ប្រទេស​ពីរ​ចេញមុខ​មុនគេ​​គាំទ្រ​កិច្ច​ជំនួប​​លើក​ទី​ពីរ​​រវាង​លោក​គីម​​និង​លោក​ត្រាំ​

19-01-2019 2:04 pm 1047
រូបភាពលោកត្រាំ(ស្ដាំ)និងលោកគីមពេលជួបគ្នាកន្លងមក

​បន្ទាប់ពី​សេត​វិមាន​អាមេរិក បានប្រកាស​ពី​ពេលវេលា​នៃ​កិច្ច​ជំនួប​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង គ្រោង​ធ្វើ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខ ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង បាន​សម្ដែង​ការស្វាគមន៍​និង​គាំទ្រ​ជាខ្លាំង​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​លើកឡើងថា នឹង​គាំទ្រ​ជានិច្ច​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង សម្រាប់​ដំណើរការ​ឆ្ពោះទៅរក​ជំហាន​ជាក់ស្ដែង ដើម្បី​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ស្របពេល​ជាមួយគ្នា មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​វិញ ក៏​មិន​ខុសពី​កូរ៉េខាងត្បូង​ដែរ គឺ​គាំទ្រ​ជានិច្ច​រាល់​ដំណើរការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ 

​សូមបញ្ជាក់ថា ទាំង​កូរ៉េខាងត្បូង​និង​ជប៉ុន សុទ្ធតែ​ធ្លាប់​រង​ការគំរាមកំហែង​ដោយសារ​អាវុធ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង កាល​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​រំលាយចោល​។ ដ្បិត​ពេលនេះ​កូរ៉េខាងជើង​មិនបាន​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ ប៉ុន្ដែ​ប្រទេស​ក្បែរ​ខាង​កូរ៉េខាងជើង​ទាំងពីរ​នេះ នៅតែ​មិន​ស្ងប់​ក្នុងចិត្ដ​ឡើយ ហើយ​តែង​ទទូច​ឲ្យ​កូរ៉េខាងជើង បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​កាន់តែ​ឆាប់​កាន់តែ​ល្អ​៕

ព័ត៌មានផ្សេងទៀត