កម្ពុជា​នឹង​ជួប​សហភាព​អ៊ឺរ៉ុប​ជជែក​បញ្ហា​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA​ក្រោយ​អ៊ឺរ៉ុបចាប់​ផ្ដើមយក​ពន្ធ​អង្ករ

20-01-2019 2:45 pm 3133
  ស្តាប់
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូបថត៖ ក្រសួងការបរទេស
ស្តាប់ជាសំឡេង

នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបទេស​កម្ពុជា គ្រោង​នឹង​ជួប​ទ្វេភាគី​ជាមួយ​លោកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប ដើម្បី​បកស្រាយ​អំពី​បញ្ហា​មួយចំនួន ដែល​នាំ​ឲ្យ​សហភាព​អ៊ឺរ៉ុប ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ កិច្ចប្រជុំ​នឹង​ត្រូវ​ប្រព្រឹត្តឡើង​នៅឯ​ទីក្រុង​ព្រុច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​។

​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ព្រុច​ស៊ែ​ល ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២២​។​

​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​ឲ្យដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប មាន​គោលបំណង​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ ដើម្បី​ឈានដល់​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​ប្រកបដោយ​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​។​

ក្រៅពី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន ក៏​នឹង​ជួប​ជាមួយ​លោកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ផងដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការបទេស លោក កេត សោ​ផាន់ បាន​អះអាង​ប្រាប់​សារព័ត៌មាន Fresh News ថា នៅក្នុង​ជំនួប​នោះ លោក​ប្រាក់ សុខុន នឹង​បកស្រាយ​ដល់ ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អំពី​ផែនការ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​លំហរ​នយោបាយ និង​សេរីភាព​សារព័ត៌មាន រួម​ទាំង​កិច្ចការ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​នឹង​សហជីព​ជាដើម ដើម្បី​កុំ​សហភាព​អ៊ឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពី​ប្រទេស​កម្ពុជា​។​

​គួរបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ សហភាព​អ៊ឺរ៉ុប បានចាប់ផ្ដើម​យកពន្ធ​លើ​ការ​នាំចូល​អង្ករ ពី​ប្រទេស​កម្ពុជា​ចំនួន​៣​ឆ្នាំ ដែល​ឆ្នាំ​ទី​១ ពន្ធ​មានតម្លៃ​ប្រហែល​២០០​ដុល្លារ ក្នុង​១​តោន ឆ្នាំ​ទី​២ មាន​តម្លៃ​ប្រហែល​១៧០​ដុល្លារ ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ មាន​តម្លៃ​ប្រហែល​១៤២​ដុល្លារ ក្នុង​១​តោន​។ ទន្ទឹមនឹងនេះ គណៈកម្មការ​អឺរ៉ុប កំពុងតែ​ពិចារណា​ដក​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ទំនិញ​របស់​កម្ពុជា ក្រោម​ការចោទប្រកាន់ថា កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើឱ្យ​ចុះខ្សោយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ជាដើម ។ បើសិនជា​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ថវិកា​បាន​ពី​ការ​មិន​បង់ពន្ធ​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​៕


 ពាក្យគន្លឹះ  EBAលោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត