ក្រសួង​បរិស្ថាន​ដាក់ចេញ​វិធានការ ៦​ចំណុច​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​

21-01-2019 3:44 pm 788
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​អំឡុង​ខែ​មេសា និង​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​កើនឡើង​ចាប់ពី​៤០​ទៅ​៤២​អង្សា​សេ ដែល​អាកាសធាតុ​ដូចនេះ អាច​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា ងាយ​ទទួលរង​នូវ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយសារ​តែ​កត្តា​ធម្មជាតិ​និង​សកម្មភាព​មនុស្ស​។​

​ដើម្បី​បង្ការ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ៦​ចំណុច ដល់​អង្គភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន អាជ្ញា​ធរមាន​សមត្ថកិច្ច រួមទាំង​សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្តន៍​ដែល​មាន​ដូចជា​៖

១.​ទប់ស្កាត់ និង​ណែនាំ​ឲ្យមាន​ការប្រុងប្រយ័​ត្ន​ខ្ពស់ ពី​ការប្រើប្រាស់​ភ្លើង ជា​មធ្យោបាយ ដើម្បី​ប្រមូល​ផល អនុផល​ព្រៃឈើ ការដុត​ព្រៃ​ស្ទាក់​ចាប់​សត្វ និង​ការដុត​វាលស្មៅ​

២.​ទប់ស្កាត់​ការកាប់​ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ក្នុង​គោលបំណង​ផ្សេងទៀត ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​បង្ក​ឲ្យមាន​ភ្លើង​ឆេះ​ព្រៃ ព្រៃ​លិច​ទឹក និង​រាលដាល​ដល់​ផ្ទះសម្បែងរ​បស់​ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការ​រង និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា នៅក្នុង និង​ជុំវិញ​តំបន់ការពារធម្មជាតិ​

៣.​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ផ្សេងៗ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​

៤.​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ អនុវត្តន៍​វិធានការ​បច្ចេកទេស​សម​ស្រប ដែល​អាច​ធានា​សុវត្ថិភាព ចំពោះ​ភ្លើងព្រៃ ដោយ​ត្រូវ​ពន្លត់ភ្លើង​ឲ្យអស់​ជាមុនសិន មុនពេល​ចាកចេញ​ពី​ទីតាំង​ប្រើប្រាស់​ភ្លើង​នោះ​

៥.​ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ សូម​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​ត្រូវ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​ចម្រុះ​រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ រួម​គ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឲ្យមាន​ប្រសិទ្ធភាព​

៦.​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ ក្នុង​ការហាមឃាត់​ចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដែល​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្តារឡើងវិញ​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​បរិស្ថាន​ក៏បាន​ក្រើនរំលឹក​ដែរ​ថា ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា ៦២ ការបង្កឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី ៤​ដែល​ត្រូវ​ផ្តន្ទាទោស និង​ផាកពិន័យ​ជា​ប្រាក់​ថែមទៀត​ផង​៕

ព័ត៌មានផ្សេងទៀត