អគ្គនាយិកា​រង​វិទ្យាស្ថានIRRI ​សរ​សើរ​កម្ពុជា​​ក្នុង​ការផ្គត់ផ្គង់​​អង្ករ​​លើ​ទីផ្សារ​​ពិភពលោក​​

17-01-2019 4:11 pm 792
  ស្តាប់
លោកស្រី Jacqueline Hughes អគ្គនាយិកា​រង នៃ​វិទ្យាស្ថាន IRRI (រូបទី៣)
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ជាមួយ​លោក​វេង សាខុន ដើម្បី​ស្តាប់​បទ​បង្ហាញ​ពី​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​ដំណាំ​ស្រូវ ដើម្បី​រួមគ្នា​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ស្តីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ និង​គម្រោង​ពាក់ព័ន្ធ​នានា នៅ​ទីស្តីការ​វិទ្យាស្ថាន IRRI នៅ​ទីក្រុង​ឡូ​ស​បា​ណូស ខេត្ត​ឡា​ហ្គូ​ណា នៃ​សាធារណៈរដ្ឋ​ហ្វីលិពីន លោកស្រី Jacqueline Hughes អគ្គនាយិកា​រង នៃ​វិទ្យាស្ថាន IRRI​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការផ្គត់ផ្គង់​អង្ករ​ទៅ​ទីផ្សារ​ពិភពលោក និង​សាទរ​ដែល​អង្ករកម្ពុជា​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១ ក្នុង​ក្របខ័ណ្ឌ​អង្ករ​ល្អ​ជាងគេ​ពិភពលោក​ជា​លើក​ទី​៤​។ 

​ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់​ផងដែ​រថា ការកើនឡើង​នៃ​តម្រូវការ​នៃ​អង្ករ​ពី​ប្រជាជន​ទូទាំង​ពិភពលោក​ពេលនេះ ទាមទារ​ឲ្យ​វិទ្យាស្ថាន បង្កើន​សកម្មភាព​ ទាំង​ការងារ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី ទំនើប យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូរ​ពាក់ព័ន្ធ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ ស្របតាម​យន្តការ​ទំនើបកម្ម​កសិកម្ម ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​តាមរយៈ​ការសរសើរ​នេះ លោក​វេង សាខុន ជឿជាក់ថា វិទ្យាស្ថាន IRRI នឹង​បន្ត​ជួយ​ដល់​កម្ពុជា ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ខាងមុខ​។​

​ជា​លទ្ធផល​នៃ​ទស្សនកិច្ច និង​លទ្ធផល​នៃ​កិច្ចពិភាក្សា លោក​វេង សាខុន បញ្ជាក់ថា ភាគី​ទាំង​ពីរបាន​ឯកភាព​រួមគ្នា គឺ​ទី​១ រៀបចំ​ចងក្រង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​រយៈពេល ៥​ឆ្នាំ​ថ្មី ២០១៩-២០២៣ ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទី​២ បន្ត​អនុវត្ត​ផែនការ​ដំណាក់កាល​ទី​៣ នៃ​គម្រោង RIICE ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប SAR ដើម្បី​ទាញយក​ព័ត៌មាន​ពីលើ​អាកាស​នូវ​ស្ថានភាព​នៃ​ទឹកជំនន់ គ្រោះរាំងស្ងួត ល្បឿន​បង្កបង្កើនផល និង​ទិន្នផល​ដំណាំ​ស្រូវ​។ ទី​៣ កសាង​សមត្ថភាព​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដោយមាន​ការអនុវត្ត​ជាក់ស្តែង​ស្តីអំពី​ការត្រួតពិនិត្យ​គុណភាព និង​សុខភាព​គ្រាប់ពូជ និង ទី​៤ ពិនិត្យ និង​ផ្តល់យោបល់​ពាក់ព័ន្ធ​នឹង​ការនាំចេញ​អង្ករ​កម្ពុជា​ប្រកបដោយ​កលានុវត្តភាព និង​ការ​ឧត្តមភាព​៕

ព័ត៌មានផ្សេងទៀត