គ​.​ជ​.​ប​៖​សកម្មជន​បក្សប្រឆាំង​៣​រូប​​ព្រម​បង់ប្រាក់​ពិន័យ​រឿង​​«​យុទ្ធនាការ​ម្រាមដៃ​ស្អាត​»​

22-01-2019 4:37 pm 2151
  ស្តាប់
ស្តាប់ជាសំឡេង

​គ​.​ជ​.​ប បញ្ជាក់ថា អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង​ចំនួន​៣​រូប បាន​យល់ព្រម​ចូលខ្លួន​មក​បង់ប្រាក់​ពិន័យ ក្នុង​សំណុំរឿង​ដែល​គេ​ចោទថា «​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​» រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត កាលពី​អំឡុងពេល​ឃោសនាបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ កន្លងទៅ​។

​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង​ចំនួន​៣​រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ការរារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត តាមរយៈ «​យុទ្ធនាការ​ម្រាមដៃ​ស្អាត​» ក្នុងអំឡុងពេល​មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​៦ ឆ្នាំ​២០១៨​កន្លងទៅ ដែលជា​យុទ្ធនាការ​របស់លោក​ស​ម រង្ស៊ី បាន​យល់ព្រម​ចូលខ្លួន​មក​បង់ប្រាក់​ពិន័យ តាម​លិខិត​បង្គាប់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប រួចហើយ កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប ដែល​ត្រូវ​ពិន័យ​ឱ្យ​បង់ប្រាក់​ក្នុង​ម្នាក់ៗ​នាពេល​កន្លងទៅ​នោះ​រួមមាន ទី​១. ឈ្មោះ​ជា ជីវ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១០ លាន​រៀល​។ ទី​២. ឈ្មោះ​ថោង សារឿន រស់នៅ​ភូមិ​គាស់ក្រឡ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ចំនួន​៥​លាន​រៀល និង​ទី​៣. ឈ្មោះ​គ្រ​យ គឹម​សាំង រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន​៥​លាន​រៀល​។ ប្រាក់​ពិន័យ​ទាំងអស់​ត្រូវបាន​បង់​តាមរយៈ​លោក​សួន ចំរើន ដែលជា​តំណាង​របស់​អ្នក​ទាំងបី ហើយ​ថវិកា​សរុប ២០​លាន​រៀល​នេះ ត្រូវ​បង់​ចូល​ជា​ថវិកា​របស់​រដ្ឋ​។​

​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា ការបង់ប្រាក់​ពិន័យ​នេះ ធ្វើឡើង​តាម​អំណាច​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៨ ដោយ​តម្កល់​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៨ សីហា ឆ្នាំ​២០១៨ ដែល​សម្រេច​ផ្តន្ទាទោស​បុគ្គល​ទាំង​៣​រូប​ខាងលើ​ពីបទ «​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឱ្យទៅ​បោះឆ្នោត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​» តាម​មាត្រ​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​សូមបញ្ជាក់ថា នៅក្នុង​រយៈកាល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ អ្នក​ទាំង​៣​រូប​ខាងលើនេះ ត្រូវបាន​គេ​ចោទប្រកាន់ថា បានធ្វើការ​បង្ហោះ​រូបភាព និង​សារ​មួយចំនួន ដោយ​លើក​ម្រាមដៃ ក្នុងន័យ​បំផុសបំផុល​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​។ ការចោទប្រកាន់​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់ពាក្យ​ប្តឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

ព័ត៌មានផ្សេងទៀត