កម្ពុជា នៅតែ​បន្ត​​អះអាងថា​ មិន​ដោះដូរ​​អធិបតេយ្យ​ជាតិ​ ដើម្បី​ជំនួយ​​ជាដាច់ខាត​​

21-01-2019 11:07 am 1904
  ស្តាប់
លោក​ប្រាក់ សុខុន នៅក្នុង​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ
ស្តាប់ជាសំឡេង

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ លោក​ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ របស់​កម្ពុជា បាន​ថ្លែងថា ប្រទេស​កម្ពុជា​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​ភាពលំបាក ពី​អតីតកាល​រួច​អស់ហើយ​។ 

​លោក​ប្រាក់ សុខុន បានបង្ហាញ​ការសោកស្ដាយ ទៅលើ​ការសម្រេចចិត្ដ​របស់​គណៈកម្មការ​អឺរ៉ុប នាពេល​ថ្មីៗ​នេះ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ចំពោះ​ការនាំ​ចូល​អង្ករ ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៩ ទៅកាន់​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ទាំងអស់ ហើយ​លោក បង្ហាញ​ពី​ការបារម្ភ ចំពោះ​ការប្រើប្រាស់​វិធីសាស្ដ្រ​ស្ដង់ដា​ពីរ សម្រាប់​ជ្រើសរើស​យកតែ​ចំណុច​ណា​ដែល​សមស្រប និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង​។ 

​ការអះអាង ម្តង​ហើយ​ម្តងទៀត ពី​មន្ត្រី​រដ្ឋាភិបាល រួមទាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពី​ការមិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ បរទេស​ណាមួយ គឺធ្វើឡើង​ក្រោយពេល សហគមន៍​អន្តរជាតិ ពី​សេស​សហគមន៍​អឺរ៉ុប ព្រមាន​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាលរ​បស់​លោក​ហ៊ុន សែន មិន​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ទេនោះ​។ សហភាព​អឺរ៉ុប​បញ្ជាក់ថា ការសម្រេច​ដាក់ចេញ​នូវ​វិធានការណ៍​នេះ ពីព្រោះ​តែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ មិនទាន់​ត្រូវបាន​កែប្រែ​នៅឡើយ​។ 

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មួយចំនួន​បាន​និយាយថា ការបាត់បង់​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​នេះ អាច​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​រង្គោះរង្គើ រកកល់នឹង​រលំ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់ ឲ្យបាន​ទាន់ពេលវេលា​ទេនោះ​។​

​ធនាគារពិភពលោក​ក៏បាន​ព្រមាន​កាលពី​កន្លងមក​ថា សេដ្ឋកិច្ច​កម្ពុជា ក៏​នឹងត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ​ផងដែរ ក្នុងករណី​មាន​ការសើរើ​ឡើងវិញ​នៃ​ការអនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា និង​ការធ្លាក់​ស្រុតចុះ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន ដែលជា​បង្អែក​ធំ​របស់​កម្ពុជា​។​

​ប៉ុន្តែ​ទស្សនៈកិច្ច​បន្ទាន់​មួយ​របស់លោក​ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ដើម្បី​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ និង ទេសចរណ៍​។ តែ​អ្នកវិភាគ​និយាយថា​ទីផ្សារ​ចិន នៅ​មិនទាន់​អាច​ជំនួស​អឺរ៉ុប​បានទេ ខណៈ​ចិន ក៏​ជា​ប្រទេស​នាំចេញ​ទៅកាន់​ទីផ្សា​អឺរ៉ុប​ដែរនោះ​៕

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត