ចិន ប្រាប់​ពី​មូលហេតុ​​ដែល​អ្នកវិនិយោគ​​ចិន​​មក​បណ្តាក់ទុន​​នៅ​កម្ពុជា​ច្រើន​

17-01-2019 10:13 am 951
  ស្តាប់
ស្តាប់ជាសំឡេង

​បច្ចុប្បន្ននេះ​កំណើន​វិនិយោគិន​ចិន​បាននិងកំពុង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​យ៉ាងច្រើន បើ​ធៀប​នឹង​វិនិយោគិន ប្រទេស​ដទៃទៀត ហើយ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ចលករ​មួយ​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​។​ការវិនិយោគ របស់​និយោ​គិន​ចិន ភាគច្រើន​គឺពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី និង​សំណង់​។​ហេតុអ្វី បានជា​អ្នក​វិនិយោគិន​ចិន មក​បណ្តាក់ទុន​រកស៊ី នៅ​កម្ពុជា​ច្រើន​? 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១៦ មករា នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​លើកឡើងថា កំណើន​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​ច្រើន​នៅ​កម្ពុជា ដោយសារ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន និង​កម្ពុជា មាន​ភាពរឹងមាំ និង​រីកចម្រើន​។ លោក​ថា ក្នុងនោះ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ក៏​ជា​កត្តា​ដែល​ជំរុញ​កំណើន​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា បូករួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​មាន​ភាពរឹងមាំ​ល្អ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ស្រូប​ទាញ​បាន​អ្នកវិនិយោគ​ចិន​មក​បណ្តាក់​ទុក​នៅ​កម្ពុជា ដ៏​ច្រើន​បែបនេះ​។​

​មួយវិញទៀត លោក​ថា បរិយាកាស និង​គោលនយោបាយ​របស់​កម្ពុ​ជា​ល្អ ជា​កត្តា​រួមផ្សំ​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ចិន មាន​ទំនុកចិត្ត​។ ការបង្កើន​ការវិនិយោគ​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា គឺជា​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ 

​លោក Wang wentian អះអាងថា តាមរយៈ​​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា កាន់តែច្រើន​នេះ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កា​ន់​តែមាន​ការរីកចម្រើន និង​បង្កើន​ឱកាស ការងារ​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​។​
​សូមបញ្ជាក់ថា ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទីមួយ​នៃ​វិយោគិន​ចិន ដែល​ក្រៅពី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សំណង់ ដីធ្លី ក៏មាន​មួយចំនួន​ផ្សេងទៀត​កំពុងតែ​ប្រកប​អាជីវកម្ម​ខ្នាតតូច ដូចជា លក់​គ្រឿងទេស លក់​គ្រឿងសំណង់ ម្ហូបអាហារ និង​អាហា​រដ្ឋា​ន​ជាដើម​។ ប៉ុន្តែ​នេះ ក៏​អាចជា​ហានិភ័យ​មួយ ដែល​ធ្វើឲ្យប៉ះពាល់ ដល់​មុខរបរ​រកស៊ី​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែ​រដែរ​។​

​អ្នកជំនាញ​មើលឃើញថា មូលហេតុ​ដែល​ចិន​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ គឺ​ដោយសារ ខេត្ត​នេះ មាន​ភូមិសាស្ត្រ​អំណោយផល​ល្អ ក្នុង​ដឹក​ជញ្ចូន​ផ្លូវទឹកដ៏​មាន​សក្តានុព​ល នូវ​វត្ថុធាតុដើម​ទៅ​ចិន និង​ត្រឡប់មកវិញ​នូវ​ផលិតផល​សម្រេច​លើ​ទីផ្សារ​អាស៊ី និង​តំបន់​អឺរ៉ុប​។​

​ប៉ុន្តែ​រឿ​គួរឲ្យ​បារម្ភ​មួយទៀត ឃើញថា ជនជាតិ​ចិនមួយចំនួន​នៅ​កម្ពុជា កំពុង​បង្ក​អសន្តិសុខ គួរឲ្យកត់សម្គាល់ ដែល​ករណីនេះ ទាមទារ​ឲ្យ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់ ឲ្ប​បាន​ខ្ពស់បំផុត ដើម្បី​រក្សា​សណ្តាប់ធ្នាប់​របៀប​រា​រយ​៕

 ពាក្យគន្លឹះ  វិនិយោគិនចិន

ព័ត៌មានផ្សេងទៀត