រដ្ឋាភិបាល​សម្ពោធ​នាវា​ល្បាត​គយ​២​គ្រឿង​នៅ​ក្រុងព្រះសីហនុ​

26-01-2019 2:17 pm 1590
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​នាវា​ល្បាត​គយ​២​គ្រឿង និង​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មករា នា​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​ភាគី​ពាក់ព័ន្ធ​មួយចំនួន ...

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​លើកឡើង​ថា ការបំពាក់​នាវា​ល្បាត​គយ ចំនួន​២​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​បន្ថែមទៀត​ក្នុង​ការពង្រឹង​សមត្ថភាព​និង​ប្រសិទ្ធិភាព ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​អាច​ចូលរួម​ក្នុង​ការពង្រឹង​សន្តិសុខ​លំហរ​សមុទ្រ​កម្ពុជា​ផង​ដែរ ។​

​លោក​បញ្ជាក់ថា នាវា​ល្បាត​នី​មួយៗ​មាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា វិទ្យុទាក់ទង កែវ​យឺត និង​បរិក្ខារ​ទំនើបៗ ដែល​អាច​បម្រើ​ដល់​ប្រតិបត្តិការ​លើ​ផ្ទៃ​សមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា នេះ​គឺ​ការអនុវត្ត​តាម​កិច្ចពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ដែល​បាន​ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​កម្ពុជា ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មេសា ឆ្នាំ​២០១៨ ។​

​លោក​ថា នេះ​ជា​លើកដំបូង ដែល​អាជ្ញាធរ​គយ​ជប៉ុន បាន​ផ្តល់​ជំនួយ​ជា​នាវា​ល្បាត​គយ មាន​ទឹកប្រាក់​សរុប ៤.៥០០.០០០ ដុល្លារ​អាមេរិក ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា ។ លោក​រំពឹង​ថា ការបំពាក់​នាវា​ល្បាត​គយ​២​គ្រឿង​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការបង្ក្រាប​ការរត់​ពន្ធ​នៅ​តាម​ដែនសមុទ្រ របស់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា និង​ការគ្រប់គ្រង​ច្បាប់​នាវាចរ​នៅ​កម្ពុជា កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ថែម​ទៀត ៕

ព័ត៌មានផ្សេងទៀត