ស៊ី​រី​គំរាម​​កម្ទេច​​អាកាសយានដ្ឋាន​​ក្នុងប្រទេស​អ៊ីស្រាអែល​​បើ​UN​​មិន​ចេញ​​អន្ដរាគមន៍​

23-01-2019 1:06 pm 2058
  ស្តាប់
រូបភាព​មូលដ្ឋាន​ទ័ពអាកាស​ស៊ីរី
ស្តាប់ជាសំឡេង

​ប្រទេស​ស៊ី​រី​បាន​គំរាម​នឹង​អនុវត្ដ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន ប្រឆាំងនឹង​ការវាយប្រហារ​ពី​សំណាក់​អ៊ីស្រាអែល ហើយនឹង​វាយប្រហារ​កម្ទេច​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​Tel Aviv​របស់​អ៊ីស្រាអែល ប្រសិនបើ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មិន​អន្ដរាគមន៍​លើ​ការ​លុកលុយ​របស់​អ៊ីស្រាអែល​ទេនោះ​។ ប៉ុន្មាន​ថ្ងៃមុន​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហា​រលើ​គោលដៅ នៅក្បែរ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Damascus​របស់​ស៊ី​រី បណ្ដាលឲ្យ​ស្លាប់​ទាហាន​ស៊ីរី​បួន​នាក់ ធ្វើឲ្យប៉ះពាល់​ដល់​ជើងហោះហើរ​ដឹក​អ្នក​ដំណើរ និង​ខូចខាត​សម្ភារៈ​ផ្សេងៗ​ទៀត​ជាច្រើន​។ 

​ជាមួយនឹង​ទង្វើ​របស់​អ៊ីស្រាអែល​ដូច្នេះ មន្ដ្រីជាន់ខ្ពស់​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ លោក​Bashar al-Jaafari បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ស៊ី​រី​ពិតជា​ទ្រាំលែងបាន​ទៀតហើយ​។ លោក​លើក​ជា​សំណួ​រថា តើ​ពេលនេះ​មិន​សមស្រប​ទេ​ឬ ដែល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ត្រូវ​ចេញមុខ​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​អ៊ីស្រាអែល​? ឬមួយ​ទុកឲ្យ​ស៊ីរី​ប្រើសិទ្ធិ​ស្របច្បាប់ វាយប្រហារ​កម្ទេច​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​Tel Aviv​របស់​អ៊ីស្រាអែល​វិញ ទុកជា​ការ​សងសឹក​? លោក​សូម​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ ត្រូវតែ​អន្ដរាគមន៍​ជាបន្ទាន់​មុនពេល​ស៊ី​រី​ចាត់វិធានការ​ក្ដៅ​។ 

​បន្ថែម​លើ​នេះ លោក​Jaafari​ក៏​ចោទប្រកាន់​ប្រទេស​បារាំង អង់គ្លេស និង​អាមេរិក ជា​សមាជិក​អចិន្ដ្រៃយ៍​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ពី​ការគាំទ្រ​ឲ្យ​អ៊ីស្រាអែល​ឈ្លានពាន​ស៊ី​រី រំលោភ​លើ​ការទទួលខុសត្រូវ​របស់​ពួកគេ ក្នុង​ការថែរក្សា​សន្ដិភាព​សន្ដិសុខ​អន្ដរជាតិ ស្របតាម​ច្បាប់​អន្ដរជាតិ​។ ដោយ​មើលឃើញ​ពី​ភាពស្មោះត្រង់​តិចតួច ដែល​បណ្ដា​ប្រទេស​លោកខាងលិច​អាចជួយ​ស្វែងរក​សន្ដិភាព​សម្រាប់​ស៊ី​រី លោក​Jaafari​ក៏​បានបង្ហាញ​ពី​ផែនការ​ស្នូល​មួយ​។ នោះ​គឺ​ផែនការ​ស្ដារ​អធិបតេយ្យភាព​ដែល​ស៊ី​រី​បាត់​ទាំងអស់​មកវិញ រួមមាន​ដែនដី​អ៊ីស្រាអែល​កំពុង​កាន់កាប់​ផងដែរ​។​

​គួររម្លឹកថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​លើ​មូលដ្ឋានទ័ព​អ៊ីរ៉ង់​នៅ​ក្នុងប្រទេស​ស៊ី​រី​។ អ៊ីរ៉ង់​បញ្ជូន​ទ័ព​ទៅ​ប្រទេស​ស៊ី​រី ដើម្បី​គាំទ្រ​ប្រតិ​បត្ដិការក​ម្ចាត់​ក្រុមប្រឆាំង​។ ប៉ុន្ដែ​អ៊ីស្រាអែល​ថា វត្ដ​មាន​ទ័ព​អ៊ីរ៉ង់​នៅ​ស៊ី​រី​ជា​រឿង​ខុសច្បាប់ ហើយ​បាន​គំរាមកំហែង​ដល់​សន្ដិសុខ​អ៊ីស្រាអែល ជា​ប្រទេស​ក្បែរ​ខាង​ស៊ី​រី​៕

 ពាក្យគន្លឹះ  ស៊ីរីអ៊ីស្រាអែលUN

ព័ត៌មានផ្សេងទៀត