លោក​ហ៊ុន សែន ឯកភាព​សំណើ​ធ្វើ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រុង​-​ស្រុក​៧ចំណុច

29-01-2019 9:20 am 1173

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ឯកភាព លើ​គោលការណ៍​សំខាន់ៗ​ចំនួន​៧​ចំណុច ក្នុង​ធ្វើកំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រុង និង​ស្រុក តាម​សំណើ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ដោយៈ​សៅ វិសាល​

​គោលការណ៍​ទាំង​៧​ចំណុច រួមមាន​៖

១៖ លុបចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ក្រុង ស្រុក ដោយ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​ទាំង​នេះ​ទៅ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក​។​

២៖ ក្នុងការ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង ស្រុក​ត្រូវ​បង្កើត​ជា​អង្គភាព ឬ​ការិយាល័យ​ចង្កោម​វិស័យ​សម្រាប់​វិស័យ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ចង្កោម​វិស័យសេដ្ឋកិច្ច និង​ចង្កោម​វិស័យ​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន លើកលែង​តែ​វិស័យ​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន ដូចជា អប់រំ សុខាភិបាល និង​នគរូបនីយកម្ម ដែល​ចាំបាច់​ត្រូវ​បង្កើត​ជា​អង្គភាព​ដាច់ដោយឡែកៗ​ពីគ្នា​។​

៣៖ ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ ត្រូវ​មាន​ភាពខុសគ្នារ​វាង​រដ្ឋបាល​ក្រុង ដែល​ជា​តំបន់​ទីប្រជុំជន និង​រដ្ឋបាល​ស្រុក​ដែល​ជា​តំបន់​ជនបទ​។ ដោយឡែក​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក​នីមួយៗ ក៏​ចាំបាច់​ត្រូវ​រៀបចំ​ផ្អែក​លើ​វិសាលភាព និង​ស​ក្តាន​ពល​ជាក់ស្តែង​របស់​រដ្ឋបាល​នី​មួយៗ​។​

៤៖ ផ្ទេរ​មុខងារ​ទាំង​ស្រុង ដែល​កំពុង​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​នានា របស់​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ក្រុង ស្រុក​នា​ពេលបច្ចុប្បន្ន និង​មុខងារ​តាម​វិស័យ​ជាក់លាក់​សមស្រប​ផ្សេង​ទៀត​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

​៥៖ ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់​ក្រុង ស្រុក និង​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ចាំបាច់​ផ្សេង​ទៀត​របស់​ក្រសួង ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

​៦៖ ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ការិយាល័យ​ជំនាញ នៅ​ថ្នាក់​ក្រុង ស្រុក និង​បុគ្គលិក​ចាំបាច់​ផ្សេង​ទៀត​របស់​ក្រសួង ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

៧៖ អង្គភាព​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​ថ្មី​នៅ​ថ្នាក់​ក្រុង ស្រុក ត្រូវ​ដំឡើង​ឋានៈ​ឲ្យបាន​សមស្រប​ទៅនឹង​ទំហំ​ការងារ និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​សេវា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​មន្ត្រី​ដែល​មាន​សមត្ថភាព និង​មាន​ជំនាញ​ខ្ពស់​សមស្រប​ស្ម័គ្រចិត្ត ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង ស្រុក​។​

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា ការសម្រេច​រៀបចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រុង ស្រុក​នេះ ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការបំពេញ​តួនាទី និង​ការទទួលខុសត្រូវ​របស់​រដ្ឋបាល​ក្រុង ស្រុក​ក្នុង​នាម​ជា​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕


ព័ត៌មានផ្សេងទៀត