លោកស្រី JIAO Yang ប្រតិភូនៃសាកលវិទ្យាល័យFudanនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍លើការអភិរក្ស និងការអភិវឌ្ឍរមណីយដ្ឋានអង្គររបស់អាជ្ញាធរអប្សរា។លោកស្រីថែមទាំងបានលើកឡើងបីចំណុចសំខាន់ៗដល់ភាគីអាជ្ញាធរជាតិអប្សរា ដើម្បីស្នើសុំធ្វើកិច្ចសហប្រតិបត្តិការទៀតផង។ នេះជាការចុះផ្សាយពីសំណាក់អាជ្ញាធរអប្សរាថ្មីៗនេះ។
ប្រតិភូនៃសាកលវិទ្យាល័យFudanនៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី JIAO Yang បានបង្ហាញចំណាប់អារម្មណ៍លើកិច្ចការអភិរក្ស និងការអភិវឌ្ឍរមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា។ នេះជាការបង្ហើបពីសំណាក់អាជ្ញាធរអប្សរាក្នុងជំនួបពិភាក្សានាថ្ងៃទី២២ មករា ឆ្នាំ២០១៩កន្លងទៅ។
ក្នុងពេលជាមួយគ្នានោះ លោកស្រីបានលើកឡើងនូវចំណុចបីសំខាន់ៗដល់ភាគីអាជ្ញាធរជាតិអប្សរា ដើម្បីស្នើសុំធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ៖ ១. បណ្តុះបណ្តាលធនធានមនុស្សលើវិស័យអភិរក្សបេតិកភណ្ឌ ២. សិក្សាស្រាវជ្រាវ ៣. វិស័យសារមន្ទីរ សំដៅលើការអភិរក្សបុរាណវត្ថុ (Cultural Relic Conservation) ដើម្បីធ្វើយ៉ាងណាបម្រើឱ្យវិស័យបេតិកភណ្ឌកាន់តែចម្រើនក្នុងទិសដៅរួមគ្នា។
ជាការឆ្លើយតប ភាគីអាជ្ញាធរជាតិអប្សរាបានសន្យាបន្តកិច្ចពិភាក្សាលើចំណុចសំខាន់ៗទាំងបីនោះជាមួយស្ថាប័នអប់រំចិនដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគតជាពិសេស លើវិស័យបណ្តុះបណ្តាលធនធានមនុស្សអភិរក្សនិងថែរក្សាបេតិកភណ្ឌផងដែរ។
សូមបញ្ជាក់ថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនលើគ្រប់វិស័យហាក់កាន់តែមានភាពស្អិតល្មួតគួរឲ្យកត់សម្គាល់។ ស្អិតល្មួត ដោយសារថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចេះតែមានជាបន្តបន្ទាប់មិនថាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងវប្បធម៌ជាដើម៕
ដោយៈប៉ា សុខេង