ចិញ្ចឹមសត្វ បើ​សត្វ​អន់​ចំណី គួរ​ធ្វើ​ដូចម្តេច​?

18-01-2019 7:57 am 5764

​នា​រដូវក្តៅ អាកាសធាតុ​មិនសូវ​ល្អ សត្វ​ភាគច្រើន​អន់​ចំណី ដែល​ធ្វើឱ្យ​សត្វ​បាក់កម្លាំង​ចុះ​ទន់ខ្សោយ​ទៅ​ជា​ឈឺ ។ 

​រោគសញ្ញា ៖
- សត្វ​ចុះ​ទម្ងន់​
- សត្វ​មាន​សម្បុរ​ស្រ​អាប់​
- សត្វ​ខ្សោយ​ទ្រុឌទ្រោម​
- សត្វ​ស្ញោរៗ​

​មូលហេតុ ៖
- ចំណី​មិនសូវ​មាន​គុណភាព​
- ជំងឺឆ្លង​ផ្សេងៗ​
- ឱ្យ​សត្វ​ធ្វើការ​ហួសកម្លាំង​ពេក​
- មាន​ព្រូន​
- អាកាសធាតុ​ក្តៅ​
- ជំងឺ​ក្រពះ​
- ឱ្យ​សត្វ​ស៊ី​ចំណី​មិន​ទៀងទាត់​
- គ្រុ​នក្តៅ​

​វិធានការ​ការពារ ៖
​នៅ​រដូវក្តៅ បើ​គុណភាព​ចំណី​មិនសូវ​ល្អ យើង​គួរ​បន្ថែម​ចំណី​ដែលមាន​ជីជាតិ ដើម្បី​ឱ្យ​សត្វ​ស៊ី​ស្មៅ​បាន​ច្រើន ។ វិធី​ធ្វើ​រួមមាន 
១. យក​ផ្លែ​ស្រម៉​ទុំ​៥​គីឡូក្រាម កន្ទួត​ទុំ​៥​គីឡូក្រាម និង​អំបិល​៦​ខាំ​កិន​បញ្ចូល​គ្នា​
២. ដាក់​ផ្លែ​ដែល​កិន​ហើយ​ក្នុង​ធុង​មួយ​
៣. ចាក់​ទឹកនោមគោ​ចំនួន​១៥​លីត្រ​ចូល​បន្ថែម​
៤. ទុក​ឱ្យ​វា​ឡើង​មេ រយៈពេល​២០​ថ្ងៃ 
​នៅពេល​ដែល​វា​ឡើង​មេ​ហើយ បញ្ច្រក​ឱ្យ​សត្វ​កន្លះ​លីត្រ មួយដង​ក្នុង​១​ថ្ងៃ រហូត​ដល់​វា​ស៊ី​ស្មៅ​វិញ ។​

​វិធី​ព្យាបាល ៖
- លាយ​ទឹក​ផ្លែ​អំពិល​ទុំ​កន្លះ​គី​ឡូ និង​ផ្លែ​ស្រម៉​ស្ងួត​ចំនួន​១០​គ្រាប់ ។ បើ​សត្វ​ពេញវ័យ​បញ្ច្រក​ម្តង​ក្នុង​១​ថ្ងៃ រហូត​ដល់​វា​ស៊ី​ស្មៅ​ធម្មតា ។ ចំពោះ​សត្វ​តូច បញ្ច្រក​តែ​ចំនួន​២០០​មី​លី​លីត្រ​ទេ ។​
- លាយ​ទឹកស៊ីអ៊ីវ​១​ស្លាបព្រា​បាយ ទឹក​ប្រហែល​៥​ស្លាបព្រា​បាយ និង​ម្សៅ​កំពឹស ឬ​បង្គា​បុក ចំនួន​កន្លះ​ខាំ ឱ្យ​សត្វ​ស៊ី​ម្តង​ក្នុង​១​ថ្ងៃ រយៈពេល​៣​ថ្ងៃ ។​
- បុក​វល្លិ៍​បណ្តូល​ពេជ្រ ចំនួន​១​ខាំ និង​មើមរំដេង​១​ខាំ ហើយ​លាយ​ជាមួយ​បាយ​២​ខាំ ។ ពូត​វា​ជា​ដុំ​ល្មមៗ ហើយ​បញ្ច្រក​ឱ្យ​សត្វ​ស៊ី​មួយដង​ក្នុង​១​ថ្ងៃ រយៈពេល​៣​ថ្ងៃ ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

 ពាក្យគន្លឹះ  កសិកម្មសត្វអន់ចំណី

ព័ត៌មានផ្សេងទៀត