លោក​ផៃ ស៊ី​ផាន​​ព្រមាន​ចាត់វិធានការ​​លើ​អ្នក​វ៉ា​រឿង​តម្លៃ​ស្រូវ​ចុះ​ថោក​​

31-01-2019 4:36 pm 6657
  ស្តាប់
ស្តាប់ជាសំឡេង

​រឿង​វិស័យ​កសិកម្ម​ចុះ​ថោក ជាពិសេស​តម្លៃ​ស្រូវ ក្នុងករណី​បើសិន​មាន​តវ៉ា​ចាក់​ស្រូវ​តាមផ្លូវ​ដូច​លើក​មុន​ទៀត លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា អាចជា​អង្គភាព​នយោបាយ​ណាមួយ​ដែល​ចង់​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម ហើយ​រដ្ឋាភិបាល នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក បានផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល គួរតែ​ទម្លាក់​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ និង​ជីវភាព​របស់​ពលរដ្ឋ​។ លោក យ៉ង សាំង​កុមារ បញ្ជាក់ថា ការ​បោះទុន​នេះ ក៏​ជា​ផ្នែក​មួយ​សំខាន់ ក្នុង​ការទប់ស្កាត់​ឈ្មួញ ឬ​អ្នករកស៊ី​វិស័យ​ស្រូវ​-​អង្ករ ដែល​ឆ្លៀតឱកាស​ទម្លាក់​តម្លៃ​ថ្លៃ​ស្រូវ​កម្ពុជា​ផងដែរ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា រដ្ឋាភិបាល​មាន​វិធាន​ត្រឹមត្រូវ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​គោលនយោបាយ បន្ថែម​ពីលើ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ស្វែងរក​ទីផ្សារ​ដើម្បី​រក្សា​នូវ​តម្លៃ​កសិកម្ម ដែលជា​ផលប្រយោជន៍​របស់​កសិក​រ​។ ជាពិសេស​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ទីផ្សារ​កសិកម្ម​ជាដើម​………

​សំឡេង​៖

​យ៉ាងណាក៏ដោយ​កន្លងមក រដ្ឋាភិបាល​ធ្លាប់​ទម្លាក់​កញ្ចប់​ថា​វិកា​របស់​រដ្ឋ ដើម្បី​ទិញស្រូវ​ប្រជាពលរដ្ឋ​ស្តុប​ទុក ក្រោយពី​ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង នាំគ្នា​តវ៉ា​ចាក់​ស្រូវ​នៅ​លើផ្លូវ ដោយសារ​ឈ្មួញ​បាន​ទម្លាក់​តម្លៃ ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​លក់បាន​។​

​នៅពេល​វិទ្យុ​វាយោ​សួរថា តើ​រដ្ឋាភិបាល​មាន​ការព្រួយបារម្ភ ពី​ការ​ងើប​តវ៉ា​របស់​ប្រជាកសិក​ម្ដងទៀត​ដែរ​ទេ​? លោក ផៃ ស៊ី​ផាន បាន​ឆ្លើយថា គ្មាន​ទៀត​ទេ​ចំពោះ​បញ្ហា​នេះ ពីព្រោះ​រដ្ឋាភិបាល​កំពុង​តែមាន​វិធានការ​ដោះស្រាយ​ហើយ​។ ករណី​ប្រសិនបើ​មាន​ការតវ៉ា​យ៉ាង​ដូច្នេះ​ទៀត​នោះ លោក​ថា វា​អាចជា​អង្គភាព​នយោបាយ​ណាមួយ​ដែល​ចង់​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម ហើយ​រដ្ឋាភិបាល នឹង​ចាត់​វិធាន ការ​................

​សំឡេង​៖

​យ៉ាងណាមិញ​សម្រាប់​លោក យ៉ង់ សាំង​កុមារ​ថា ថវិកា​១០០​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​អាច​ប្រើប្រាស់​ជួយ​ទិញស្រូវ ពី​កសិករ​ប្រមាណ ១០​ទៅ​២០​ភាគរយ នៃ​ចំនួន​ស្រូវ​ជិត​២​លាន​តោន​ទូទាំងប្រទេស ហើយ​រដ្ឋាភិបាល ត្រូវ​ហៅ​ខាង​ម៉ាស៊ីនកិនស្រូវ​ក្នុងប្រទេស​មក​ប្រជុំ ដោយ​សម្រេច​ផ្ដល់​ប្រាក់កម្ចី​សម្រាប់​ពួកគេ​ក្នុង​អាត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ទិញស្រូវ​ស្តុក​ទុក ហើយ​ត្រូវ​តាមដាន​លើ​ពួកគេ ថា​ពិតជា​បាន​អនុវត្តតាម​គោលការណ៍​រដ្ឋាភិបាល​ដែរ​ទេ​? បើតាម​លោក យ៉ង សាំង​កុមារ ការធ្វើ​បែបនេះ គឺ​ដើម្បី​ជួយ​ឲ្យ​តម្លៃ​ស្រូវ​ងើប​ឡើងវិញ ហើយ​អាច​ទប់ស្កាត់​ពួក​ឈ្មួញ ឬ​អ្នករកស៊ី​ស្រូវ​-​អង្ករ​បាន​ច្រើន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត