អង្គការសិទ្ធិមនុស្ស​​កង្វល់​ការប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​ដីធ្លី​​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​

25-01-2019 12:59 pm 1252
  ស្តាប់
ស្តាប់ជាសំឡេង

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា ខ្លួន​កំពុងធ្វើការ​តាមដាន​ដោយ​ក្តីកង្វល់​អំពី​ស្ថានការណ៍​នៅ​ឃុំ​បិត​ត្រាង ខេត្ត​ព្រះសីហនុ ដែល​បានទទួល​សេចក្តីរាយការណ៍​មក​ថា កងកម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​អាវុធ ជា​ការតបត​ទៅនឹង​ក្រុមអ្នកតវ៉ា​។ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ថា មាន​របាយការណ៍​មិនទាន់​បានបញ្ជាក់​អះអាងថា មាន​មនុស្ស​រងរបួស​ទេ​។ 

​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយ​នេះ បាន​បញ្ជាក់ថា ច្បាប់​សិទិ្ធមនុស្ស​អន្តរ​ជាតិ​ចែងថា មន្ត្រី​ប្រតិបត្តិ​ច្បាប់​អាច​ប្រើប្រាស់​កម្លាំង និង​អាវុធ​បាន លុះត្រាតែ​ជា​វិធានការ​ចុងក្រោយ​បំផុត ហើយ​ប្រើ​បានតែ​ក្នុងករណី​ដែលមាន​ការគំរាមកំហែង​ភ្លាមៗ​ដល់​អាយុជីវិត ឬ​បង្ករ​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​មានទំនាស់​ដីធ្លី​រាប់រយ​នាក់​មកពី​ភូមិ​គគីរ ស្ថិតក្នុង​ឃុំ​បិត​ត្រាង បាននាំគ្នា​ពង្រាយ​កង់ឡាន​ដុត​បិទផ្លូវ​នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ខណៈដែល​កម្លាំងចម្រុះរ​បស់​អាជ្ញាធរ​រាប់រយ​នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង ខែល គ្រឿងចក្រ រួមទាំង​ឡានទឹក​ផង ត្រូវបាន​ដាក់ពង្រាយ និង​ត្រៀម​ទប់ទល់​នឹង​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ប្រឆាំង​ការចុះអនុវត្ត​សាលដីកា​វាស់វែង​ដីធ្លី​ឲ្យ​ឧកញ៉ា​ស៊ីវ គង់​ទ្រី​វ និង​ភរិយា​ឈ្មោះ​ហុង សួន នៅ​ចំណុច​ភូមិ​គគីរ​។​

​យ៉ាងណាមិញ​សម្រាប់​ហេតុការណ៍​ខាងលើនេះ ត្រូវបាន​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី​ជាប សុធា​រី ដែល​ចុះ​ឃ្លាំមើល​ករណីនេះ បាន​ប្រាប់​សារព័ត៌មាន VOD ថា ក្នុង ហេតុការណ៍​នោះ ក្រុម​អ្នកភូមិ​បាននាំគ្នា​ដុត​កង់ឡាន​បិទផ្លូវ មានការ​គប់​ដុំថ្ម ដប​សាំង​ផងដែរ ហើយ​ក្រោយ​ប្រឈមមុខ​ដាក់គ្នា​ជាច្រើន​ម៉ោង រវាង​សមត្ថកិច្ច​និងអ្នក​តវ៉ា រហូត​ធ្វើ​មាន​ការផ្ទុះអាវុធ​ជាច្រើន​គ្រាប់ និង​ចាប់​ពលរដ្ឋ ៦​នាក់ រួមទាំង​សម្ភារៈ​មួយចំនួន​ផងដែរ​។​

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស អះអាងថា យ៉ាងហោចណាស់​ពលរដ្ឋ​ម្នាក់ បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ក្រោយ​ប៉ះទង្គិច​គ្នា​ក្នុង​ការតវ៉ា​ដុត​កង់ឡាន​ប្រ​ប្រឆាំង​នឹងក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត