ខ្មោច​​អតីត​​បក្សប្រឆាំង​​បន្ត​តាម​​លងបន្លាច​​ការដឹក​​នាំ​បក្ស​​ប្រជា​ជន​​

24-01-2019 3:19 pm 4718
  ស្តាប់
ស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
ស្តាប់ជាសំឡេង

​គណបក្ស​សង្គ្រោះ​ជាតិ ជា​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​តុលាការ​កំពូល​កម្ពុជា ប្រកាស​រំលាយ​នៅ​ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ​២០១៧​។ ទោះជា​គណបក្ស​នេះ រំលាយ​បាន​ជាង​១​ឆ្នាំ​ក្តី តែ​ទំនាស់​នយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​កើតមាន​ជា​លំដាប់​។ ទំនាស់​នេះ មិនបាន​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន ដឹកនាំ និង អភិវឌ្ឍ​ប្រទេស បាន​ស្រួលបួល​នោះទេ ដោយសារតែ​មាន​សម្ពាធ​ពី​អន្តរជាតិ តាមរយៈ​ចលនា​ខ្មោច​បក្ស​សង្គ្រោះ​ជាតិ​។ ដោយ គួន សំបូរ​

​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ រហូតមកដល់​ពេលបច្ចុប្បន្ន គេ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ បើកផ្លូវ​ឱ្យ​បក្សប្រឆាំង​មួយ​នេះ អាច​ចូលរួម​ធ្វើ​នយោបាយ​នៅ​កម្ពុជា​សាជាថ្មី​បានឡើយ​។ ផ្ទុយទៅវិញ សង្គ្រាម​ប៉ាកកា ពាក្យសម្តី រវាង​គណបក្សកាន់អំណាច និង ក្រុម​ប្រឆាំង ចេះតែ​បន្ត​កើតមាន​ជា​លំដាប់​។​

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ ហាក់​មិន​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើតឡើង​ដោយ លោក សម រង្ស៊ី និង លោក កឹម សុខា អាច​រស់​ឡើងវិញ​ទេ ដោយ​បារម្ភ​ខ្លាច អតីត​បក្ស​នេះ មក​រារាំង​ដល់​ដំណើរការ​កាន់អំណាចរ​បស់​ខ្លួន តាមរយៈ​យុទ្ធសាស្ត្រ​នានា​។ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី​យូរ​ឆ្នាំ បាន​បញ្ជាក់ថា «​ខ្មោច​បាន​ស្លាប់​ហើយ គឺ​មិនអាច​រស់​ឡើងវិញ​បានទេ​»​។ គោលបំណង​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច គឺ​ចង់ឱ្យ​ក្រុម​អតីត​បក្សប្រឆាំង ទៅ​បង្កើត​បក្ស​ថ្មី​ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ម្លោះ​ហើយ​បានជា​គេ​ឃើញ​មាន ចលនា​ថ្មី​មួយ​ចេញពី​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ គាំ លោក​ជា​មនុស្ស​ជំនិត​របស់លោក សម រង្ស៊ី​។ លោក គង់ គាំ ត្រូវបាន​លោក ហ៊ុន សែន ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ តាមច្បាប់​គណបក្សនយោបាយ​ថ្មី ហើយ​លោក​បាន​ចេញមុខ​គាំទ្រ​កូនប្រុស​ពៅ​លោក គឺ​លោក គង់ ម៉ូ​នី​កា ឱ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះថា គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​លោក​ក្លាយជា​ទីប្រឹក្សា​ឱ្យ​គណបក្ស​នេះ ដូច​អ្វីដែល​លោក​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។​

​សម្រាប់​ក្រុម​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ដែល​កំពុង​រត់​ភាសខ្លួន​នៅ​ក្រៅប្រទេស ជំហ​របស់​ពួកគេ មិន​ចង់ឱ្យ​បង្កើត​គណបក្ស​ថ្មី ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ តាម​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់អំណាច​ទេ​។ ក្រុមប្រឆាំង​មាន​យុទ្ធសាស្ត្រ​ឱ្យ​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមតែ​អាច​ធ្វើទៅបាន ទោះបី​វិធីសាស្ត្រ​នោះ​ធ្វើឱ្យ​បង់​ដល់​ប្រយោជន៍​ជាតិ​ក្តី​។​ក្រុមប្រឆាំង​យល់ថា មានតែ​ផ្លូវ​នេះ​មួយគត់​ដែល​អាចឱ្យ​បក្ស​ខ្លួន​អាច​រស់​ឡើងវិញ​បាន​។​

​ដូច្នេះហើយ​បានជា ក្នុង​ក្រសែភ្នែក​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​មួយចំនួន​មាន​ជាអាទិ៍ អាមេរិក និង អឺរ៉ុប តែង​សម្លឹងមើល​មក​កម្ពុជា​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ផ្លូវ​មិនល្អ ដោយហេតុថា អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ជានិច្ច​ជា​កាល ក្រុម​លោក​ប្រជាធិបតេយ្យ​ទាំងនេះ បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ផង និង អំពាវនាវ​ផង​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​បើកផ្លូវ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ថ្នាក់ដឹកនាំ​បក្ស​នេះ អាច​ចូលរួម​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​សម្ពាធ​ពី​អន្តរជាតិ​នេះ មិនបាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​អ្នកតាមដាន​ខ្លះ មើលឃើញថា  គណបក្សកាន់អំណាច​ចាស់​វស្សា ហាក់​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ពី គឺ​ទី​១ ចលនា​ក្រុមប្រឆាំង​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដែល​មិន​ពេល​ចិត្តនឹង​របៀប​ដឹកនាំ​របស់ខ្លួន ហើយ​ប្តឹង​រំលាយ​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត​។ ទី​២ សម្ពោធ​ពី​អាមេរិក និង អឺរ៉ុប ដែល​តែងតែ​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ច​កិច្ច តាមរយៈ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ជាដើម​។​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវបាន​អឺរ៉ុប​បង្កើតឡើង​នៅ​ឆ្នាំ​២០០១​។ ប្រទេស​ដែល​ទទួលបាន EBA ត្រូវគោរព​សិទ្ធិមនុស្ស និង សេរីភាព​ជា​មូលដ្ឋាន​។ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​ផលចំណេញ​ពី​ការ​រួច​ពន្ធ​ទំនិញ នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ បើ EBA ព្យួរ​កម្ពុជា​នឹង​បាន​បាត់បង់​ចំណូល​សេដ្ឋកិច្ច​របស់ខ្លួន​ប្រមាណ ៦៧៦ លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ និង​កម្លាំង​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់​។​

​វិស័យ​រោងចក្រ​កាត់ដេរ​កម្ពុជា ត្រូវគេ​រំពឹកថា អាច​នឹងមាន​ភាពវឹកវ​រ​មុនគេ ព្រោះថា ក្នុង​មួយឆ្នាំៗ​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋអាមេរិក និង អឺរ៉ុប ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ ភាគច្រើន​ជា​ទំនិញ សម្លៀកបំពាក់ អាវ​ចាក់ ស្បែកជើង ផលិតផល​ស្បែក និង ផ្លា​ស្ទិក​។​

​ជារួម​ជម្លោះ​អ្នកនយោបាយ​ខ្មែរ​ពេលបច្ចុប្បន្ន នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​។ ពលរដ្ឋ​សាមញ្ញ កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ និង ទទួលរង​ផលប៉ះពាល់​មុនគេ ព្រោះ​សព្វថ្ងៃ​ពួកគេ​ភាគច្រើន ពឹងផ្អែក​លើ​ការងារ​រោច​ក្រ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ និង ខ្លះទៀត​កំពុង​ជាប់បំណុល​នៅ​ធនាគារ​ឯកជន​ក៏មាន​។​

​តែ​យ៉ាងណា ​ជំហ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គេ​នៅ​មើលឃើញថា ដូច​មិន​ចុះ​ញ៉ម​នឹង​សម្ពាធ​ពី​អន្តរជាតិ​ទេ​។​បច្ចុប្បន្ន រដ្ឋាភិបាល​ក្រុម​ភ្នំពេញ ហាក់​កំពុង​ត្រៀម​រៀបចំខ្លួន ដើម្បី​ទប់ទល់នឹង​សម្ពោធ និង ការបិទ​បញ្ចប់ ឬ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ដោយ​ធ្វើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ការងារ​មួយចំនួន ខណៈដែល​ខ្មោច​បក្ស​សង្គ្រោះ​ជាតិ ចេះតែ​បន្ត​តាម​លងបន្លាច​ជា​រៀងរាល់ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត