វង់ភ្លេង​យីកេ​មាន​ប្រភព​មក​ពី​ប្រទេស​ចាម តាំងពី​ក្នុង​សម័យ​កម្ពុជា​មហានគ​រ​

25-01-2019 2:06 pm 4863
  ស្តាប់
ស្តាប់ជាសំឡេង

​វង់ភ្លេង​យីកេ ជា​ប្រភេទ​វង់​ភ្លេង សម្រាប់​ប្រគំ​កំដរ ល្ខោន​យីកេ ។ ប្រភព​នៃ​វង់ភ្លេង​នេះ ត្រូវបាន​លើកឡើង​ដោយ​មតិ​ខុសៗ​គ្នា ខ្លះ​ថា​មក​ពី​ម៉ាឡេស៊ី និង​ចុងក្រោយ​គេ​ថា មកពី​ប្រទេស​ចាម ក្រោម​អំណះអំណាង​មួយចំនួនធំ តាំងពី​សម័យ​កម្ពុជា​ម​ហាន​គរ​មកម្ល៉េះ ។ វង់ភ្លេង​យីកេ មាន​ភាពទន់ភ្លន់​ដូច​វង់ភ្លេង​មហោរី​ដែរ តែ​សាច់ភ្លេង​បង្អូស​យឺតៗ ជួន​កញ្ឆក់​តាម​ចង្វាក់​ស្គរ ដែល​មាន​ចំនួន​ចាប់ពី​៣ រហូតដល់​ទៅ​១៣ ឯណោះ ។ នេះ​បើ​តាម​សៀវភៅ មរតក​តន្ត្រី​ខ្មែរ របស់​អ្នកស្រី កែវ ណា​រុំ បោះពុម្ព​ឆ្នាំ​២០០៥ ត្រង់​ទំព័រ​ទី​៥១...

​តន្ត្រី​យីកេ​សម្រាប់​កំដរ​ល្ខោន យី​កេ ដែល​ទទួល​ឥទ្ធិពល​ពី​បរទេស ។ មាន​មតិ​យល់​ខុសៗ​គ្នា​ជា​ច្រើន អំពី​ប្រភព​សិល្បៈ​នេះ​នៅលើ​ទឹកដី​ខ្មែរ ។ អ្នកខ្លះ​យល់​ថា សិល្បៈ​នេះ នាំ​ចូល​មក​ពី​ជ្វា ឬ​ម៉ាឡេស៊ី តាំងពី​ប្រទេស​ខ្មែរ​នៅ​ជា​មហានគរ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ។ តែ​មតិ​ចុងក្រោយ​បាន​ផ្តោត​ទៅលើ​ប្រភព​មក​ពី​ប្រទេស​ចាម ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា កាលពី​អតីតកាល​ផង​នោះ ។ ព្រោះ​យោល​លើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត ថ្វី​ត្បិត​ទាស់ទែង​ធ្វើសង្គ្រាម​ក្នុង​ព្រឹត្តិការណ៍​គ្រិស្ត​សករាជ ១១៧៧ ដោយ​ប្រទេស​ចាម​វាយលុក​លុយ​ក្រុង​អង្គរ និង​ព្រឹត្តិការណ៍​ទាំងឡាយ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ 

​តឹកតាង​ជា​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង ខ្មែរ​និង​ច​ម្ប៉ា ដែល​មាន​ដូចជា ៖
- ទំនាក់ទំនង​រវាង​ព្រះបាទហ្វាន់​ស៊ី​យ៉ុន និង​ប្រទេស​ចម្ប៉ា នា​ពាក់កណ្តាល​សតវត្ស​ទី​៣ ។​
- ព្រះបាទ​ឥសាន​វរ្ម័ន អំឡុង​គ្រិស្តសករាជ ៦១៥-៦៣៨ ដែល​បាន​រៀប​អភិសេក​បុត្រី​ព្រះអង្គ ព្រះនាម​សរ្វ​និ (Carvani) ជាមួយ​ព្រះអង្គម្ចាស់​មួយអង្គ​នៃ​នគរ​ចម្ប៉ា ដែល​មាន​បុត្រ​មួយ​ព្រះអង្គ ។ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​នគរ​ច​ម្ប៉ា ព្រះនាម​វិក្រ​ន្តា ។​
​មាន​តឹកតាង​ខ្លះៗ​ដែល​បង្ហាញ​ថា យីកេ​ទទួល​ឥទ្ធិពល​មក​ពី​ចាម​ដូចជា ៖
- បងប្អូន​ចាម​សព្វថ្ងៃ ប្រើ​ស្គរ​យីកេ​សម្រាប់​ពិធី​មង្គល និង​ក្នុង​ពិធី​សាសនា ។​
- បងប្អូន​ចាម​អង្គុយ​ដំកង់​ជា​រង្វង់​មូល វាយ​ស្គរ​យីកេ​សូត្រធម៌ ដូចគ្នា​ទៅ​នឹង​យីកេ​កាលពីមុន គេ​សម្តែង​ឱ្យ​មនុស្ស​មើល​បាន​ពី​គ្រប់​ជ្រុង ។​
- បទ​សូត្រធម៌​របស់​បងប្អូន​ជនជាតិ​ចាម​មួយចំនួន គឺ​ជា​បទ​ចម្រៀង​ដែល​សិល្បៈ​យីកេ​ខ្មែរ មានប្រើ​រហូត​ដល់​សព្វ​ថ្ងៃ ដូចជា បទ​ម៉ា​រីយឹង​ជាដើម ។​

​ក្នុង​ពិធី​ហែ​ក្បួន​ព្យុហយាត្រា​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​សៀមរាប​អង្គរ ក្នុង​សម័យ​សង្គមរាស្ត្រនិយម គេ​ឃើញ​មាន​បងប្អូន​ជនជាតិ​ចាម​ចូលរួម ដោយ​ប្រើ​ស្គរ​យីកេ ចំនួន​ពី​៤០ ទៅ​៦០ និង​មាន​ច្រៀង​បទ សាម​សេ ។​
​ហេតុដូច្នេះ​ហើយ បាន​ជា​ល្ខោន​នេះ មាន​របៀប​តែង​តួ​ខ្លះ ក្បាច់​ខ្លះ និង​ជា​ពិសេស ទំនុកច្រៀង​ពុំមែន​ជា​សម្តី​របស់​ខ្មែរ ។ យីកេ​នេះ ប្រហែល​ចម្លង​ចូលមក​ក្នុង​ស្រុក​ខ្មែរ​ជា​យូរ​មក​ហើយ ។ ខ្មែរ​បាន​ច្នៃប្រឌិត ទៅតាម​និស្ស័យ​របស់ខ្លួន ។ សូមបញ្ជាក់​ថា ជនជាតិ​ថៃ ដែល​មាន​ទីតាំង​ដើម​នៅ​ឯ​តំបន់​យូ​ណា​ម ក៏​បាន​ទទួល​ឥទ្ធិពល​នៃ​ឈ្មោះ​ល្ខោន​នេះ​ផងដែរ បន្ទាប់​ពី​ប្រទេស​នេះ បាន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ​មួយ នៅ​សតវត្ស​ទី​១៤ នៃ​គ្រិស្តសករាជ ។ ប៉ុន្តែ ទម្រង់​សម្តែង​មិន​ដូច​ល្ខោន​យីកេ​ខ្មែរ​ទេ ។​

​តន្ត្រី​យីកេ មាន​ភាពទន់ភ្លន់ ដូច​តន្ត្រី​មហោរី​ដែរ តែ​សាច់ភ្លេង​បង្អូស​ល្វត​ល្វន់​យឺតៗ ឬ​ជួនកាល​កញ្ឆក់ៗ ដូច​កាយវិការ​របស់​សិល្បករ​រាំ​កញ្ឆក់​ខ្វិតៗ តាម​ចង្វាក់​ស្គរ ។​
​តន្ត្រី​យីកេ សំបូរ​ទៅដោយ​ស្គរ មាន​យ៉ាងតិច​ពី​៣​រហូតដល់​ទៅ​១៣ ហើយ​មាន​ទ្រ​តែមួយ​ប៉ុណ្ណោះ ជា​អ្នក​ជួយ​កំដរ​លេង​ចេញ​ជា​សាច់​បទ ។ ក្នុងចំណោម​ស្គរ​ទាំងនោះ មាន​ស្គរ​មួយ​ធំ​ជាងគេ​ក្រៅពីនោះ មាន​ទំហំ​ធំ​តូច​ទៅ​តាម​លំដាប់លំដោយ ។ 

​ការឯកភាព​របស់​សិល្បៈ​នេះ ស្ថិតនៅ​លើ​អ្នកចម្រៀង​ម្នាក់ ដែលជា​អ្នក​ចាត់ចែង​ដឹកនាំ​រឿង​ពោល គឺ​គាត់​ដឹកនាំ​ការសម្តែង​ដោយ​ច្រៀង ពោល និង​មាន​ស្គរធំ​ហៅថា «​ស្គរ​ជ័យ​» ជា​អ្នក​កាត់​ឆាក ដើម្បី​ចូល​ទៅក្នុង​សាច់​រឿង​ថ្មី ឬ​ចំពោះ​សិល្បករ​ណា​ដែល​ភ្លេចខ្លួន​យូរពេក ក្នុង​ការ​ចេញ​មក​សម្តែង ៕

ព័ត៌មានផ្សេងទៀត