ក្រសួង​ការងារ​ណែនាំ​ម្ចាស់​រោងចក្រ​រក្សា​ទឹកស្អាត​សម្រាប់​កម្មករ​នៅ​រដូវក្តៅ​ឆ្នាំនេះ​

18-01-2019 12:03 pm 898
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ម្ចាស់ និង​និយោជក​សហគ្រាស គ្រឹះស្ថាន​ការងារ​ទាំងអស់ ពិសេស​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ត្រូវ​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់ និង​ទឹក​ស្អាត​សម្រាប់​បរិភោគ​ឲ្យបាន​គ្រប់គ្រាន់ សម្រាប់​រដូវប្រាំង​ឆ្នាំនេះ​។​

​ការ​ចេញ​សេចក្ដីជូនដំណឹង​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដោយ​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត «​អែល​នី​ណូ​» ដោយ​ប្រយោល​។ ឥទ្ធិពល​នេះ នឹង​បង្ក​ឲ្យ​អាកាសធាតុ នៅ​កម្ពុជា​នា​រដូវប្រាំង​ឆ្នាំនេះ ពិសេស​ក្នុង​ខែ​មេសា និង​ខែឧសភា មាន​សភាព​ក្ដៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ឡើងដល់ ៤០-៤២​អង្សា មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​។ ឯ​រដូវវស្សា​ក៏​មក​ដល់​យឺត​ជាង​ឆ្នាំ​កន្លងទៅ​។​

​ក្រសួង​ការងារ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ នឹង​អនុវត្តបាន​ត្រឹមត្រូវ តាម​សេចក្តីជូនដំណឹង​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការចូលរួម​ថែរក្សា សុខភាព សុវត្ថិភាព និង​អនាម័យ ដល់​កម្មករ​កម្មការិនី នៅក្នុងពេល​បំពេញការងារ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត