ក្រុមហ៊ុន​ផលិត​​អាវុធ​ដ៏​ធំ​មួយ​​របស់​អាល្លឺម៉ង់​​គ្រោង​ប្ដឹង​​រដ្ឋាភិបាល​​ព្រោះ​មូលហេតុ​មួយ​

21-01-2019 2:31 pm 1077
  ស្តាប់
រូបភាពក្រុមហ៊ុននិងយន្ដហោះយោធាអាល្លឺម៉ង់
ស្តាប់ជាសំឡេង

​ទីក្រុង​ប៊ែក​ឡាំង​អាច​នឹង​ប្រឈមុខ ជាមួយ​បណ្ដឹង​ពី​ក្រុមហ៊ុន​ផលិត​អាវុធ​ដ៏​ធំ​មួយ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល ដែល​ផ្អាក​ការលក់​អាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត​។ ក្រុមហ៊ុន​ផលិត​អាវុធ Rheinmetall​របស់​អាល្លឺម៉ង់ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ មិនមែន​តែ​សម្រាប់​វិស័យ​ការពារជាតិ​អាល្លឺម៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​ក្រុមហ៊ុននាំចេញ​អាវុធ​ទៅ​ក្រៅប្រទេស​ផងដែរ​។ 

​ក្រុមហ៊ុន​Rheinmetall AG​បាន​និយាយថា ខ្លួន​អាច​នឹង​ដាក់ពាក្យ​ប្ដឹង​ទាមទារ​សំណង​ប្រឆាំងនឹង​រដ្ឋាភិបាល​សហព័ន្ធ ដែល​សំណង​មានតម្លៃ​រាប់ពាន់​លាន​អឺរ៉ូ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​លិខិត​មួយច្បាប់ ដែល​ក្រុមហ៊ុន​ដាក់​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច ដកស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាល្លឺម៉ង់​។ ក្រុមហ៊ុន​យក្ស​ផ្នែក​ឧស្សាហកម្ម​ការពារជាតិ​មួយ​នេះ​ចាត់ទុកថា ខ្លួនឯង​មាន​សិទ្ធិ​ទទួលបាន​សំណង​មកវិញ ចន្លោះពេល​ក្រុង​ប៊ែក​ឡាំង​ផ្អាក​ការនាំចេញ​សព្វាវុធ​ទៅ​អា​រ៉ាប៊ីសាអូឌីត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្ដិសុខ​អាល្លឺម៉ង់​រួចហើយនោះ​។​

​ក្រុមហ៊ុន​ក៏​បារម្ភ​ផងដែរ​ចំពោះ​ដៃគូ​វិនិយោគ​របស់ខ្លួន ព្រោះ​ប្រសិនបើ​មិនអាច​រក​ដំណោះស្រាយ​បញ្ហា​បានទេ ដៃគូ​វិនិយោគ​ទាំងនោះ​អាច​នឹង​ដាក់ពាក្យ​ប្ដឹង​ទាមទារ​សំណង​ដូចគ្នា​។ យ៉ាងណាមិញ​សំណង​ជា​ទឹកប្រាក់​ចំនួន​ប៉ុន្មាន ក្រុមហ៊ុន​មិន​បានបង្ហាញ​ឲ្យដឹង​ឡើយ គ្រាន់តែ​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រេច​ដូច្នេះ ពិតជា​ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើន​។​

​គួររម្លឹកថា កាលពី​ខែតុលា​ឆ្នាំមុន អធិការបតី​អាល្លឺម៉ង់​លោកស្រី​អែន​ជែល​ឡា មឺ​គែល​បានប្រកាសថា ប្រទេស​លោកស្រី​នឹង​ផ្អាក​រាល់​ការលក់​អាវុធ​ទៅ​អា​រ៉ាប៊ីសាអូឌីត បន្ទាប់ពី​មាន​ករណី​សម្លាប់​អ្នកកាសែត​អា​រ៉ាប៊ីសាអូឌីត លោក​ចាម៉​ល ខា​ស៊ូ​ជី នៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំប្រទេស​តួក​គី​។ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា អា​រ៉ាប៊ីសាអូឌីត​ជា​អ្នកនៅ​ពីក្រោយ ប៉ុន្ដែ​ពុំមាន​ភស្តុតាង​បង្ហាញ​ឡើយ​។ អាល្លឺម៉ង់​រួម​នឹង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ដ​លោកខាងលិ​ច​មួយចំនួន ទាមទារ​ឲ្យ​អា​រ៉ាប៊ីសាអូឌីត​បញ្ជាក់ពី​ករណីនេះ​ឲ្យ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ដាក់ទណ្ឌកម្ម​ភ្លាមៗ​។ ដោយ​ពុំទាន់​មាន​ការបកស្រាយ​ដែល​អាច​ទទួលយកបាន ទើប​អាល្លឺម៉ង់​សម្រេច​ផ្អាក​លក់​អាវុធ​ទៅ​អា​រ៉ាប៊ីសាអូឌីត​៕

ព័ត៌មានផ្សេងទៀត