របាយការណ៍​៖​កូរ៉េខាងជើង​​នៅតែ​គ្មាន​​ការគោរព​សិទ្ធិមនុស្ស​​តាម​ស្ដង់ដា​អន្ដរជាតិ​

26-01-2019 2:19 pm 1430
រូបភាព​ទាហានស្រីកូរ៉េខាងជើង

​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ អង្គការ​លើកលែងទោស​អន្ដរជាតិ​នៅ​ថ្ងៃទី​២៦​មករា​នេះ​បានឲ្យដឹងថា កូរ៉េខាងជើង​នៅតែ​មិន​អាចបំពេញ​តាម​លក្ខខណ្ឌ ក្នុង​ការការពារ​សិទ្ធិ​ប្រជាជន​ខ្លួន ហើយក៏​បរាជ័យ​ក្នុងការ​អនុវត្ដ​តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ របាយការណ៍​ចេញផ្សាយ​ស្របពេល​កូរ៉េខាងជើង ត្រូវបាន​កំណត់ឲ្យ​ត្រួតពិនិត្យមើល​ឡើងវិញ​ចំពោះ​លក្ខខណ្ឌ​សិទ្ធិមនុស្ស ស្ថិតក្រោម​ការឃ្លាំមើល​ពី​អង្គការសហប្រជាជាតិ​។​

​អង្គការ​លើកលែងទោស​អន្ដរជាតិ​កត់សម្គាល់ឃើញ​ថា ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ ទំនងជា​ព្យាយាម​ទាក់ទង​ជា​មួយក្រុម​អង្គការសិទ្ធិមនុស្ស​កាន់​តែ​ច្រើនជាង​មុន ក្នុង​រយៈ​បួន​ឆ្នាំកន្លងមក ប៉ុន្ដែ​គួរឲ្យ​ស្ដាយ​ដែល​កូរ៉េខាងជើង​មិនបានអ​ញ្ជើ​ញ​ប្រទេស ឬ​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ណាមួយ ទៅ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ដោយផ្ទាល់​ឡើយ​។ 

​នៅក្នុង​របាយការណ៍​អង្គការ​លើកលែងទោស​អន្ដរជាតិ​បន្ថែមថា កូរ៉េខាងជើង​បានទទួល​យក​អនុសាសន៍ ដើម្បី​ធានា​ដល់​ការសាកល្បង​ប្រព័ន្ធ​យុត្ដិធម៌​សម្រាប់​ប្រជាជន​ខ្លួន ប៉ុន្ដែ​ប្រជាជន​កូរ៉េខាងជើង​ផ្ទាល់ រួមទាំង​ភ្ញៀវ​បរទេស​នៅ​ទីនោះ នៅតែ​បន្ដ​ប្រឈមមុខ​នឹង​ការឃុំខ្លួន​ការចាប់​ដាក់ពន្ធនាគារ​។ កូរ៉េខាងជើង​នៅតែ​មិន​អាចបំពេញ​តាម​លក្ខខណ្ឌ​ស្ដង់ដា​អន្ដរជាតិ នៃ​ការគោរព​សិទ្ធិមនុស្ស​ដដែល​៕

ព័ត៌មានផ្សេងទៀត