ក្រសួង​វប្បធម៌​​ត្រៀម​ដាក់​តម្បាញ​សូត្រ​ និង​គ្រឿង​​ចម្លាក់​ ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​​អរូបី​​

25-01-2019 10:48 am 931
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី​ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា ក្រសួង​ក៏​កំពុងតែ​រៀបចំ​ចងក្រង​ឯកសារ​មួយចំនួនទៀត ដើម្បី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី​បន្ថែម ដូចជា​តម្បាញ​សូត្រ និង​គ្រឿង​ចម្លាក់​ជាដើម ដើម្បី​ថែរក្សា ការពារ​សម្បត្ដិ​វប្បធម៌​របស់​ជាតិ​ឱ្យបាន​គង់វង្ស​។​អះអាង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​វិស័យ​វប្បធម៌​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការ ងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២៤ មករា​។​

​ក្រៅពី​អះអាង​ពី​ការរៀបចំ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី​នៃ​សិប្បកម្ម តម្បាញ​សូត្រ និង​គ្រឿង​ចម្លាក់ នេះ លោកស្រី បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ ក្រសួង​នឹង​បន្ដ​ការងារ​អភិរក្ស ដោយ​ពិនិត្យមើល​ប្រាសាទ ដែល​ទទួលរង​នូវ​ហានិភ័យ ប្រាសាទបុរាណ​នានា​ដែលមាន​ការខូចខាត និង​វត្ដ​អារាម​ជាដើម ដែល​កំពុងតែ​ស្ថិតក្នុង​បញ្ជី​ហានិភ័យ​។​

​រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ជា សុផារ៉ា ដែល​ធ្វើជា​អធិបតី ក្នង​សន្និបាត ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ រៀបចំ​ការធ្វើ​បញ្ជី​បេតិកភណ្ឌ និង​ការធ្វើ​ផែនទី​កំណត់​ធនធាន​វប្បធម៌​ឱ្យបាន​ច្បាស់លាស់​នៅ​ទូទាំងប្រទេស ដើម្បី​ធានា​ការថែរក្សា ការពារ​សម្បត្ដិ​វប្បធម៌​របស់​ជាតិ​ឱ្យមាន​សុវត្ថិភាព និង​និរន្ដរភាព​។​

​លោក​ថា ការរៀបចំ​ផែនការ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កំណត់​ដឹង​អំពី​សក្ដានុពល​វប្បធម៌​របស់​ជាតិ ព្រមទាំង​ជា​មូលដ្ឋាន ឯកសារ​យ៉ាងរឹងមាំ​សម្រាប់​ការចុះ បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​មនុស្សជាតិ ជាពិសេស អាច​ទាមទារ​មកវិញ​នូវ​វត្ថុ​បុរាណ​ដែល​ត្រូវ បាន​លួច ឬ​ការធ្វើ​ចរាចរ​ដោយ​ខុសច្បាប់​។​

​លោក​ជា សុផារ៉ា ក៏បាន​អំពាវនាវ​ឱ្យ​កូន​ខ្មែរ ទាំងអស់ ត្រូវ​ស្រលាញ់ និង​ចូលរួម​ថែរក្សា​ការពារ និង​លើកតម្កើង​បេតិកភណ្ឌ​វប្បធម៌ តម្លៃ វប្បធម៌​ជាតិ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា និង​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​របស់ ជាតិ​តាមរយៈ​ទិវា​វប្បធម៌​ជាតិ មហោស្រព​ភាពយន្ដ មហោស្រព​បង្ហោះ​ខ្លែង​ខ្មែរ ការរៀបចំ ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ និង​ការប្រឡងប្រជែង​ស្នាដៃ​នានា​ដូចជា​ការសម្ដែង ការនិពន្ធ​រឿង និង​កំណាព្យ​ដោយ​ត្រូវធ្វើ​ការអភិរក្ស​តាម​ក្បួនខ្នាត​ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក​ឱ្យ​៕

ព័ត៌មានផ្សេងទៀត