លោកJohn McCallumអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសចិន ត្រូវបានលោក Justin Trudeauនាយករដ្ឋមន្ត្រីកាណាដា បណ្តេញចេញពីតំណែងហើយ បន្ទាប់ពីលោកនិយាយពាក់ព័ន្ធនឹងការធ្វើបត្យាប័ន ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei ។ លោក Justin Trudeau បាននិយាយនៅថ្ងៃសៅរ៍ថា កាលពីយប់ម៉ិញលោកបានស្នើ និងបានទទួលយកការលាលែងពីតំណែង របស់លោកJohn McCallum អគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសចិន។ ប៉ុន្តែលោក Trudeau មិនបានពន្យល់ពីមូលហេតុ នៃការបណ្តេញចេញនោះទេ។
យ៉ាងណាក៏ដោយ ការដកតំណែងអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសចិន ធ្វើឡើងក្រោយពីលោកJohn McCallum បាននិយាយផ្ទុយពីរដ្ឋាភិបាលកាណាដា ពាក់ព័ន្ធនឹងករណីធ្វើបត្យាប័នប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei អ្នកស្រីMeng Wanzhou។ ពេលផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មានចិនថ្មីៗនេះ លោកJohn McCallumនិយាយថា អ្នកស្រីMengមានទឡ្ហីករណ៍ច្បាស់លាស់ សម្រាប់ការពារខ្លួនក្នុងករណីនេះ។ នៅក្នុងនោះ លោកMcCallumបាននិយាយថា ការធ្វើបត្យាប័នអ្នកស្រីMengទៅអាមេរិកអាចធ្វើបាន ប៉ុន្ដែមិនមែនជាលទ្ធផលល្អទេ ហើយនឹងត្រូវចំណាយពេលច្រើនឆ្នាំ ព្រោះអ្នកស្រីអាចដាក់ពាក្យប្ដឹងតវ៉ាតាមផ្លូវច្បាប់។ លោកបាននិយាយទៀតថា ការដោះលែងអ្នកស្រីMengឲ្យមានសេរីភាព ស្ថិតក្រោមការសម្រេចចិត្ដរបស់តុលាការកាណាដា ជាមូលហេតុដោយសារសំណើអាមេរិកគឺគ្មានប្រសិទ្ធភាពទេ។
ក្រោយអត្ថាធិប្បាយបែបនេះរួច នៅថ្ងៃព្រហស្បតិ៍ លោកJohn McCallumបានចេញសេចក្តីថ្លែងការណ៍ បង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង។ ចំពោះអ្វីដែលលោកនិយាយ គ្រាន់តែនិយាយពីដំណើរការស្របច្បាប់របស់អ្នកស្រីMeng តែបានបង្កឲ្យមានការភាន់ច្រឡំ។ ដូច្នេះ វាជាកំហុសដែលលោកនិយាយទៅខុស ធ្វើឲ្យផ្ទុះភាពចម្រូងចម្រាស។ ចំពោះអ្នកនយោបាយគណបក្សប្រឆាំងកាណាដា បានរិះគន់លោក McCallum និងចោទថាលោកMcCallum លូកដៃជ្រៀតជ្រែកកិច្ចការតុលាការ ចំណែកឯ មន្ដ្រីបក្សប្រឆាំងទទូចឲ្យទម្លាក់លោកMcCallumចេញពីតំណែងផងដែរ។ អត្ថាធិប្បាយមិនទាន់បានប៉ុន្មានថ្ងៃផង លោកMcCallum ត្រូវបានដកតំណែងចេញភ្លាមៗ។
សូមបញ្ជាក់ថា លោកJohn McCallum អាយុ៥៩ឆ្នាំ ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតបំពេញបេសកកម្ម នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៧៕