬបើមិនដូច្នោះទេ ជារូបតុក្កតានឹងថ្កល់គ្មានចលនាកម្រើកបាន ដែលច្រើនមានរូបភាពយកតាមលំនាំរបាំក្បាច់បុរាណខ្មែរ ក្នុងសំលៀកបំពាក់តាមតួអង្គនាយរោង តួអង្គនាង យក្សនិងស្វាជាដើម ដែលភាគច្រើន ច្រើនជារូបដាក់តាំងលម្អនៅតាមហាងលក់វត្ថុអនុស្សាវរីយ៍ នានាតែប៉ុណ្ណោះ ។
ជារួម បើគិតមកដល់ពេលដែលក្រុមអ្នកកត់ត្រា បានកត់ត្រាអំពីទម្រង់ល្ខោនតុក្កតាចុងក្រោយនេះ ខ្ទង់ខែមិថុនា ឆ្នាំ២០០៣ យើងអាចនិយាយបានថា នៅក្នុងសង្គមកម្ពុជាទាំងមូល មានសេសសល់ទម្រង់ល្ខោនតុក្កតានេះ យ៉ាងតិចតួចបំផុត ឬក៏អាចនិយាយថា គ្មានល្ខោនតុក្កតាសោះក៏ថាបាន ។ ផ្ទុយទៅវិញ មកដល់កាលវេលាដូចគ្នានេះដែរ យើងសង្កេតឃើញសិល្បៈល្ខោនតុក្កតា ក៏ដូចជាគំនូរជីវចល មានការរីកចម្រើនយ៉ាងខ្លាំងបំផុត នៅក្នុងពិភពលោកយើងនេះ ព្រោះមានប្រទេសជាច្រើន ទាំងនៅអឺរ៉ុប អាមេរិក អាហ្វ្រិក ឬតំបន់ដទៃទៀត មានទម្រង់សិល្បៈនេះយ៉ាងសំបូរបែប ហើយជាទីពេញនិយមបំផុត ពីគ្រប់ស្រទាប់ទស្សនិកជន ពិសេសពីកុមារក្នុងគ្រប់ប្រទេស រហូតដល់ប្រទេសជឿនលឿនខ្លះ បង្កើតជាវិទ្យាស្ថានអន្តរជាតិ សិល្បៈតុក្កតា ដូចជា នៅស្ត្រាសូរ្យ ប្រទេសបារាំង ដែលមាននិស្សិតចម្រុះជាតិសាសន៍ ទៅសិក្សារៀនសូត្រ ហើយដែលក្រុមអ្នកកត់ត្រា ក៏ធ្លាប់បានទៅធ្វើទស្សនកិច្ចផងដែរ ។
ចំណែកនៅក្នុងទ្វីបអាស៊ីទាំងមូល ឬប្រទេសជិតខាងយើងវិញ មានប្រទេសជាច្រើន ដែលមានល្ខោនតុក្កតា ដូចជាប្រទេសចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ភូមា ថៃ ឬដូចជាប្រទេសវៀតណាម ដែលមានតុក្កតាសម្តែងក្នុងទឹក ដ៏ល្បីល្បាញជាមោទកភាព ដ៏អស្ចារ្យរបស់ជាតិគេ ។
ផ្ទុយទៅវិញ ជាប្រការគួរឱ្យខ្មាសអៀន ប្រទេសកម្ពុជា ដែលមានប្រវត្តិជាក់លាក់ ជាប្រទេសដែលធ្លាប់មានសិល្បៈតុក្កតារាប់ពាន់ឆ្នាំមកហើយ (នៅតាមប្រាសាទទេវស្ថាននានា) បែរជាគ្មានទម្រង់សិល្បៈតុក្កតានេះទៅវិញ ក្នុងពេលបច្ចុប្បន្ននេះ ។
ការពោលពាក្យខាងក្រោយនេះ មិនមែនបានសេចក្តីថា យើងបញ្ជាក់អំពីគំនិតទុទិដ្ឋិទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺជាកម្លាំងជម្រុញឱ្យយើងរាល់គ្នាជាជនជាតិខ្មែរ ប្រឹងត្រិះរិះពិចារណារកគ្រប់វិធី ដើម្បីបង្កលក្ខណៈងាយស្រួល ឬផ្តល់លទ្ធភាពគ្រប់គ្រាន់សមរម្យ ដល់មនុស្សខ្មែរ ដែលមានទេពកោសល្យច្នៃប្រឌិត ពិសេសដល់អតីតនិស្សិតរបស់យើង ដែលធ្លាប់បានសិក្សារៀនសូត្រវិជ្ជានេះ ឱ្យគ្នាមានចិត្តក្លាហាន សប្បាយរីករាយក្នុងការធ្វើស្នាដៃ ដើម្បីបម្រើជាតិមាតុភូមិរបស់យើង ។
ធ្វើយ៉ាងនេះបានយើងសង្ឃឹមថា សិល្បៈល្ខោនតុក្កតា នឹងរស់ឡើងវិញ ក្នុងរូបភាពជាខ្មែរ រួមចំណែកនៅក្នុងការបង្កការសប្បាយរីករាយឱ្យសង្គមខ្មែរផង រួមចំណែកក្នុងការអប់រំកសាងធនធានមនុស្សខ្មែរផង និងរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមខ្មែរ ដោយមានប្រសិទ្ធិភាពក្នុងកាលអនាគត ៕