រឿង​ចាកចេញ​​ពី​អឺរ៉ុប នាយករដ្ឋមន្ដ្រី​អង់គ្លេស​​សន្យា​នឹង​ចរចា​​ជាមួយ​អឺរ៉ុប​​ម្ដងទៀត​

22-01-2019 9:18 am 1137
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសពេលថ្លែងទៅកាន់សភា
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​Theresa May បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោកស្រី​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ម្ដងទៀត ដើម្បី​ពង្រឹង​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​កន្លងមក​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​សមាជិកសភា​អង់គ្លេស​ថា ជា​កិច្ចព្រមព្រៀង​គ្មាន​តម្លៃ​គ្រប់គ្រាន់​។ ការប្រកាស​របស់លោក​ស្រី​នាយករដ្ឋមន្ដ្រី ធ្វើឡើង​តែ​១០​សប្ដាហ៍​ប៉ុណ្ណោះ មុន​អង់គ្លេស​ដល់ពេល​កំណត់​ត្រូវ​ដើរ​ចេញពី​សហភាព​អឺរ៉ុប​។ កាលបរិច្ឆេទ​គឺ​នៅ​ថ្ងៃទី​២៩​ខែមីនា​ខាងមុខ​នេះហើយ​។​

​ប៉ុន្ដែ​អ្វី​ដែលជា​ក្ដីបារម្ភ​ធំ​បំផុត​របស់​លោកស្រី​May លោកស្រី​ខា្ល​ចអង់​គ្លេស​ត្រូវ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ បើ​ដូច្នេះ​មែន អង់គ្លេស​នឹង​គ្មាន​សុវត្ថិភាព​ឡើយ មិន​ថា​ផ្នែក​នយោបាយ សេដ្ឋកិច្ច សន្ដិសុខ​សង្គម​ជាដើម​។ នេះ​ជា​ដើមចម​ដែល​ធ្វើឲ្យ​លោកស្រី​ខ្នះខ្នែងច​រចាជាមួយ​អឺរ៉ុប​ជា​លើក​ទីបី ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ដែល​សមាជិកសភា​អាច​ទទួលយកបាន​។ ក្នុង​ការបោះឆ្នោត​នៅ​សភា​កាលពី​ពាក់កណ្ដាល​ខែម​ករានេះ សមាជិកភា​ភាគច្រើន​ជំ​ទាស់​នឹង​កិច្ចព្រមព្រៀង ទោះបី​លោកស្រី​នាយករដ្ឋមន្ដ្រី​ព្យាយាម​ពន្យល់​ពី​សារសំខាន់​នៃ​កិច្ចព្រមព្រៀង​ក៏ដោយ​។ ដើម្បី​បង្កើន​ទំនុកចិត្ដ​ដល់​សមាជិ​ក​សភា លោកស្រី​សន្យា​នឹង​ចរចា​ជាមួយ​អឺរ៉ុប​ម្ដងទៀត​។​

​កន្លងមក​មានមតិ​លើកឡើងថា ប្រសិន​កិច្ចព្រមព្រៀង​នៅតែ​មិន​ទទួលបាន​ការគាំ​ទ្រឲ្យ​ប្រើប្រាស់​ទៀត អង់គ្លេស​គួរតែ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប ឬ​អាច​រៀបចំ​ធ្វើ​ប្រជាមតិ​ជា​លើក​ទី​ពីរ​ក៏បាន​។ ប៉ុន្ដែ​រដ្ឋាភិបាល​លោកស្រី​May​មិន​ចង់​អនុវត្ដ​តាម​វិធីសាស្ដ្រ​នេះឡើយ ព្រោះ​អ្វីដែល​ប្រជាជន​អង់គ្លេស​បាន​សម្រេចចិត្ដ លោកស្រី​មិន​ចង់​ប្រឆាំង​ការពិត​ទេ​។ ម្យ៉ាង​លោកស្រី​បាន​ព្យាយាម​មិន​ខ្លាច​នឿយហត់ ចរចា​រក​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទម្រាំ​សម្រេចបាន ចុះបើ​លើក​ពេល​ចាកចេញ​ឬ​ត្រូវធ្វើ​ប្រជាមតិ​ម្ដងទៀត ការប្រឹងប្រែង​របស់លោក​ស្រី​ហាក់ជា​រឿង​អត់​ប្រយោជន៍​។​

​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នេះ នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​របស់​រដ្ឋាភិបាល​អង់គ្លេស មុនពេល​ដើរ​ចេញពី​អឺរ៉ុប​ទៅ​រស់នៅ​តែឯង​។ ក៏​មិនទាន់​ដឹង​ច្បាស់​ថា ការចរចា​ជាថ្មី​រវាង​លោកស្រី​Theresa May​ជាមួយ​សហភាព​អឺរ៉ុប អាច​សម្រេច​លទ្ធផល​តាម​ការចង់បាន​ឬ​យ៉ាងណាទេ​៕

ព័ត៌មានផ្សេងទៀត