វិល​ចូល​ឆាកនយោបាយ​ជាថ្មី លោក​គង់ គាំ​ប្តេជ្ញា​តស៊ូ​លុះ​ដង្ហើមចុងក្រោយ​

17-01-2019 10:20 am 8686
លោកគង់ គាំ

​លោក​គង់ គាំ​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ធ្លាប់ជា​មនុស្ស​ជំនិត​របស់លោក​សម រង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនយោបាយ​ចាស់វស្សា​រូបនេះ បានប្រកាស​ចាកចេញ​ពី​ទ្រនុំ​ចាស់​បាក់បែក ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​អំណាចតុលាការ ហើយ​រូបលោក​ផ្ទាល់ និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​នាក់​ផ្សេងទៀត ត្រូវ​តុលាការ​កំពូល ដាក់​បម្រាប រារាំង​មិន​ឲ្យធ្វើ​នយោបាយ​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​យ៉ាងណាក៏ដោយ លោក​គង់ គាំ​និង​កូនប្រុស​ឈ្មោះ​គង់ បូរ៉ា ដែលជា​អតីត​អ្នកតំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ ធ្វើ​នយោបាយ​ឡើង​វិញមុនគេ ក្នុងចំណោម​មន្ត្រី​ដែល​ជាប់​បម្រាបឯ​ទៀត​។ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី​បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​សិទ្ធិឲ្យ​ឪពុក​-​កូន​ទាំងពីរ អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​គង់ គាំ​នឹង​ចូលទៅ​រួមរស់​ស្របច្បាប់ ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​កូនប្រុស​បង្កើត​របស់លោក គឺ​លោក​គង់ ម៉ូ​នី​កា​ជា​ប្រធាន​។ តួនាទី ដែល​លោក​ប្រាថ្នា​ចង់បាន​នៅក្នុង​ទ្រនុំ​បក្ស​ថ្មី​នេះ គឺ ទីប្រឹក្សា​ជាន់ខ្ពស់ តែ​យ៉ាងណា​តួនាទី​ផ្លូវការ នឹង​ប្រកាស​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ដ្បិត​មាន​វ័យ​៧៧​ឈានចូល​៧៨​ឆ្នាំ​ហើយ​ក៏ដោយ ប៉ុន្តែ​លោក​គង់ គាំ​ហាក់​មិន​នឿយណាយ​នៅក្នុង​ការ​ប្រឡូក​ក្នុង​សកម្មភាព នយោបាយ ដែលមាន​និន្នាការ​ប្រឆាំង​ឡើយ​។ ពោល លោក​ប្តេជ្ញា​ចូលរួម​ប្រកួតប្រជែង​យ៉ាង​ខ្លៀវក្លា ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន លុះ​ដង្ហើមចុងក្រោយ​។ 

​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​អ៊ុន សុខ​ឡា​និង​លោក​គង់ គាំ​អតីត​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

 


ព័ត៌មានផ្សេងទៀត