កិច្ច​ជំនួប​​លើក​ទី​ពីរ​​លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​នឹង​ធ្វើឡើង​​ចុង​ខែកុម្ភៈ​

19-01-2019 10:16 am 1600
  ស្តាប់
រូបភាពកាលដែលលោកគីម​និងលោកត្រាំជួបគ្នា​នៅសិង្ហបុរី
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​សេត​វិមាន​បានឲ្យដឹងថា កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន នឹង​ប្រព្រឹត្ដទៅនៅ​ចុង​ខែកុម្ភៈ​ខាងមុខ ប៉ុន្ដែ​ទីតាំង​ដែល​ត្រូវ​រៀបចំ​នឹង​ប្រកាស​នៅពេល​ក្រោយ​។ ការបង្ហាញ​កាលបរិច្ឆេទ​នៃ​កិច្ច​ជំនួប​លើក​ទី​ពីរ​នេះ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ បាន​ជួបពិភាក្សា​ជាមួយ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក​គីម យ៉ុង​ចូល ប្រមាណ​ជា​៩០​នាទី​នៅក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​។​

​លោក​ត្រាំ​និង​លោក​គីម​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក ជុំវិញ​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ សេចក្ដីថ្លែងការណ៍​ចេញ​បន្ទាប់ពី​កិច្ចប្រជុំ​បាន​ឲ្យដឹងទៀតថា លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​កិច្ច​ជំនួប​លើក​ទី​ពីរ​នេះ ហើយ​ទីតាំង​ដ៏​សមស្រប​បំផុត​មួយ​សម្រាប់​រៀបចំ គឺ​ប្រទេស​វៀតណាម​។ វៀតណាម​ក៏​បានបង្ហាញ​ពី​ឆន្ទៈ​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ដែរ ដោយ​លោក​នាយករដ្ឋមន្ដ្រី​វៀតណាម​ប្ដេជ្ញា​បើ​ធ្វើឡើង​នៅ​វៀតណាម​មែន លោក​នឹង​ព្យាយាម​ឲ្យអស់​ពីចិត្ដ​គាំទ្រ​កិច្ចប្រជុំ​។​

​គួរ​បញ្ជាក់ថា ទោះបីជា​កិច្ចប្រជុំ​លើក​ទី​ពីរ​គ្រោង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ ប៉ុន្ដែ​ចំពោះ​អាមេរិក​មិន​ផ្លាស់ប្ដូរ​គោលជំហ​រដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឡើយ​។ រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​សារព័ត៌មាន​នៅ​សេត​វិមាន​បាន​និយាយថា អាមេរិក​នឹង​បន្ដ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង លុះត្រាតែ​កូរ៉េខាងជើង​បង្ហាញឲ្យឃើញ​លទ្ធផល​នៃ​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ ពេលនេះ​កំពុងមាន​ការផ្ដោត​យកចិត្ដទុកដាក់​ថា អាមេរិក​អាច​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​នេះ ជា​ជំហាន​បន្ទាប់​ឆ្ពោះទៅរក​ការរំលាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​បាន​ឬ​យ៉ាងណា​។ 

​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហាក់​ជាប់គាំង​តាំងពី​បញ្ចប់​កិច្ច​ជំនួប​លើកទីមួយ​របស់លោក​ត្រាំ​និង​លោក​គីម នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។ កូរ៉េខាងជើង​ចង់ឲ្យ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​តែ​អាមេរិក​មិន​ព្រម​។ ហេតុនេះ​កូរ៉េខាងជើង​មិនបាន​ជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ឡើយ ផ្ទុយទៅវិញ​លោក​គីម ជុង​អ៊ុន ធ្លាប់​ព្រមាន​ចង់​វិល​ទៅ​អភិវឌ្ឍ​ឡើងវិញ​ផង​៕

ព័ត៌មានផ្សេងទៀត