លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងប៉ាណា ខេត្តយូណាន ប្រទេសចិន ចង់ឱ្យមានការហោះហើរត្រង់ពីខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងស៊ីសងប៉ាណា ប្រទេសចិន ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក និងលោកទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមករា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAKP...
លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងប៉ាណា ខេត្តយូណាន ប្រទេសចិន បានលើកឡើងថា ការឱ្យមានជើងហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសងប៉ាណា គឺជាការល្អបំផុតសម្រាប់ជំរុញលើវិស័យទេចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ។
លោកបន្តថា ទីក្រុងស៊ីសងប៉ាណា ជាទីក្រុងមួយដែលធំជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក៏ជាទីក្រុងដ៏ធំផ្នែកកសិកម្មលើដំណាំតែ និងចេក ។ ផលិតផលតែ និងចេក បាននាំឱ្យទីក្រុងស៊ីសងប៉ាណា ទទួលបានភ្ញៀវទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ ។
ក្រៅពីចង់ឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ លោកអភិបាលក្រុង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរនិស្សិតទៅសិក្សាទៅវិញទៅមកផងដែរ ។
ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែមករានេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងស៊ីសងប៉ាណា និងខេត្តសៀមរាប ដោយផ្តោតលើការលើកកម្ពស់ ការផ្លាស់ប្តូរនិស្សិត និងយល់ព្រមលើការរៀបចំឱ្យមានការហោះហើរត្រង់ រវាងទីក្រុងស៊ីសងប៉ាណា និងខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលទេសចរ ស៊ីសងប៉ាណា-សៀមរាប ជារៀងរាល់ឆ្នាំ ។
ក្នុងនោះ ក៏ជំរុញដល់រដ្ឋបាលខេត្តសៀមរាប និងទីក្រុងស៊ីសងប៉ាណា ដើម្បីបន្តសហការរួមគ្នា ដោយស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព នៃប្រទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ ៕