ក្រសួង​បរិស្ថាន​បង្ហាញ ៥​ចំណុច​ក្នុង​ការគ្រប់គ្រង​កាក​សំណល់​ឲ្យមាន​ប្រសិទ្ធភាព​

20-01-2019 11:56 am 974

​ផលិតផល​ដែល​អាច​ប្រើ​បាន​តែ​មួយ​ដង ដូចជា កែវ​ក្រដាស​ឬ​ជ័រ ស្លាបព្រា​ជ័រ ចាន​ជ័រ និង​សម្ភារៈ​ផលិត​ពី​ប្លា​ស្ទិក​មួយចំនួនទៀត រួម​ទាំង​សំបក​វេច​ខ្ចប់​របស់​វា​ផង មាន​តម្រូវការ​ប្រើប្រាស់​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​ផលិតផល​ទាំងនោះ​មាន​តម្លៃថោក​និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ហើយ​ចុងក្រោយ​ក៏​ប្រែ​ក្លាយទៅជា​សំណល់​ចោល​ទៅ​ក្នុង​បរិស្ថាន​។ 

​បើ​យោង​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​ក្រសួង​បរិស្ថាន​បានឲ្យដឹង​ថា​ទាក់ទង​ទៅ​នឹង​កាកសំ​ណល់​ប្លា​ស្ទិក​ទាំង​នេះ​ដែរ អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ពី​ផលប៉ះពាល់​នៃ​កាក​សំណល់ ទាំងនោះ​ដែល​វា​អាច​គំរាមកំហែង​ចំពោះ​ជីវចម្រុះ​ក្នុង​សមុទ្រ ហើយ​នៅពេល​ដែល​សារធាតុប្លា​ស្ទិក​នោះ​សឹករេចរឹល បន្តិច​ម្តងៗ វា​អាច​បញ្ចេញ​សារធាតុ​គីមី ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ចុងក្រោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តាមរយៈ​ការបរិភោគ​សាច់ ឬ​អាហារ​សមុទ្រ​ដែលមាន​ផ្ទុក​នូវ​សារធាតុប្លា​ស្ទិក​។ 

​ដើម្បី​គ្រប់គ្រង​កាកសំណល់​ទាំង​នោះ​ឲ្យមាន​ប្រសិទ្ធភាព​ក្រសួងបរិស្ថាន បាន​បង្ហាញ​ពី​វិធីសាស្ត្រ ៥​យ៉ាង​ដែល​មាន​ដូចជា​៖

១.​ការវិនិយោគ​លើ​ការកែច្នៃ​ឡើងវិញ : ការកែច្នៃ​សំណល់​ដែល​ប្រើប្រាស់​ហើយ​ទៅ​ជា​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន តាមរយៈ​ការលើកទឹកចិត្ត​ដល់​សហគ្រាស អ្នក​ផលិត និង​អ្នកប្រើប្រាស់​ក្នុង​ការគាំទ្រ​និង​ផលិត​នូវ​ផលិតផល​ដែល​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​

២.​ឈប់​ផលិត ប្រើប្រាស់ និង​ទិញ នូវ​សម្ភារៈ​ណា​ដែល​ប្រើ​បាន​តែ​ម្តង​គ្មាន​ការកែច្នៃ​ឡើងវិញ : សម្រាប់​អ្នក​ប្រើប្រាស់​គួរ​ជ្រើសរើស​ផលិតផល​ណា ដែល​មាន​ស្លាក​សញ្ញា បញ្ជាក់​ពី​គោលការណ៍​កែច្នៃ​ឡើងវិញ ។​ចំពោះ​អ្នក​ចែកចាយ​បន្ត ដូចជា ភោជនីយដ្ឋាន និង​ហាង​លក់ទំនិញ ក៏​ត្រូវ​គិតគូ​ពី​ទំនិញ​ដែល​អាច​កែច្នៃ​ឡើងវិញ​ដែរ​

៣.​ផ្តោត​លើ​គុណភាព​ផលិតផល និង​ការ​រចនា​សំបក​វេច​ខ្ចប់ : អ្នក​ផលិត​របស់​ទាំងនោះ​គួរតែ​គិតគូ​ពី​គុណភាព និង​រយៈពេល​ដែល​អាច​ប្រើប្រាស់​បាន ជាជាង​ប្រើ​បាន​តែ​ម្តង​ហើយ​ត្រូវ​បោះចោល​ដែល​នាំ​ឲ្យ​ខាត​ធនធាន និង​ថាមពល​

៤.​បង្កើត​អ្វីដែល​ថ្មី​សម្រាប់​ការប្រើប្រាស់​ក្នុង​ពេល​អនាគត​តាមរយៈ ការសិក្សា​ពិសោធន៍​ពី​អតីតកាល 

៥. បង្កើត​បរិបទ​សេដ្ឋកិច្ច​ថ្មី : ដោយ​រួម​បញ្ចូល​ដំណើរការ​ផ្សេងៗ ដើម្បី​ចូលរួម​កាត់បន្ថយ​វត្ថុធាតុដើម ក្នុង​ការផលិត ជាពិសេស​ការប្រើប្រាស់​វត្ថុទាំង​នេះ​ឡើង​វិញ និង​ការកែច្នៃ​ឡើងវិញ ដោយ​ផ្តោត​លើ​ការ ច្នៃ ប្រឌិត​ផលិតផល និង​ការចូលរួម​ពី​អ្នកប្រើប្រាស់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​៕

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត