ក្រសួង​២​និង​ក្រុមហ៊ុន​១​ចុះ​MOU​អនុវត្ត​គម្រោង​បំពាក់​សម្ភារៈ​បច្ចេកទេស​នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​

19-01-2019 8:14 am 703
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន Viettel (Cambodia) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ត្រីភាគី ដើម្បី​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ និង​សម្ភារៈ​បច្ចេកទេស​គាំទ្រ​ការបង្រៀន​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ...

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ការបំពាក់​បន្ទប់​កុំព្យូព័រ និង​ការបណ្តុះបណ្តាល​មុខវិជ្ជា ICT គឺ​ស្របតាម​គោលនយោបាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​គោលបំណង​ធានា​ឱ្យបាន​ថា សិស្សានុសិស្ស ដែល​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ មានចំណេះដឹង​មូលដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ បម្រើ​ការងារ និង​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្តមសិក្សា ។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែងថា ការអនុវត្ត​គម្រោង​នេះ គឺជា​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថ​ល និង​ឆ្លើយតប​នឹង​បដិវត្ត​-​ឧស្សាហកម្ម​ជំនាន់​ទី​៤ ។​

​លោក​ថា ធនធានមនុស្ស​ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ផ្នត់គំនិត​ឌីជីថល គឺជា​សសរ​ទ្រទ្រង់ ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ឌីជីថល​នេះ ។ 

​លោក ង្វៀន ថា​ន់​ញួ​ង អគ្គនាយក​ក្រុមហ៊ុន Viettel (Cambodia) ថ្លែងថា ក្រុមហ៊ុន​លោក​ប្តេជ្ញា​ថា នៅតែ​បន្ត​រក្សា​តុល្យភាព ក្នុង​ការរួមចំណែករ​វាង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​សង្គម ។​

​គូសបញ្ជាក់ថា ការបំពាក់​ឧបករណ៍​សម្ភារៈ​នៃ​គម្រោង​នេះ នឹងធ្វើ​នៅ​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​២០ ដែល​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ការជ្រើសរើស នឹង​រួចរាល់ នៅ​ក្នុងឆ្នាំនេះ ។ ចំណែកឯ​ថវិកា​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង គឺជា​ថវិកា​មូលនិធិ ស​.​អ ដែលជា​ចំណែក​វិភាគទាន​បង់​ដោយ ក្រុមហ៊ុន Viettel (Cambodia) ៕

ព័ត៌មានផ្សេងទៀត