គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប ដែលឱ្យសម្រេចឲ្យកម្ពុជាបង់ពន្ធលើការនាំចេញអង្ករ ដោយហៅការសម្រេចនេះ ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការប្រកួតប្រជែងរបស់អង្ករខ្មែរនៅក្នុងទីផ្សារសហគមន៍អឺរ៉ុប ប៉ះពាល់លើការនាំចេញ និងតម្លៃទីផ្សារស្រូវអង្កររបស់ប្រជាជនកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២២ មករា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ក្នុងការចរចា ជាមួយសហគមន៍អឺរ៉ុបឡើងវិញ ដើម្បីទទួលបានសិទ្ធិនាំចេញអង្ករពីកម្ពុជាទៅទីផ្សារសហគមន៍អឺរ៉ុប រួចផុតពីកាតព្វកិច្ចបង់ពន្ធ។ ការបង់ពន្ធក្នុងការនាំចេញអង្កររបស់ខ្លួនទៅកាន់ផ្សារដ៏ធំមួយនេះ កម្ពុជាត្រូវខាតបង់ថវិកាប្រមាណជាង៥០លានដុល្លារ ក្នុងមួយឆ្នាំៗ និងប៉ះពាល់ដល់ជីវភាពរបស់គ្រួសារកសិករតូចតាចជាង ០១ លានគ្រួសារ។
បន្ថែមពីលើនេះ គណបក្សដែលសំបូរអ្នកជំនាញខាងវិស័យកសិកម្មមួយនេះ ក៏បានផ្តល់នូវអនុសាសន៍ ជាយុទ្ធសាស្ត្រចំនួន៩ចំណុចទៅដល់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើទីផ្សារស្រូវអង្កររបស់ខ្លួន ជាមួយបរទេស។
យុទ្ធសាស្ត្រទាំងនោះរួមមាន ១. កាត់បន្ថយតម្លៃធាតុចូលកសិកម្ម មានដូចជាជី ថ្នាំ អគ្គិសនី និងប្រេងឥន្ទនៈជាដើម។ ២. កាត់បន្ថយការប្រាក់ និងបង្កើនទុនសម្រាប់រោងម៉ាស៊ីនស្រូវ ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវ។ ៣. កាត់បន្ថយចំណាយលើការដឹកជញ្ជូន។ ៤. កាត់បន្ថយចំណាយក្រៅផ្លូវការលើការនាំចេញ។ ៥. ជួយដល់សហគមន៍ ក្នុងការរៀបចំឲ្យមានកន្លែងសម្ងួតស្រូវតាមមូលដ្ឋាន។ ៦. រាជរដ្ឋាភិបាលត្រូវប្រមូលទិញស្រូវខ្លះៗមកស្តុកទុក ដើម្បីជួយទប់កុំឲ្យតម្លៃធ្លាក់ចុះ។ ៧. រាជរដ្ឋាភិបាលត្រូវជួយវិស័យឯកជន ក្នុងការពង្រីកទីផ្សារទៅប្រទេស និងតំបន់ផ្សេងៗ។ ៨. ជួយដល់កសិករ ក្នុងការបង្កើនគុណភាពស្រូវ និងកាត់បន្ថយថ្លៃដើមផលិតតាមរយៈកម្មវិធីពូជល្អ បច្ចេកទេសកសិកម្មល្អ គ្រូកសិកម្មល្អ និងងាកមករកកសិកម្មសរីរាង្គឲ្យបានច្រើន និង៩. ពង្រីក និងពង្រឹងការងារធារាសាស្ត្រ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានបញ្ជាក់ថា ខ្លួននឹងតាមដាន ការអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងការពង្រីកឱកាសទីផ្សារជូនកសិករខ្មែរ។
លោកយ៉ង សាំងកុមារ ស្ថាបនិក និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ថា ការសម្រេចយកពន្ធពីការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបពេលនេះ មិនមែនជារឿងនយោបាយនោះទេ គឺជារឿងប្រកួតប្រជែងពាណិជ្ជកម្មសុទ្ធសាធ ហើយជារឿងដោយឡែកមួយទៀតពីករណីព្រមានដកEBA របស់អឺរ៉ុប ដោយផ្សារភ្ជាប់នឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ប៉ុន្តែលោកយ៉ង សាំងកុមារ មើលឃើញថា គ្រាន់តែរឿងយកពន្ធអង្ករមួយមុខ វាប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅហើយ ចុះទម្រាំ អឺរ៉ុបដកEBAទាំងមូល សេដ្ឋកិច្ចកម្ពុជា អាចនឹងជួបវិបត្តិធ្ងន់ធ្ងរជាងនេះ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករដ៏សំខាន់មួយរបស់ប្រទេស កម្ពុជា។ ទិន្នន័យរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញអង្ករសរុប ៦២៦ ២២៥ តោនកាលពីឆ្នាំ ២០១៨ ក្នុងចំណោមនោះសហភាពអឺរ៉ុបបានស្រូបយកប្រហែល ៤៣%នៃការនាំចេញសរុប ដែលមានចំនួន ២៦៩ ១២៧ តោន។
ការយកពន្ធអង្ករនាំចេញរបស់កម្ពុជា និងមីយ៉ាន់ម៉ា នេះ គឺនៅក្រោយនៃការតវ៉ារបស់ប្រទេសអ៊ីតាលី ដែលនាំឱ្យមានការស៊ើបអង្កេតពីគណៈកម្មការអឺរ៉ុប ពីផលប៉ះពាល់នៃការនាំចេញអង្ករប្រទេសទាំងពីរនេះ។ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់អឺរ៉ុបបង្ហាញថា កំណើនដ៏ខ្លាំងក្នុងការនាំចូលអង្ករ Indica គ្រាប់វែងពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា បានធ្វើឲ្យខូចខាតដល់ប្រទេសផលិតអង្កររបស់អឺរ៉ុប៕