លោក​គង់ គាំ​៖​ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ ពេលឮ​​អាត់​សំឡេង​​លោក​កឹម សុខា​

23-01-2019 3:41 pm 2081
  ស្តាប់
លោកគង់ គាំ ក្រោយចេញពីបំភ្លឺ នៅតុលាការ
ស្តាប់ជាសំឡេង

នៅ​ក្រៅរបង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សមរង្ស៉ី ធ្លាប់ជា​មនុស្ស​ជំនិត​នឹង​លោក​សម រង្ស៉ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​បាន​ប្រាប់​ដល់​តុលាការ​ទាក់ទង​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស របស់លោក​កឹម សុខា ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ចូល​បំភ្លឺ​ជូន​ចៅក្រម​ស៊ើបសួរ ក្នុងនាម​ជា​សាក្សី នៅ​ព្រឹក​ថ្ងៃទី​២៣ មករា ឆ្នាំ​២០១៩​នេះ ទៅតាម​តែ​អ្វីដែល​លោក​បានដឹង​។ ប៉ុន្តែ​លោក​ថា លោក​មិនសូវ​ដឹង​រឿង​ច្រើន​នោះទេ​។​

​លោក​ថា លោក​ពិតជា​មាន​ការភ្ញាក់ផ្អើល នៅ​ពេលឮ​ការនិយាយ​របស់លោក​កឹម សុខា នៅក្នុង​អាត់​សំឡេង​សារភាព​អំពី​ការធ្វើការ​ជាមួយ​បរទេស​ដើម្បី ធ្វើឲ្យមាន​ការផ្លាស់ប្តូរ នៅ​កម្ពុជា​......

​សំឡេង​លោក​គង់ គាំ​៖

​លោក​គង់ គាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បាន​ដឹងអី​ជម្រាប​ហ្នឹង មិនបាន​បំភ្លៃ បំផ្លើស​ឬ​មួលបង្កាច់​អ្វី​ទេ​។ ឯ ការដាក់បន្ទុក ដោះ​បន្ទុក យ៉ាងណា ជា​តួនាទី​មេធាវី​ដើមចោទ និង​មេធាវី​ចុងចោទ ឯ​លោក​គ្រាន់តែ​ជា​សាក្សី​មិនបាន​ដាក់បន្ទុក​ទេ មិនបាន​ដោះ​បន្ទុក​ទេ គ្រាន់តែ​បំភ្លឺ ដើម្បីឱ្យ​តុលាការ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ផ្តល់​យុត្តិធម៌​ដល់ អ្នក​ដែល​ត្រូវ​ចោទ​តែប៉ុណ្ណោះ​។​

​លោក​គង់ គាំ បង្ហើប​ថា ចៅក្រម​បាន​សួរ​លោក​អំពី​ជីវិត​នយោបាយ​របស់លោក អំពី​ស្ថានភាព​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​តួនាទី​ជា​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក ព្រមទាំង​សួរ​អំពី​ទំនាក់ទំនង​របស់លោក ជាមួយ​លោក​កឹម សុខា និង លោក​សម រង្ស៉ី​។ ប៉ុន្តែ​លោក មិនបាន​បង្ហើប​អំពី​ចម្លើយ​របស់លោក​ ដែលឆ្លើយនៅ​ចំពោះមុខ​តុលាកា​រ ថា​យ៉ាងណា​នោះទេ​។ 

​សូម​រំលឹកថា លោក​គង់ គាំ កាលពី​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង​របស់លោក​កឹម សុខា ដែល​ជាប់ចោទ​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​។​

​លោក​កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ក្នុង​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ ហើយក៏​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​។ 

​ការចាប់ខ្លួន​នេះ គឺធ្វើឡើង បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ​វី​មួយ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ការ​ថ្លែង​សុ​ទ្ទរ​កថា​របស់លោក​កឹម សុខា នៅ​ក្រៅប្រទេស តាំងពី​អំឡុង​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​នោះ លោក​កឹម សុខា អះអាងថា លោក មាន​សាស្ត្រាចារ្យ និង​អ្នកជំនាញ​បរទេស​ជាដើម ជួយ​ជ្រោមជ្រែង​និង​ផ្តល់យោបល់​ដល់​លោក ដើម្បី​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។ 

​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឲ្យ​លោក​កឹម សុខា នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ក្រោម​ហេតុផល​ថា បារម្ភ​ពី​សុខភាព​របស់លោក​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់​បំរាម​យ៉ាង​តឹងតែង​ចំពោះ​លោក និង​មិនឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណ​បក្សប្រឆាំង រួមទាំង​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឡើយ​។​ការណ៍​នេះ គេ យល់ថា ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ប្តូរ​លោក​កឹម សុខា ពី​ពន្ធនាគារ យកទៅ​ឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​។ 

​អតីត​គណបក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​ចៅក្រម​ស៊ើបសួរ ទម្លាក់​បទ​ចោទ​ចេញ ហើយ​ផ្តល់​សេរីភាព​ឲ្យបាន​ពេញលេ​ញ​ជូន​លោក​កឹម សុខា ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ នៅ​លម្ហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើ​មិន​ដូច្នឹង​ទេ សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ចៀស​មិន​ផុត​ឡើយ​។ 

​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា បានអូសបន្លាយ​ជិត​មួយ​ឆ្នាំកន្លះ​ហើយ​៕


ព័ត៌មានផ្សេងទៀត