ពីរ​ខែ​ទៀត​​ដល់​ថ្ងៃ​ចេញពី​អឺរ៉ុប តែ​អង់គ្លេស​​ពុំទាន់​ឯកភាព​​លើ​កិច្ចព្រមព្រៀង​​ការពារ​ខ្លួន​ឡើយ​

28-01-2019 11:02 am 1296
  ស្តាប់
រូបភាព​តំណាង​អង់គ្លេសចេញពីអឺរ៉ុប​​និងរូបភាពតំណាងអឺរ៉ុប
ស្តាប់ជាសំឡេង

​ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​កាលពី​ឆ្នាំ​២០១៦ ដែល​ប្រជាជន​អង់គ្លេស​ភាគច្រើន​សម្រេច​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប អង់គ្លេស​ក៏បាន​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប កំណត់​យក​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ដើរចេញ​។ កំណត់​កាលបរិច្ឆេទ​ចាកចេញ​ច្បាស់លាស់ អង់គ្លេស​ក៏បាន​ពិភាក្សា​ជាមួយ​អឺរ៉ុប​បន្ថែមទៀត កំណត់​លើ​លក្ខខណ្ឌ​ការពារ​អង់គ្លេស​បន្ទាប់ពី​ផ្ដាច់ខ្លួន​វិញ​ម្ដង​។ ជា​កិច្ចព្រមព្រៀង​ដែល​អាច​ការពារ​អង់គ្លេស​ពី​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ជាដើម​។​

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ បាន​ចំណាយពេល​រាប់​ខែ ចរចា​ជាមួយ​មន្ដ្រីជាន់ខ្ពស់​តំណាង​អឺរ៉ុប ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​។ នៅពេល​ឯកភាព​ជាមួយ​អឺរ៉ុប​ហើយ លោកស្រី​ត្រូវយក​កិច្ចព្រមព្រៀង​នោះមក​ដាក់ឲ្យ​បោះឆ្នោតនៅ​សភា​អង់គ្លេស ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សមាជិកសភា ក្នុងន័យ​ធ្វើឲ្យ​ប្រាកដថា កិច្ចព្រមព្រៀង​ទទួលបាន​ពិតជា​អាច​ការពារ​អង់គ្លេស​ពី​គ្រោះថ្នាក់ ក្រោយ​ដើរ​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប​។​

​ប៉ុន្ដែ​គ្រប់យ៉ាង​ខុសពី​ការរំពឹងទុក គឺ​សមាជិកសភា​អង់គ្លេស​មិនថាតែ​ខាង​គណបក្សប្រឆាំង សូម្បី​មន្ដ្រី​របស់​អ្នកស្រី​នាយករដ្ឋមន្ដ្រី​ផ្ទាល់ ក៏​ជំទាស់​នឹង​កិច្ចព្រមព្រៀង​ដែរ​។ ការបោះឆ្នោត​ក្នុង​សភា​សម្រេច​ឲ្យប្រើ​ប្រាស់​កិច្ចព្រមព្រៀង គ្រោង​រៀបចំ​នៅ​ចុងឆ្នាំ​២០១៨ ប៉ុន្ដែ​ត្រូវ​លើក​ពេល​ដោយសារ​អ្នកស្រី​នាយករដ្ឋមន្ដ្រី​មើលឃើញថា មតិ​ជំទាស់​មាន​ច្រើនជាង​មតិស្រប​។ ទីបំផុត​ការបោះឆ្នោត​បាន​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែម​ករានេះ ហើយ​លទ្ធផល​នៅតែ​បរាជ័យ​ដដែល មានន័យថា​សមាជិកសភា​បោះឆ្នោត​ប្រឆាំង​ច្រើនជាង​គាំទ្រ​។ 

​មូលហេតុ​ដែល​សមាជិក​សភា​ប្រឆាំង​កិច្ចព្រមព្រៀង ព្រោះ​ពួកគេ​គិតថា​កិច្ចព្រមព្រៀង​នេះ​នៅ​មិនទាន់​គ្រប់​ជ្រុងជ្រោយ អាច​ការពារ​អង់គ្លេស​បានឡើយ​។ អង់គ្លេស​នឹងមាន​គ្រោះថ្នាក់ ដូច្នេះ​វិធីសាស្ដ្រ​ល្អ​បំផុត​ត្រូវ​ចរចា​ជាមួយ​អឺរ៉ុប​ម្ដងទៀត​។ ក៏មាន​ការទទូច​ឲ្យ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប និង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ឡើងវិញ​ផងដែរ​។ ប៉ុន្ដែ​អ្នកស្រី​ម៉េ​បានប្រឆាំង​ដាច់ខាត ដោយ​សុខចិត្ដច​រចាជាមួយ​អឺរ៉ុប​បន្ដទៀត ក៏​មិន​ព្រម​ពន្យារពេល​ឬ​បោះឆ្នោត​ប្រជាមតិ​ឡើងវិញ​ឡើយ​។ កាលបរិច្ឆេទ​ខិត​កាន់តែ​ជិត ប៉ុន្ដែ​អង់គ្លេស​នៅតែ​ខ្វែងគំនិត​លើ​កិច្ចព្រមព្រៀង​ដដែល​។ តើ​អ្នកស្រី​ថេរ៉េសា ម៉េ​អាច​ជោគជ័យ​ក្នុង​ការការពារ​កិច្ចព្រមព្រៀង​នេះ​ទេ​? អ្នកស្រី​អាច​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយមាន​កិច្ចព្រមព្រៀង​ឬទេ ឬក៏​ត្រូវ​ចាកចេញ​ទាំង​ដៃទទេ​?

ព័ត៌មានផ្សេងទៀត