អាជ្ញាធរ​ភ្នំពេញ​​កុំឱ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​​រឿង​ចល័ត​អាវុធ​​នៅ​ថ្ងៃទី​១៩មករា​​

18-01-2019 9:53 am 1060
  ស្តាប់
ស្តាប់ជាសំឡេង

​សាលា​ក្រុងភ្នំពេញ កុំឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ពេញ មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​អាវុធ និង​រថពាសដែក នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៩ ពីបញ្ជាការ​ដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​អបអរសាទរ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ចល័ត​អាវុធ និង​រថពាសដែក ពី​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​អបអរសាទរ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក​។ យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៧ ខែ​មករា បានឲ្យដឹងថា នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នឹង​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​ខួប​គម្រប់​២០​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ចល័ត​អាវុធ និង​រថពាសដែក ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ទីតាំង​ប្រារព្ធ​ពិធី ធ្វើដំណើរ​តាមផ្លូវ​ព្រែក​ហូរ មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) បន្ត​កាត់​ផ្លូវ​២១៧ (​ផ្លូវ​រោងចក្រ​កែវ​) ផ្លូវ​ព្រៃ​ស ឆ្លង​ផ្លូវជាតិ​លេខ​៤ តាមផ្លូវ​ប្រទះ​ឡាង ឆ្លងផ្លូវ​ដែកបត់​ស្តាំ​តាមផ្លូវ​បេតុង តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ផ្លូវជាតិ​លេខ​៤ បទ​ស្តាំ​ឆ្ពោះទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​តែម្តង ពេល​ចប់​ពិធី​ខួប​គម្រប់​២​ឆ្នាំ បញ្ជាការដ្ឋាន​អង្គរក្ស​នឹង​ចល័ត​អាវុធ និង​រថពាសដែក ពី​ទីតាំង​ប្រារព្ធ​ពិធី​តាមតម្រាយ​ផ្លូវ​ដដែល ចូលទៅ​បញ្ជាការដ្ឋាន​អង្គរក្ស​វិញ​។​

​នៅក្នុង​សេចក្ដីជូនដំណឹង​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូមឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ពេញ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ខាងលើ កុំឱ្យ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​អាវុធ និង​រថពាសដែក​នេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ឱ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន ពិសេស​រដ្ឋបាល​ខណ្ឌ​១២ និង​អាជ្ញា​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ នូវ​ការ​ចល័ត​អាវុធ និង​រថពាសដែក​នេះ​៕


ព័ត៌មានផ្សេងទៀត