ទីបំផុត​សហគមន៍​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​

17-01-2019 11:05 am 969
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត សហគមន៍​អឺរ៉ុប បានសម្រេច​គិត​ពន្ធ​លើ​ការនាំ​ចូល​អង្ករ​របស់​កម្ពុជា ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៨​ប្រទេស រយៈពេល​៣​ឆ្នាំ​។  ដោយៈ​សៅ វិសាល​

​បើ​តាម​សេចក្តីប្រកាស របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៦ ខែ​មករា បានបញ្ជាក់​ថា ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​តទៅ ដោយ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន​​ជាង​២០០​ដុល្លារ​ ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​ជិត​២០០​ដុល្លារ​ ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​​ ​ប្រហែល​១៦០​ដុល្លារ​ ក្នុង​១​តោន​។​

​ការយកពន្ធ​លើ​ក​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​រកឃើញថា អង្ករ​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​អឺរ៉ុប បាន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ផលិត​អង្ករ​របស់​ពួកគេ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។​
​ទោះបីជា​មាន​ការសម្រេច​យ៉ាងនេះ ក្តី​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា អះអាងថា​អង្ករ​របស់​កម្ពុជា នៅតែ​អាច​រកបាន​ច្រក​ចេញ​ទៅ​តាម​វិធី​ផ្សេងៗ ទោះបី​លទ្ធភាព​នាំចេញ​ទៅ​អឺរ៉ុប​មិន​អាច​បាន​ចំនួន​ច្រើន​ដូច​មុន​ក្តី​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា កម្ពុជា​ពុំ​មាន​អ្វី​ទើសទាល់​ទេ ចំពោះ​ការយកពន្ធ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​។ លោក​ថា​កម្ពុជា​ក៏​អាចមាន​លទ្ធភាព​ក្នុង​ការចាត់ចែង​បង់ពន្ធ​បាន​។ ម្យ៉ាង​កម្ពុជា​ក៏​មិន​ចង់​នៅតែ​ជា​ប្រទេស​មួយ​ដែល​ត្រូវបាន​គេ​ចិញ្ចឹម​រហូត​នោះ​ទេ​។

​សំឡេង

​សូមបញ្ជាក់​ថា ក្រៅ​ពី​កម្ពុជា មី​យ៉ាន់​ម៉ា ក៏​ជា​ប្រទេស​ដែល​ត្រូវបាន​គណៈកម្មការ​អឺរ៉ុប សម្រេច​គិត​ពន្ធ​លើ​ការនាំចេញ​អង្ករ ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​៣​ឆ្នាំ​ដូចគ្នា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត