អាមេរិក​-​ចិន​​ប​ន្ដ​ចរចា​​ដោះស្រាយ​​សង្គ្រាម​ពាណិជ្ជកម្ម​​ខណៈ​ការដំឡើង​​ពន្ធ​​ជិត​ចូល​មកដល់​

31-01-2019 10:25 am 1392
រូបភាព​មន្ដ្រី​អាមេរិក-ចិនពេលចរចាគ្នា

​ជាថ្មី​ម្ដងទៀត​មន្ដ្រីជាន់ខ្ពស់​អាមេរិក​និង​ចិន បាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ពុធ ដើម្បី​រក​វិធីសាស្ដ្រ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​។ ការចរចា​នេះ​ធ្វើឡើង​ខណៈ​កាលបរិច្ឆេទ​កំណត់​៩០​ថ្ងៃ ដែល​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ព្រមព្រៀង ដើម្បី​ទុកពេល​ឲ្យ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​រក​ដំណោះស្រាយ នៅសល់តែ​៣០​ថ្ងៃ​ទៀត​នឹង​អស់​សុពលភាព​។ បើ​រយៈពេល​៩០​ថ្ងៃ​ផុតកំណត់ ហើយ​នៅតែ​រក​មិនឃើញ​ដំណោះស្រាយ នោះ​អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​បន្ថែមទៀត មានតម្លៃ​រហូតដល់​២០០​ពាន់​លាន​ដុល្លារ ច្រើនជាង​ទ្វេដង​នៃ​ការដំឡើង​ពន្ធ​ពីមុន​។​

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ កំពុង​ព្យាយាម​យ៉ាងខ្លាំង​បញ្ចប់​ភាពជាប់គាំង ក្នុងន័យ​ស្ដារ​ទំនាក់ទំនង​សេដ្ឋកិច្ច​ឡើងវិញ ប៉ុន្ដែ​មិនទាន់​ទទួលលទ្ធផល​គាប់ចិត្ដ​នៅឡើយ​។ មូលហេតុ​ដែល​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ដោយសារ​លោក​ដូណាល់ ត្រាំ​ខឹង​នឹង​ក្រុមហ៊ុន​ចិន ដែល​លួច​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក ពិសេស​ផ្នែក​បច្ចេកវិទ្យា​។ លោក​ធ្លាប់​លើកឡើងថា ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​គ្មាន​តុល្យភាព​ទេ ដូច្នេះ​ត្រូវ​ពិនិត្យឡើងវិញ​លើ​កិច្ចការ​នេះ ព្រោះ​អាមេរិក​មិន​ចង់​ខាតបង់​ទៀតឡើយ​៕

ព័ត៌មានផ្សេងទៀត